website_news:2022210304

អភិបាលរងខេត្តព្រះសីហនុ៖ ស្ត្រីជនជាតិថៃបានសារភាពនិងសុំទោសចំពោះប្រឌិតករណីយកសរីរាង្គ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 19/03/2022 - 12:26

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះថា ស្ត្រីជនជាតិថៃមួយរូបបានសារភាពថា នាងបានប្រឌិតករណីបូមយកឈាម និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ ក្នុងគោលបំណងអោយនគរបាលថៃជួយអោយនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ បើតាមលោកអភិបាលរងខេត្តព្រះសីហនុ ស្ត្រីជនជាតិថៃនោះ បានសារភាពទទួលកំហុស និងសុំទោសជាសារធារណៈ នៅក្នុងសន្តិសារព័ត៌មានរួមរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ នៅទីក្រុងបាំងកក នៅថ្ងៃសុក្រទី១៨ មីនា ម្សិលមិញនេះ។ ចំពោះលោកអភិបាលរងខេត្តព្រះសីហនុ លោកពិតជាសោកស្តាយខ្លាំងណាស់ ដែលស្ត្រីរូបនោះបានសម្អុយកេរ្ត៍ឈ្មោះកម្ពុជាយ៉ាងដូច្នេះ។

តាមទោសនៃច្បាប់នៅប្រទេសថៃ នារីខាងលើត្រូវបានចោទប្រកាន់ ដាក់ពន្ធធនាគារ ចំនួនបីឆ្នាំ ពីបទរាយការព័ត៌មានក្លែងក្លាយ។ គួរជម្រាបថា នៅដើមខែមីនានេះ កាសែតអនឡាញថៃបានចុះផ្សាយថាស្ត្រីជនជាតិថៃខាងលើត្រូវបានគេល្បួងមកធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ ប្រុងនឹងក្លាយជាជនរងគ្រោះដោយសារការវះយកសរីរាង្គ ដោយក្រុមបងតូចបងធំជាជនជាតិចិន សម្រាប់លក់នៅក្នុងទីផ្សារងងឹត ប៉ុន្តែនាងត្រូវបានរត់គេចខ្លួនដោយត្រដាបត្រដួស៕

website_news/2022210304.txt · Last modified: 2022/03/21 13:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki