website_news:2022210301

រកឃើញពលករខ្មែរមកពីថៃ វិជ្ជមានកូវីដ ២៣ នាក់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ១៨ មីនា ២០២២ដោយ Sorn Phanith

ពលករខ្មែរ ២២៨ នាក់ នៅថ្ងៃទី ១៨ ខែមីនានេះ ត្រូវបានភាគីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ ក្រោយពួកគេលួចចូលទៅរកការងារធ្វើដោយខុសច្បាប់ ក្នុងប្រទេសថៃ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឲ្យដឹងថា ពលករខ្មែរដែលភាគីថៃបញ្ជូនមកនាពេលនេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពួកគេ នៅចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដរួចមក សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រូពេទ្យ ដើម្បីពិនិត្យលើសុខភាព។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរដែលមានសរុបចំនួន ២២៨ នាក់ ក្នុងនោះស្រី ៩៣ នាក់ ក្មេង ៤២ នាក់ ស្រី ២១ នាក់ ក្រោយពីក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផលវិជ្ជមានកូវីដ ចំនួន ២៣នាក់ ស្រី ១១ នាក់ ក្មេង ២ នាក់ ស្រី ១ នាក់ បានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន។ ដោយឡែកពលករចំនួន ២៧ នាក់ ស្រី ១១ នាក់ ក្មេង ៥ នាក់ ស្រី ៣ នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។

ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១៧៨ នាក់ ស្រី ៧០ នាក់ ក្មេង ៣៥ នាក់ ស្រី ១៧ នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ ៥ ឆ្នាំដល់ ១៨ ឆ្នាំ ចំនួន ៣០ នាក់ ស្រី ១៨ នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2022210301.txt · Last modified: 2022/03/21 13:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki