website_news:2022210103

គម្រោង RIGHT-TO-WORK រួមចំណែកជួយលើកកម្ពស់ពលករចំណាកស្រុកដែលមានជំនាញទាប បានប្រកាសបិទគម្រោងជាផ្លូវការ ក្នុងឆ្នាំ២០២២នេះ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២

(ភ្នំពេញ)៖ គម្រោង RIGHT-TO-WORK ក្រោមជំនួយរបស់សហគមន៍អឹរ៉ុប ដោយសហការអនុវត្តដោយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (ជ. ច. ក. ស.) និងអង្គការវីវើល (WeWorld) នៅក្នុងខេត្តសៀមរាប និងកំពង់ចាម បានប្រកាសបិទសកម្មភាពលើកកម្ពស់ការយល់ដឹង និងការការពារសិទ្ធិការងារដល់ពលករចំណាកស្រុកដែលមានជំនាញទាបរបស់ខ្លួន ក្រោមអធិបតីភាពរបស់ រដ្ឋលេខាធិការក្រសួងការងារ និងវិជ្ជាជីវៈ ឯកឧត្តម ហ៊ួ វុឌ្ឍី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះដែរ ក៏មានការចូលរួមពីសំណាក់ លោក Andrea Cefis តំណាងប្រចាំប្រទេសអង្គការ វីវើល និងលោក មុំ សុខចារ នាយកអង្គការ ជ. ច. ក. ស. ក៏ដូចជាតំណាងសហគមន៍ សហជីព អង្គការជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដៃគូឯកជនសរុបប្រមាណ ៧០នាក់។ ការប្រកាសបិទគម្រោងជាផ្លូវការនេះ ដែលអនុវត្តតាំងពីឆ្នាំ២០១៩ ត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ នាសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

រដ្ឋលេខាធិការក្រសួងការងារ និងវិជ្ជាជីវៈ ឯកឧត្តម ហ៊ួ វុឌ្ឍី ក្នុងឱកាសនោះ បានមានប្រសាសន៍ថា៖ «ក្រសួងបានបង្កើតនូវច្រកព័ត៌មាននានា ដើម្បីជួយឱ្យពលករដែលចង់ចំណាកស្រុកទៅធ្វើការនៅប្រទេសដទៃចេះ ពិចារណា និងគិតគូរ មុននឹងសម្រេចចិត្តចេញទៅ។ គម្រោង RIGHT-TO-WORKនេះ បានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យ តាមរយៈការស្រាវជ្រាវ និងសិក្សាព័ត៌មានច្បាស់ការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ មិនថា សហគម និងអង្គការដៃគូនានា»។ ឯកឧត្តម បានសម្តែងនូវភាពសោមនស្សរបស់លោក និងបានកោតសរសើរទៅលើសកម្មភាព និងកិច្ចប្រឹងប្រែងរបស់អង្គការដៃគូទាំងពីរគឺ អង្គការវីវើល និងអង្គការ ជ.ច.ក.ស.។ ឯកឧត្តមក៏បានឆ្លើយតប ជាវិជ្ជមានភ្លាមៗដែរ ទៅដល់សំណូមពរមួយចំនួនដែលបានលើកឡើងដោយតំណាងអ្នកផ្សព្វផ្សាយ សហគមន៍លោកស្រី សយ សាមន។ សំណូមទាំង១៦ចំណុច គឺបានដកស្រង់ចេញពីសិក្ខាសាលា ទាក់ទាញមតិគាំទ្រ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំទៅនៅខេត្តសៀមរាប។

លោក Andrea Cefis បានគូសបញ្ជាក់ថា៖ «បេសកកម្មរបស់វីវើល នៅកម្ពុជា គឺជួយដល់ជនងាយរងគ្រោះក្នុងសង្គម អភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកចិ្ច ជាពិសេសសស្ត្រីនិងកុមារ ដើម្បីធានាថាគ្មាននរណាម្នាក់ ត្រូវទុកចោលនោះទេ។ ហេតុដូច្នេះហើយបានជា យើងលើកគម្រោង RIGHT-TO-WORK នេះឡើង ជាមួយ ជ.ច.ក.ស. ដើម្បីធានានូវការការពារសិទ្ធិដល់អ្នកចំណាកស្រុក ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជា អនុវត្តសកម្មភាពរបស់យើងឱ្យបានតាមពាក្យសម្តី។ ជាក់ស្តែង យើងបានដាក់ចេញនូវជាពិសេសយុទ្ធនាការផ្សព្វផ្សាយនា ៨ខែចុងក្រោយនេះ តាមរយៈFacebook វិទ្យុ ជនមានឥទ្ធិពល ភាពយន្តឯកសារ ការបញ្ចាំងតាម ភូមិ ដោយសហការជាមួយ អង្គការភាពយន្តឈូករ័ត្ន»។

លោកមេធាវី មុំ សុខចារ បានបញ្ជាក់ថា៖ «យើងជឿថាគ្រប់គ្នាសុទ្ធតែមានជំនាញ គ្រាន់តែមានតិច ល្មម ឬច្រើន។ ដូច្នេះ តាមរយៈគម្រោងនេះ យើងចង់សាងបរិយាកាសអំណោយផលដល់ពលករទេសន្តប្រវេសន៍ របស់យើងដែលមានជំនាញទាប ក៏ដូចជាអនុវត្តនូវសុច្ចនករតាមគោលដៅទី៨ ក្នុងការអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងខេត្តកំពង់ចាម និងសៀមរាប» ។ ក្នុងរយៈពេល១ថ្ងៃកន្លះ គឺថ្ងៃទី១៨ មួយថ្ងៃពេញ និង១៩ មួយព្រឹក សិក្ខាសាលាបានសម្រេចបាទសកម្មភាពដូចតទៅ៖ ការបង្ហាញលទ្ធផលសិក្ខាសាលាទាក់ទាញមតិលើកទី២ ដោយតំណាងអ្នកសម្របសម្រួលសហគមន៍, ការប្រគល់ជូនឯកសារលទ្ធផលនៃសិក្ខាសាលាទាក់ទាញមតិលើកទី២ជូន ឯកឧត្តម ហ៊ួ វុឌ្ឍី , ការចែករំលែកពីសកម្មភាព បញ្ហាប្រឈម សមិទ្ធិផល និងមេរៀនដែលរៀនបានពីគម្រោង, ការចែករំលែកភាពយន្តឯកសារដែលផលិតដោយអង្គការភាពយន្តឈូករ័ត្ន និងអ្នកស្ម័គ្រចិត្តយកព័ត៌មាន សហគមន៍, កិច្ចពិភាក្សា៖ ចំណាប់អារម្មណ៌លើគម្រោង និងការបន្តអនុវត្តសកម្មភាពរបស់គម្រោង, កិច្ចពិភាក្សា៖ និរន្តរភាពរបស់គម្រោងនៅក្នុងសហគមន៍, ការចែករំលែក និងកិច្ចពិភាក្សាតុមូលស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធិការងារពលករចំណាកស្រុក ដែលមានជំនាញទាបក្នុងអំឡុងពេលកូវីដ១៩ និងក្រោយកូវីដ១៩,ការដាក់បញ្ចាំងខ្សែភាពយន្តរបស់ភាពយន្តឈូករ័ត្ននិងកិច្ចពិភាក្សាពីផែនការផ្សព្វផ្សាយសម្រាប់សហគមន៍។

សូមជម្រាបថា គម្រោងRIGHT-TO-WORK (គម្រោងសិទ្ធិការងារសម្រាប់ពលករចំណាកស្រុកដែលមានជំនាញទាប) បានអនុវត្តសកម្មភាពរបស់ខ្លួនរយៈពេលបីឆ្នាំដោយចាប់ផ្តើមក្នុងឆ្នាំ២០១៩ នឹងបានបញ្ចប់ក្នុងឆ្នាំ២០២២ ក្រោមជំនួយរបស់សហគមន៍អឹរ៉ុប ដោយសហការអនុវត្តដោយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (ជ ច ក ស) និងអង្គការវីវើល នៅក្នុងខេត្តសៀមរាប និងកំពង់ចាម។ សិក្ខាសាលាបិទបញ្ចប់គម្រោង នេះមានគោលបំណងចែករំលែកពីសមិទ្ធិផលរបស់គម្រោង បញ្ហាប្រឈម និងការអនុវត្តល្អៗ ជាពិសេស សិក្ខាសាលានេះក៏បានបង្កើតឱ្យមានឱកាសដើម្បីអោយសហគមន៍ និងដៃគូរពាក់ព័ន្ធបានជួបប្រាស្រ័យទាក់ទងគ្នា នឹងដោះស្រាយបញ្ហារួមគ្នាផងដែរ៕

website_news/2022210103.txt · Last modified: 2022/01/21 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki