website_news:2022210202

អាជ្ញាធរថៃបញ្ជូនពលករខ្មែរមួយថ្ងៃៗរាប់រយនាក់ត្រឡប់មកស្រុកវិញដោយសារឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/ បាត់ដំបង១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១៤:១០

ខេត្តបាត់ដំបង ៖ ប៉ុន្មានខែចុងក្រោយនេះ និងស្របពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនូវមេរោគបំប្លែងថ្មី «អូមេក្រុង» គេសង្កេតឃើញពលករខ្មែរប្រុស-ស្រី មានចាស់មានក្មេងរាប់រយនាក់ក្នុងមួយថ្ងៃៗ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកកាន់ប្រទេសកំណើតវិញជាបន្តបន្ទាប់ តាមច្រកទ្វារតំបន់«អូរអន្លក់» ដែលភាគីថៃហៅច្រក «សួនស៊ុំ» ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ដែលអាជ្ញាធរថៃ អះអាងថា ជាពលករឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ជាក់ស្ដែង បើយោងរបាយការណ៍កងកម្លាំងការពារព្រំដែនខ្មែរ គឺ នៅព្រឹកថ្ងៃទី១៨ កុម្ភៈ មានពលករខ្មែរប្រុស ស្រី ជាង១៦០នាក់ ត្រូវបានអាជ្ញាធរថៃ ដឹកតាមរថយន្តបញ្ជូនមកកាន់ព្រំដែន ហើយបានបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ តាមច្រកតំបន់«អូរអន្លក់» ឬច្រក«សួនស៊ុំ» ស្ថិតក្នុងស្រុកកំរៀង។ ពលករខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរថៃរកឃើញថា បានឆ្លងដែនចូលទៅប្រទេសថៃ ដោយគ្មានច្បាប់(គ្មានលិខិតឆ្លងដែន) ។ កម្លាំងនគរបាលការពារព្រំដែនគោក ក្នុងអង្គភាពវរសេនាតូចលេខ៨១៩ បានសហការជាមួយកម្លាំងយោធាការពារព្រំដែន ប្រចាំច្រកទ្វារតំបន់មួយនេះ បានទទូលពលករខ្មែរទាំងនោះពីភាគីថៃ ជាមួយនឹងការអនុវត្តយ៉ាងប្រុងប្រយ័ត្ននូវវិធានការ ការពារការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ។

បើតាមរបាយការណ៍មន្រ្តីការពារព្រំដែនពលករខ្មែរដែលភាគីថា ចាប់បញ្ជូនត្រឡប់មកស្រុកកំណើតវិញ នៅព្រឹកថ្ងៃទី ១៨ កុម្ភៈ នេះ មានចំនួនសរុប១៦៦នាក់ ក្នុងនោះ មានស្រ្តីចំនួន៥៥នាក់ ហើយក្នុងចំណោមនេះមានក្មេងប្រុស ស្រីចំនួន៣២នាក់។ មន្រ្តីព្រំដែនបាននិយាយថា ក្រុមពលករទាំងនោះត្រូវបានអប់រំ និងណែនាំយ៉ាងជាក់លាក់អំពីវិធានការទប់ស្កាត់ និងការឆ្លងរាលដាលនូវជំងឺកូវីដ១៩ បម្លែងថ្មី «អូមេក្រុង» ដែលកំពុងមានស្ទុះកាន់ខ្លាំង ។ ក្រោយពីសាកសួរ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្ដរហ័សរកមេរោគកាចសាហាវនេះ តែអវិជ្ជមានទាំងអស់។ ប៉ុន្តែយ៉ាងណា គ្រូពេទ្យបានកំណត់យកពលករប្រុស ស្រី ក្មេងចាស់ចំនួន៦៦នាក់ ដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបញ្ជូនទៅធ្វើចក្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន។ ដោយឡែក ពលករចំនួន១០០នាក់ទៀត ដែលមានកាន់ប័ណ្ណចាក់វ៉ាក់សាំង ត្រូវបានអនុញាតឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន។ សូមរំលឹកថា ប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរប្រុស ស្រី ក្មេងចាស់ រាប់រយនាក់ក្នុងមួយថ្ងៃៗ ឲ្យត្រឡប់មកកាន់ប្រទេសកំណើតវិញ ស្របពេលដែលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនទាន់មានសញ្ញាថមថយ។ ជាពិសេស សន្ទុះនៃការឆ្លងរាលដាលនូវមេរោគបម្លែងថ្មី «អូមេក្រុង» ដែលកំពុងផ្ទុះខ្លាំងនៅរាជធានីភ្នំពេញ និង តិចទូចនៅតាមបណ្ដាខេត្តមួយចំនួន នៃព្រះរាជណាចក្រកម្ពុជា។

មានការកត់សម្គាល់ផងដែរ ចំពោះពលករខ្មែរ ប្រុសស្រី ក្មេងចាស់ បើទោះជាត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមួយថ្ងៃៗ រាប់រយនាក់ឲ្យត្រឡប់មកប្រទេសកំណើតវិញ ក៏ពិតមែន ដោយចោទប្រកាន់ថា «គ្មានលិខិតឆ្លង»។ ប៉ុន្តែពលរដ្ឋខ្មែរនៅតែបន្តធ្វើចំណាកស្រុក ដោយលួចលាក់ឆ្លងដែនយ៉ាងត្រដាបត្រដួសទៅស្វែងរកការងារធ្វើនៅប្រទេសថៃ តាមរយៈការអូសទាញក្រោមរូបភាពបោកប្រាសរបស់ពួកមេខ្យល់ទុច្ចរិត ដែលគេសង្ស័យថា អាចមានការចូលរូមបើកផ្លូវងងិតឲ្យលួចឆ្លងដែន ពីមន្រ្តីការពារព្រំដែនខ្មែរមួយចំនួនផង ជាថ្នូរនឹងសំណូកសូកប៉ាន់។ ដូច្នេះហើយ ទើបអាជ្ញាធរថៃចាប់ពលករខ្មែរខុសច្បាប់ត្រឡប់មកស្រុកកំណើតវិញមិនចេះអស់។ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចព្រំដែនក៏បានទប់ស្កាត់ និង បង្រ្កាបបានពួកមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ បានជាបន្តបន្ទប់ផងដែរ បើទោះជាមានការចន្លោះប្រហោងភាគច្រើនក្ដី៕

website_news/2022210202.txt · Last modified: 2022/02/21 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki