website_news:2022210303

អាជ្ញាធរថៃ-កម្ពុជា អះអាងថា ព័ត៌មាននៃការចាប់ជំរិតដោយបង្ខំឱ្យបូមយកឈាមលក់មិនមែនជាការពិត

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ១៩ មីនា ២០២២ដោយ deth leng

ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរថៃ-កម្ពុជាបានបញ្ជាក់ថា ព័ត៌មានពីករណី នៃការចាប់ជំរិតដោយបង្ខំបូមយកឈាមលក់នោះមិនមែនជាការពិតទេ និងអះអាងថា ជនរងគ្រោះបានធ្វើដំណើរទៅកម្ពុជាដោយខុសច្បាប់។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក Roy Ingkapairote អគ្គស្នងការរងនគរបាលជាតិថៃ និងសមត្ថកិច្ចនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិកម្ពុជា បានរួមគ្នាធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានធ្វើការបំភ្លឺដើម្បីបញ្ជាក់ការពិតពីករណីការជួយសង្គ្រោះដល់ជនជាតិថៃ ដែលត្រូវបានគេជំរិតបង្ខំឱ្យធ្វើការ រហូតដល់អាចជួយសង្គ្រោះនាំត្រឡប់មកប្រទេសថៃវិញបានដោយជោគជ័យចំនួន ៨នាក់ កាលពីថ្ងៃទី៩ ខែមីនាកន្លង មក។

ហើយបន្ទាប់ពីជួយសង្គ្រោះត្រឡប់មកដល់ប្រទេសថៃវិញ មានជនរងគ្រោះម្នាក់បានប្រាប់ហេតុការណ៍ និង ផ្តល់ព័ត៌មានដល់សមត្ថកិច្ច អំពីហេតុការណ៍ដែលបានកើតឡើងនៅកម្ពុជាដោយអះអាងថា ក្នុងអំឡុងពេលពួកគេស្នាក់នៅប្រទេសកម្ពុជា ត្រូវបានក្រុមជនបង្កដែលជាជនជាតិចិននៅក្រុងព្រះសីហនុ(ប្រទេសកម្ពុជា)នាំទៅ និងបង្ខំបូមយកឈាមចំនួន ៣ប្លោក និងបានប្រើអំពើហិង្សាលើរាងកាយ ព្រមទាំងចាក់ថ្នាំសន្លប់ទៀតផង។លោកឧត្តមសេនីយ៍ឯក Roy Ingkapairote ថ្លែងថា បន្ទាប់ពីបានដឹងរឿងរ៉ាវពីការអះអាងនេះ សមត្ថកិច្ចថៃបានសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីស៊ើបអង្កេតឱ្យដឹងការពិត រហូតបានដឹងថា៖ បញ្ហាដែលបានអះអាងថា ចាប់បង្ខំបូមយកឈាមនោះ មិនមែនជាការពិតឡើយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ Surachet Hakphan ជំនួយការអគ្គស្នងការនគរបាលជាតិថៃ បានលើកឡើងពីសកម្មភាពរបស់ជនរងគ្រោះនេះថា៖ ដើមឡើយស្រ្តីជាជនរងគ្រោះនេះ បានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅកម្ពុជាជាមួយនឹងមិត្តប្រុសរបស់ខ្លួន ហើយបានសុំជំនួយសង្គ្រោះមកអាជ្ញាធរថៃ ទើបសមត្ថកិច្ចបានត្រួតពិនិត្យព័ត៌មាន និងបានទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា រហូតដល់ជំនួយសង្គ្រោះបានត្រឡប់មកថៃវិញដោយជោគជ័យ ប៉ុន្តែមិត្តប្រុសរបស់នាងបានត្រឡប់មកវិញមុន ធ្វើឱ្យនាងមានការបារម្ភថា នឹងមិនបានទទួលការជួយសង្គ្រោះភ្លាមៗ ទើបបានជានាងបង្កើតរឿងនេះឡើង ក្នុងគោលបំណងដើម្បីឱ្យសមត្ថកិច្ចជួយពន្លឿនការជួយសង្គ្រោះ។ លោកឧត្តមសេនីយ៍ទោ Surachet Hakphan បន្តថា ទង្វើនេះជាបទល្មើសព្រហ្មទណ្ឌ ដឹងថាមិនមានអំពើល្មើសកើតឡើង ហើយប្តឹងដល់មន្ត្រីស៊ើបអង្កេត ឬមន្ត្រីមានសមត្ថកិច្ចដែលមានអំណាចស៊ើបអង្កេតករណីព្រហ្មទណ្ឌថា មានបទល្មើស គឺត្រូវមានទោសជាប់ពន្ធនាគារ ៣ឆ្នាំ ឬពិន័យជាប្រាក់ពី ៦ពាន់បាត ហើយនឹងត្រូវនាំខ្លួនទៅកាត់ទោសនៅស្នងការដ្ឋាននគរបាលខេត្តស្រះកែវ(ថៃ)។

ចំណែកជនរងគ្រោះ បានសារភាពថា នាងបង្កើតរឿងនេះឡើងព្រោះបារម្ភខ្លាចថា ខ្លួននឹងមិនទទួលបានជំនួយសង្គ្រោះជាបន្ទាន់ ពីព្រោះចង់ត្រឡប់ទៅថៃវិញ ដោយសារនៅក្នុងកន្លែងធ្វើការងាររបស់នាងនោះ ជាតំបន់ហាមឃាត់មិនអាចចេញទៅក្រៅបាន ដែលមានលក្ខណៈហាក់ដូចត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការធ្ងន់ធ្ងរ។ នាងបានបន្ថែមថា នៅមានជនជាតិថៃរាប់ពាន់នាក់ទៀតដែលរត់ពន្ធមកធ្វើការនៅទីនោះ ទាំងមជ្ឈមណ្ឌលហៅទូរស័ព្ទ(Call center) ទាំងគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតនានា ហើយគោលដៅរបស់ពួកគេគឺ បោកប្រាស់ប្រជាជនថៃដោយក្រុមថៅកែជាជនជាតិចិន៕ បកប្រែ៖ សំអាន ប្រភព៖ Thai PBS

website_news/2022210303.txt · Last modified: 2022/03/21 13:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki