website_news:2022210203

ជនជាតិចិនត្រូវបានក្រើនរំលឹក ពីការបោកបញ្ឆោត អោយទៅធ្វើការងារនៅបរទេស

https://www.khmertimeskh.com/ Khmer Times February 18, 2022

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានក្រើនរំលឹកជនជាតិចិនកុំអោយចាញ់បោកក្រុមហ៊ុនលេងល្បែងតាមអ៊ីនធឺណិត ដែលជ្រើសរើសបុគ្គលិកដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ បន្ទាប់ពីក្រុមឧក្រិដ្ឋជនបានសម្លាប់ជនជាតិចិនម្តងហើយម្តងទៀតនៅក្នុងក្រុងទេសចរណ៍ខេត្តព្រះសីហនុ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ មន្ទីរពេទ្យ Bethune Cambodia China First Hospital រាជធានីភ្នំពេញ បានរាយការណ៍ទៅស្ថានទូតថា បុរសជនជាតិចិនម្នាក់ឈ្មោះ Li ត្រូវបានបញ្ជូលព្យាបាលនៅមន្ទីពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារឈាមបានចេញយ៉ាងច្រើន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត។ ស្ថានទូតបាននិយាយថា បុរសនេះ “ត្រូវបានល្បួងតាមរយៈការប្រកាសរកការងារក្លែងក្លាយ” ហើយត្រូវបានបង្ខិតបង្ខំដោយឧក្រិដ្ឋជនឱ្យរត់ពន្ធចូលមកកម្ពុជា។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រោយមកគាត់ត្រូវបានបង្ខាំងខ្លួនដោយខុសច្បាប់ ដោយក្រុមជនពាល ដែលពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ និងការឆបោកតាមអ៊ីនធើណែត នៅតំបន់ Chinatown ខេត្តព្រះសីហនុ ហើយបានបង្ហូរឈាមរបស់គាត់ជាច្រើនដងរហូតដល់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ថានទូតបានរាយការណ៍ដល់នគរបាល ដែលកំពុងធ្វើការស៊ើបអង្កេត។ ស្ថានទូតបានជំរុញពលរដ្ឋចិន ដែលមានគម្រោងមកធ្វើការនៅកម្ពុជាឱ្យប្រើប្រាស់វេទិកាស្វែងរកការងារដែលមានកេរ្តិ៍ឈ្មោះ និងចៀសវាងអន្ទាក់ នៃការបោកបញ្ឆោតដោយការផ្សព្វផ្សាយការងារមិនពិតជាមួយនឹងការផ្តល់ប្រាក់ឈ្នួលខ្ពស់។ ក្នុងករណីដែលប្រជាពលរដ្ឋរងគ្រោះ ដោយការក្លែងបន្លំ ការចាប់ជំរិត ឬការរឹតត្បិតលើសេរីភាពផ្ទាល់ខ្លួន ស្ថានទូតបានណែនាំថា ពួកគេគួរតែព្យាយាមរាយការណ៍ពីបទល្មើសនេះមកនគរបាលកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាទៅកាន់ស្ថានទូតផងដែរ ដូច្នេះ ការស៊ើបអង្កេតអាចដំណើរការបាន។

កាលពីខែមេសាឆ្នាំមុន ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញពីការព្រួយបារម្ភអំពីការជួញដូរទាក់ទងនឹងល្បែងស៊ីសងអនឡាញ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋចិនពីរនាក់ត្រូវបានជួយ សង្គ្រោះដោយនគរបាលមូលដ្ឋាន បន្ទាប់ពីត្រូវបានបង្ខាំងខ្លួនដោយខុសច្បាប់ ដោយជនពាលល្បែងអនឡាញ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ស្ថានទូតបានព្រមានពលរដ្ឋចិនពីការធ្លាក់ចូលទៅក្នុង “អន្ទាក់ប្រាក់ខែខ្ពស់” ទាក់ទងនឹងការផ្តល់ជូនគួរឱ្យសង្ស័យ ហើយបានប្រាប់ក្រុមឧក្រិដ្ឋជនឱ្យ “ថយក្រោយ” បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់៕ សារព័ត៌មាន China Daily

website_news/2022210203.txt · Last modified: 2022/02/21 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki