website_news:2022210403

ពលករសម្រុកមកច្រើនធ្វើឱ្យអាជ្ញាធរព្រំដែនពិបាកតាមដានប័ណ្ណចាក់វ៉ាក់សាំង

https://www.khmertimeskh.com/ យឹម ស្រីលីន / April 21, 2022

មន្ត្រីសុខាភិបាលនៅច្រកព្រំដែនកំពុងមានបញ្ហាក្នុងការផ្ទៀងផ្ទាត់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩របស់ពលរដ្ឋ ខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយដោយសារបញ្ហានេះមនុស្សជាច្រើនដែលចាំបាច់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កបានរួចផុតពីវិធានការបង្ការដ៏សំខាន់នេះក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការលំបាកភាគច្រើនគឺកំណត់ភាពស្របច្បាប់នៃស្ថានភាពចាក់ថ្នាំបង្ការរបស់ពលករ។ អ្នកយកព័ត៌មាន ខ្មែរថាមស៍ ដែលរាយការណ៍អំពីលំហូរនៃពលករចំណាកស្រុកត្រឡប់ពីប្រទេសថៃនៅបន្ទាយមានជ័យ និងឧត្តរមានជ័យ បានដឹងរឿងនេះ ខណៈសង្កេតឃើញមនុស្សយ៉ាងច្រើនលើសលប់នៅប៉ុស្តិ៍ត្រួតពិនិត្យ។ លោក ឡុង ឃុន ប្រធានបុគ្គលិកថែទាំសុខភាពនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បាននិយាយកាលពីថ្ងៃច័ន្ទថា ពលករភាគច្រើនមានប័ណ្ណវ៉ាក់សាំង ឬវិញ្ញាបនបត្រ ប៉ុន្តែអាជ្ញាធរមិនអាចផ្ទៀងផ្ទាត់វាជាមួយនឹងមូលដ្ឋានទិន្នន័យវ៉ាក់សាំងរបស់ប្រទេសជិតខាងបានទេ ។ លោកនិយាយថា៖ កម្មករចំណាកស្រុកភាគច្រើនមានវិញ្ញាបនបត្រចាក់វ៉ាក់សាំងហើយយើងអាចផ្ទៀងផ្ទាត់បានតែ២0%នៃពួកគេជាមួយនឹងមូលដ្ឋានទិន្នន័យ។

លោកថា៖ « សម្រាប់អ្វីដែលនៅសល់ យើងពិនិត្យមើលយ៉ាងលំបាកលើប័ណ្ណ្រចាក់ថ្នាំរបស់ពួកគេ ហើយពិនិត្យមើលភាពជាក់លាក់ នឹងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ហើយភាគច្រើនយើងអនុញ្ញាតឱ្យពួកគេទៅ ប្រសិនបើពួកគេមានទិន្នន័យគ្រប់គ្រាន់»។ លោកបន្តថា៖ « យើង មានជម្រើសតិចតួចប្រសិនបើយើងមើលឃើញថាវាមិនមានចម្ងល់ ទោះបីជាយើងមិនអាចផ្ទៀងផ្ទាត់វាតាមរយៈមូលដ្ឋានទិន្នន័យក៏ដោយ»។ លោកក៏បានបង្ហាញការទទួលស្គាល់ពីភាព«ចន្លោះប្រហោង» បានធ្វើឱ្យពលករមួយចំនួនអាចគេចពីការដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃដោយបន្ថែមថា បុគ្គលិកសុខាភិបាលបានធ្វើការច្រើនជាមួយនឹងការត្រូវដោះស្រាយនឹងចំនួនពលករត្រឡប់មកវិញយ៉ាងច្រើនគំហុក។

មន្ត្រីនៃក្រុមផ្ទៀងផ្ទាត់ឯកសារនៅច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ បាននិយាយថា ចាប់តាំងពីសប្តាហ៍មុនមានពលករចំណាកស្រុករហូតដល់ ៥០០ នាក់បានឆ្លងដែនជារៀងរាល់ថ្ងៃ ហើយក្រុមលោកពិបាកក្នុងការគ្រប់គ្រងការចូលរបស់ពួកគេ។ លោកបាននិយាយថា៖ យើងកំពុងតស៊ូដើម្បីបញ្ជាក់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេដោយសារភាគច្រើនយើងមិនអាចចូលប្រើមូលដ្ឋានទិន្នន័យស្ថានភាពវ៉ាក់សាំងរបស់ពួកគេបាន ។

លោកបានបន្ថែមថា៖ « ផ្ទុយទៅវិញ យើងគ្រាន់តែពិនិត្យមើលវិញ្ញាបនបត្ររបស់ពួកគេ ដោយមិនដឹងថា ឯកសារនោះពិត ឬក្លែងក្លាយ ដោយសារពួកគេមានទម្រង់ចាក់ថ្នាំបង្ការជាច្រើនប្រភេទ»។ លោកថា៖ « នៅពេលដែលយើងមិនអាចចូលប្រើមូលដ្ឋានទិន្នន័យដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ យើងពិនិត្យឈ្មោះ លេខសម្គាល់ លេខដូស ហើយប្រសិនបើអ្វីៗទាំងអស់ដំណើរការ នោះយើងនឹងអនុញ្ញាតឱ្យពួកគេទៅ»។ លោកបន្តថា៖ « នេះបានធ្វើឱ្យអ្នកដែលមានក្រដាសក្លែងក្លាយអាចគេចផុតពីការដាក់ឱ្យនៅដាច់ដោយឡែក។ មនុស្សជាច្រើនបានបោកបញ្ឆោតយើង»។

នាយនគរបាលប៉ុស្តិ៍អូរបែកក្អម លោក ម៉ាត់ ធី បាននិយាយថា ប៉ូលីសកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកសុខាភិបាល ដើម្បីចាប់អ្នកដែលមានលិខិតបញ្ជាក់វ៉ាក់សាំងក្លែងក្លាយ។ លោកបាននិយាយថា៖ « យើងក៏កំពុងធ្វើការជាមួយមន្រ្តីថៃដើម្បីបង្កើនការចូលប្រើម៉ាស៊ីនមេ នៃមូលដ្ឋានទិន្នន័យ ដូច្នេះស្ថានភាពនៃការចាក់វ៉ាក់សាំងអាចត្រូវបានកំណត់»។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍ថា ពលករចំណាកស្រុកជាង ៦០០នាក់ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេកាលពីខែមុន ដោយសារ «យើងមិនអាចចូលប្រើមូលដ្ឋានទិន្នន័យវ៉ាក់សាំងបានទេ»។ លោកបាននិយាយថា៖ « ដោយសារតែនោះយើងបានផ្ទេរពួកគេទៅមជ្ឈមណ្ឌលដាច់ដោយឡែកដោយស្វ័យប្រវត្តិទោះបីជាវិញ្ញាបនប័ត្រវ៉ាក់សាំងរបស់ពួកគេពិតប្រាកដក៏ដោយ» ។ ប៉ុន្តែថ្មីៗនេះ ពលករចំណាកស្រុកតិចជាងមុនកំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេ ដោយសារតែចន្លោះប្រហោងនៃការគ្រាន់តែពិនិត្យមើលវិញ្ញាបនបត្រ។ អាជ្ញាធរនឹងពិភាក្សាបញ្ហានេះជាមួយមន្ត្រីព្រំដែនថៃដើម្បីកែលម្អ។

លោក ហ៊ុយ ហាក់ អាយុ ២៥ឆ្នាំ បាននិយាយថា គាត់ត្រូវបានគេចាក់ថ្នាំបង្ការនៅកន្លែងធ្វើការរបស់គាត់ ហើយត្រូវបានផ្តល់កាតវ៉ាក់សាំង។ លោកថា៖ « មិត្តភ័ក្តិរបស់ខ្ញុំម្នាក់នៅប្រទេសថៃបានប្រាប់ខ្ញុំថា ព័ត៌មានវ៉ាក់សាំងរបស់ខ្ញុំមិនអាចបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបានទេ ព្រោះខ្ញុំជាពលករខុសច្បាប់នៅក្នុងប្រទេសថៃ»។ លោកបន្តថា៖ « នោះហើយជាមូលហេតុដែលកាតរបស់ខ្ញុំមិនអាចស្កេនបានទេ។ ខ្ញុំត្រឡប់មកសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរវិញ ហើយខ្ញុំមិនបានដឹងពីការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ»។

លោកបានបន្តថា៖ « សំណាងល្អសម្រាប់ខ្ញុំ គ្រូពេទ្យបានពិនិត្យឈ្មោះខ្ញុំ លេខអត្តសញ្ញាណប័ណ្ណ និងលេខថ្នាំរបស់ខ្ញុំ ហើយបានអនុញ្ញាតឲ្យចាកចេញ»។ លោក សុខ ជាតិ អាយុ ២៧ ឆ្នាំ បាននិយាយថា គាត់បានបង់ប្រាក់ចំនួន ២៧០០ បាតសម្រាប់ការចាក់ វ៉ាក់សាំងរបស់គាត់ ហើយវិញ្ញាបនបត្ររបស់គាត់ ត្រូវបានរៀបចំដោយនិយោជករបស់គាត់។ លោកបានបន្តថា៖ «ខ្ញុំមិនដឹងថា វិញ្ញាបនបត្រក្លែងក្លាយឬពិតទេ ប៉ុន្តែវាជារបស់ខ្ញុំហើយវាបង្ហាញថា ខ្ញុំមានវ៉ាក់សាំងបីដងហើយ»៕

website_news/2022210403.txt · Last modified: 2022/04/21 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki