website_news:2022210701

អាមេរិកដាក់វៀតណាម កម្ពុជា ប្រុយណេ និងម៉ាកាវ ក្នុងបញ្ជីខ្មៅជួញដូរមនុស្ស

https://kohsantepheapdaily.com.kh/ ២០ ខែ កក្កដា ឆ្នាំ ២០២២ ម៉ោង ១៦:២៦

អាមេរិក ៖ សហរដ្ឋអាមេរិកបានដាក់ប្រទេសវៀតណាម, កម្ពុជា, ប្រុយណេ និងម៉ាកាវចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស កាលពីថ្ងៃអង្គារ ទី ១៩ កក្កដា ម្សិលមិញនេះ ដោយអាមេរិកលើកឡើងថា ប្រទេសទាំងនេះមានកិច្ចប្រែងប្រែងខ្សោយក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយដល់ពលករចំណាកស្រុក។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ អាមេរិកក៏បានដាក់បញ្ជូលរបបដឹកនាំផ្តាច់ការបេឡារុសក្នុងបញ្ជីខ្មៅផងដែរ និងដាក់ប៊ុលហ្គារីក្នុងបញ្ជីតាមតានជុំវិញការព្រួយបារម្ភថាប្រទេសនេះមិនយកចិត្តទុកដាក់លើការជួញដូរមនុស្ស។ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងដូច្នេះថា អំពើពុករលួយគឺជាឧបករណ៍ដ៏សំខាន់បំផុតរបស់ក្រុមជួយដូរដែលអាចឲ្យពួកគេគេចផុតពីភ្នែករបស់រដ្ឋាភិបាល។ «នៅពេលយើងដោះស្រាយបញ្ហានេះដូចទៅនឹងបញ្ហាអាកាសធាតុ និងអំពើពុករលួយទូទាំងការទូត យើងក៏ត្រូវដោះស្រាយពីវិធីដែលពួកគេជួបការជួយដោយផ្ទាល់ផងដែរ»។ ប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅនេះ អាចរងទណ្ឌកម្មអាមេរិក ទោះបីរដ្ឋបាលអាមេរិកតែងតែលើកលែងការដាក់ទណ្ឌកម្មសម្រាប់ប្រទេសជាមិត្តដែលសន្យាថានឹងមានការកែលម្អ។

លោកស្រី Kari Johnstone មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទទួលបន្ទុកប្រឆាំងការជួយដូរមនុស្ស បាននិយាយថា រដ្ឋាភិបាលអាស៊ីជាច្រើនត្រូវបានបន្ទាបចំណាត់ថ្នាក់ដោយសារពួកគេធ្លាប់ស្ថិតក្នុងបញ្ជីតាមដាន និងមិនបានបង្ហាញសញ្ញាកែលម្អ។ លោកស្រីថ្លែងដូច្នេះថា «ជាអកុសល ក្នុងឆ្នាំនេះ មានប្រទេសមួយចំនួននៅក្នុងតំបន់មិនបានបង្កើនកិច្ចប្រឹងប្រែង»៕ (យោងតាមប្រភព៖ AFP)

website_news/2022210701.txt · Last modified: 2022/07/21 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki