website_news:2022210204

មន្ត្រីយុត្តិធម៌កម្ពុជា-ថៃ ពិភាក្សាលើកិច្ចសហប្រតិបត្តិការរឿងព្រហ្មទណ្ឌ

https://m.postkhmer.com/ 18 February 2022 | 11:06 ICT

ភ្នំពេញៈ មន្ត្រីយុត្តិធម៌កម្ពុជា-ថៃ បានជួបពិភាក្សាគ្នានៅរាជធានី-ភ្នំពេញ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ លើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានលើវិស័យព្រហ្មទណ្ឌ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដើម្បីជាប្រយោជន៍រួមក្នុងតំបន់ ក្នុងការកាត់បន្ថយបទល្មើសនានា។ ក្នុងជំនួបនោះ ដឹកនាំដោយរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក Vongthep Arthakaivalvatee អតីតអគ្គលេខាធិការរងអាស៊ាន និងបច្ចុប្បន្នជាទីប្រឹក្សាពិសេសនៃវិទ្យាស្ថានយុត្តិធម៌ប្រទេសថៃ (TIJ)។ កិច្ចពិភាក្សានេះបានផ្តោតលើរបៀបវារៈចំនួន ៣ រួមមាន ១ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ និងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងបង្ក្រាបបទល្មើស និងការរៀបចំសន្និសីទអាស៊ានលើកទី ៣ ស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មក្នុងតំបន់នៅភូកេត ប្រទេសថៃនាពាក់កណ្តាលខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។ ២ ភាគីថៃមានសំណើសុំការគាំទ្រពីកម្ពុជាលើការរៀបចំសេចក្តីប្រកាសរួមអាស៊ានស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌក្នុងតំបន់អាស៊ាន ដែលស្នើឡើងដោយប្រទេសថៃ។ របៀបវារៈទី ៣ សំណើសុំការគាំទ្រពីកម្ពុជាលើការរៀបចំយន្តការតំបន់អាស៊ានក្នុងការគ្រប់គ្រងស្ត្រី និងជនងាយរងគ្រោះផ្សេងទៀតក្នុងពន្ធនាគារ ដែលស្នើឡើងដោយប្រទេសថៃ។

ប្រធានឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាននៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលបំណងនៃជំនួបនេះ ខាងភាគីថៃចង់បង្ហាញពីសារៈសំខាន់នៃកិច្ចសហការនោះ និងបានសុំការគាំទ្រពីកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ លោកថា៖ «ឥឡូវនេះខាងភាគីថៃគេចង់ស្នើរៀបចំជាសេចក្តីប្រកាសរួមមួយពាក់ព័ន្ធការទប់ស្កាត់បទល្មើស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រហ្មទណ្ឌ អ៊ីចឹងខាងភាគីថៃគេដើរជួបគ្រប់ប្រទេសទាំងអស់ ដើម្បីស្នើសុំឱ្យមានការគាំទ្រទៅលើសេចក្តីប្រកាសរួមដែលខាងភាគីថៃជាអ្នកស្នើ និងផ្តួចផ្តើមឡើង»។ លោកបន្តថា ការផ្តួចផ្តើមឱ្យមានការប្រកាសរួមនីមួយៗ វាត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដែលមានក្រុមការងារត្រូវជជែកគ្នា បន្ទាប់មកមានកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន ហើយត្រូវឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ានបន្តទៀត។ លោកថា៖ «មុននឹងចេញ គេរៀបចំសិក្ខាសាលារួមមួយនៅខែមីនាខាងមុខនេះដើម្បីពិនិត្យមើលលើឯកសារទាំងអស់នេះពីសារៈសំខាន់ក្នុងការរៀបចំយន្តការទាំងអស់នេះ បន្ទាប់ពីដាក់ឆ្លងច្រើនដំណាក់កាលទៀត»។

លោកក៏បានរៀបរាប់ពីសិទ្ធិនៅក្នុងក្របខ័ណ្ឌអាស៊ានថា ជាទូទៅប្រទេសនីមួយៗមានសិទ្ធិស្នើ ឬលើកគម្រោងដែលជាប្រយោជន៍សម្រាប់ក្នុងតំបន់ ហើយប្រទេសនោះជាអ្នកដឹកនាំធ្វើការលើរឿងនេះ។ ទៀតសោត ការស្នើនោះត្រូវមានការឯកភាពពីប្រទេសនីមួយៗ ព្រោះប្រទេសខ្លះគេយល់ព្រម ខណៈប្រទេសខ្លះគេបដិសេធ។ យ៉ាងណាមិញលោកបានគូសបញ្ជាក់ថា ទោះបីឯកសារនោះផ្តួចផ្តើមដោយភាគីថៃក្តី ប៉ុន្តែប្រទេសក្នុងអាស៊ានត្រូវអនុវត្តរួមគ្នា ដោយសារមុននឹងចេញប្រកាសរួមនេះ គឺមានការឯកភាពពីសមាជិកក្នុងតំបន់រួចទៅហើយ។ លោក ជិន ម៉ាលីន ថា ក្នុងកិច្ចការសហការលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌនេះ មានយន្តការច្រើនដែលត្រូវអនុវត្តរួមគ្នា រួមមានការទប់ស្កាត់បទល្មើស ការអប់រំ ការផ្សព្វផ្សាយ ហើយមានការផ្លាស់ប្តូរទណ្ឌិតគ្នាទៅវិញទៅមក មានជំនួយផ្នែកច្បាប់ និងបត្យាប័នជាដើម។ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ផងដែរថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកកាត់បន្ថយបទល្មើសក្នុងប្រទេស និងតំបន់។

លោកថា៖ «ព្រោះបញ្ហាឧក្រិដ្ឋកម្មមិនមែនជាបញ្ហារបស់ប្រទេសមួយទេ គឺជាបញ្ហាតំបន់ទាំងមូល ហើយធម្មតាមានឧក្រិដ្ឋមួយកើតឡើងនៅប្រទេសយើង ហើយរត់គេចខ្លួនទៅបណ្តាប្រទេសដទៃទៀតបាន ដូចជាការលើកទឹកចិត្តឱ្យជនល្មើស កាន់តែប្រព្រឹត្តបទល្មើសដោយសារមានកន្លែងរត់គេច។ អ៊ីចឹងបើសិនជាប្រទេសទាំងអស់នេះសហការគ្នា មានន័យថា ជនល្មើសមិនអាចរត់គេចខ្លួនបាន ហើយមានយន្តការទប់ស្កាត់ អ៊ីចឹងគឺកាត់បន្ថយឧក្រិដ្ឋកម្មបទល្មើសក្នុងប្រទេសផង និងកាត់បន្ថយក្នុងតំបន់ផង ជួនកាលបទល្មើសមានលក្ខណៈឆ្លងដែន ព្រោះករណីខ្លះមិនមែនកើតមាននៅប្រទេសយើងទេ ប៉ះពាល់ប្រទេសយើងទេ ប៉ុន្តែវាប៉ះពាល់ដល់ឆ្លងដែន ដូចការចរាចរឆ្លងដែនជួញដូរមនុស្សពេលឆ្លងកាត់ប្រទេសណាប៉ះពាល់ប្រទេសនោះហើយ អ៊ីចឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់វាសំខាន់»។ លោកថា កិច្ចសហប្រតិបត្តិការនេះនៅមានការជជែកពិភាក្សាបន្តទៀតទៅថ្ងៃមុខ ព្រោះកម្ពុជាក៏ត្រូវពិនិត្យឯកសារ ឬស្នើឱ្យមានការកែប្រែខ្លឹមសារផងដែរ ក្នុងករណីចាំបាច់។ លោកថា៖ «ព្រោះយើងនៅសិក្សាលម្អិតទៀត ព្រោះនេះជាគំនិតផ្តួចផ្តើមរបស់គាត់ ប៉ុន្តែគឺយើងនឹងមានក្រុមការងារដើម្បីសិក្សាលម្អិតទៅលើឯកសារ និងយន្តការដែលគាត់ស្នើមក ហើយនឹងជជែកគ្នាថាមានការកែប្រែយ៉ាងម៉េចដើម្បីបម្រើប្រយោជន៍តំបន់ អ៊ីចឹងសួរថាគាំទ្រ ឬមិនគាំទ្រ មិនទាន់អាចឆ្លើយបានទេ»៕

website_news/2022210204.txt · Last modified: 2022/02/21 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki