website_news:2022210402

ពលរដ្ឋខ្មែរជាច្រើននាក់បន្តសំរុកឆ្លងដែនរកការងារធ្វើ តែត្រូវបានអាជ្ញាធរថៃចាប់ខ្លួន

https://www.rfa.org/khmer/ 2022.04.20

ពលរដ្ឋខ្មែរជាច្រើននាក់ បាននាំគ្នាឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្រោយពេលចប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះពលករខ្លះត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅតំបន់ព្រំដែន។ ទូរស្សប៉ុស្ត៍លេខ៧ របស់ថៃ ចុះផ្សាយ នៅថ្ងៃ១៩ ខែមេសា ថាមានពលរដ្ឋខ្មែរចំនួន៧នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងពេលឆ្លងដែននៅភូមិ Ban Dong Ngu ឃុំ Pa Rai ស្រុក Aranyaprathet ខេត្ត Sa Kaeo។ ប្រភពដដែលឱ្យដឹងថា ពលករទាំង៧ នាក់នោះ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានចាញ់បោកមេខ្យល់ជនជាតិខ្មែរនាំសារភាពថា បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យដោយឆ្លងដែនខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។

ទាក់ទងនឹងបញ្ហានេះស្នងការរងទទួលបន្ទុកការពារព្រំដែនខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា លោកពុំទទួលព័ត៌មានអំពីអាជ្ញាធរថៃចាប់ពលករខ្មែរទាំងនោះនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា អាជ្ញាធរខ្មែរតែងតែបន្តដាក់ពង្រាយកម្លាំងការពារ តាមព្រំដែន ទប់ស្កាត់ពលរដ្ឋមិនឱ្យឆ្លងព្រំដែនខុសច្បាប់ឡើយ៖ «នៅទប់ស្កាត់បាននៅឡើយ ព្រោះអាហ្នឹងវាជួនអីចេញបាត់ដំបង ជួនអីចេញឧត្តរមានជ័យ គ្រប់កន្លែងលួចចេញ តែតាមបណ្តាខេត្តនីមួយៗគឺទប់ស្កាត់ទាំងអស់គ្នាហ្នឹងមិនអោយទៅទេ»។

ទោះជាយ៉ាងណាអតីតអ្នកទោសនយោបាយអ្នកស្រី សាត ផា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ អះអាងថា ក្នុងពេលលោកស្រីឆ្លងដែន ឃើញមានពលករខ្មែរជិត១០០នាក់ ត្រូវបានមេខ្យល់ក្នុងព្រៃតំបន់ព្រំដែនក្នុងប្រទេសថៃ កាលពីថ្ងៃទី១៨ ខែមេសា លោកស្រីបន្តថា ពលករភាគច្រើនត្រូវបានមេខ្យល់នាំឆ្លងដែនតាមច្រករបៀងនានាក្នុងខេត្តបាត់ដំបង៖ «ខ្ញុំឆ្លងដែនមកហ្នឹង គឺខ្ញុំដើរដីប្រហែល ៧គីឡូមកដល់ព្រៃជ្រៅមួយ គេយកខ្ញុំដាក់ព្រំដែនក្បែរទឹកដីថៃហ្នឹង រួចបានគេយកខ្ញុំចេញមកប្រទេសថៃហ្នឹង សុទ្ធតែប្រជាពលរដ្ឋ ប្រជាពលករ សុទ្ធតែធ្វើការនៅប្រទេសថៃ គាត់រងទុក្ខហើយក៏មេឃភ្លៀងខ្លាំងមែនទែន ចា៎ ខ្ញុំមកឆ្លងដែនតាំងពីអោយគេអោយអីគឺម្នាក់ ៧០០០បាត ខ្ញុំនៅជាមួយពលករ ៦០នាក់»។ លោកស្រីបន្តថា ពលករភាគច្រើនទៅរកការងារធ្វើនៅតំបន់ទីក្រុងបាងកក និងខេត្តក្បែរនោះ ប៉ុន្តែរហូតមកដល់ពេលនេះមានពលករខ្លះជាប់គាំងនៅតំបន់ព្រំដែនកម្ពុជា និងថៃមិនទាន់ធ្វើដំណើរទៅដល់គោលដៅនៅឡើយ៕

website_news/2022210402.txt · Last modified: 2022/04/21 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki