website_news:2022210703

អាមេរិកថា កម្ពុជាមិនបានបំពេញតាមស្ដង់ដារអប្បបរមា ដើម្បីលុបបំបាត់ការជួញដូរមនុស្ស

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី2022.07.20

ក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលកម្ពុជាបានដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្ស។ មន្រ្តីរដ្ឋាភិបាល សោកស្ដាយចំពោះការវាយតម្លៃនេះ ដោយថា រដ្ឋាភិបាលបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សយ៉ាងសកម្ម ទោះបីក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ក្ដី។ ដោយឡែក មន្ត្រីសង្គមស៊ីវិលលើកឡើងថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីការពិតនៃការរីករាលដាលការជួញដូរមនុស្សនៅកម្ពុជាពីអ្នកជំនួញចិន។ របាយការណ៍ជួញដូរមនុស្សកម្ពុជាឆ្នាំ២០២២ ចេញដោយក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២០ កក្កដា បានវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្ដង់ដារអប្បបរមា ក្នុងការប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សនោះទេ។ របាយការណ៍បង្ហាញថា កម្ពុជាដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្សដោយសារ បញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់ បណ្ដោយឱ្យជនល្មើសនៅតែអាចប្រព្រឹត្តបទល្មើស ឬគេចខ្លួនពីការកាត់ទោស ហើយជនរងគ្រោះនៅតែមិនអាចទទួលបានការជួយសង្គ្រោះ។ របាយការណ៍ក៏បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនបានផ្ដល់ការគាំទ្រគ្រប់គ្រាន់ដល់ជនរងគ្រោះទាំងក្នុងស្រុក និងបរទេសពីការជួញដូរនោះទេ ដោយបានពឹងផ្អែកស្ទើរទាំងស្រុងពីម្ចាស់ជំនួយបរទេស និងអង្គការក្រៅរដ្ឋាភិបាលទៅវិញ។

ទាក់ទងនឹងបញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្សអ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីសោកស្ដាយ ចំពោះការវាយតម្លៃនេះ។ អ្នកស្រីយល់ថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងអំពីបញ្ហាការជួញដូរមនុស្សនៅកម្ពុជានោះទេ ព្រោះវាបានបញ្ចូលករណីឆបោករបស់បរទេស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មចូលក្នុងរបាយការណ៍។ អ្នកស្រីថា រដ្ឋាភិបាលបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សយ៉ាងសកម្ម ទោះបីក្នុងស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ក្ដី ដោយក្នុងឆ្នាំ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃបានបង្ក្រាបការជួញដូរមនុស្សកើនឡើង ២ដង ច្រើនជាងឆ្នាំ២០២០៖ «មានករណីជាច្រើន ដែលពាក់ព័ន្ធជាមួយជនបរទេសតែវាអត់មានចូលក្នុងករណីជួញដូរ វាពាក់ព័ន្ធជាមួយនឹងការចាប់ជំរិត រឿងជនបរទេសគ្នាគាត់ ឬមួយក៏និយាយពីរឿងវិវាទការងារ ឬក៏យកករណីចាញ់ ការឆបោករបស់ ប្រូកឃើរ៍ (Broker ឈ្មួញកណ្ដាល) គ្នាគាត់ ដែលមកពីក្រៅប្រទេសហ្នឹង ហើយមកទម្លាក់លើប្រទេសកម្ពុជាទាំងអស់អ៊ីចឹង ខ្ញុំវាមិនដឹងថា យ៉ាងម៉េចដែរទេ ប៉ុន្តែចំពោះយើងខ្ញុំគ្រាន់តែចង់ប្រាប់ថា យើងបានប្រឹងប្រែងខ្លាំងណាស់»។

ជុំវិញរឿងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា របាយការណ៍ដែលចេញដោយក្រសួងការបរទេសអាមេរិកប្រចាំកម្ពុជានេះ ឆ្លុះបញ្ចាំងការពិតទាក់ទងនឹងបញ្ហាជួញដូរមនុស្សនៅកម្ពុជា។ លោកបន្ថែមថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការជួញដូរមនុស្សកាន់តែខ្លាំងឡើង ដោយមានអ្នកជំនួញចិន បានប្រើប្រាស់កម្លាំងពលកម្មជនជាតិបង់ក្លាដេស នេប៉ាល់ ក្នុងវិស័យសំណង់ដោយបង្ខិតបង្ខំ ហើយរដ្ឋាភិបាលក៏មិនទាន់មានអន្តរាគមន៍គ្រប់គ្រាន់ក្នុងការរកដោះស្រាយបញ្ហាការបោកប្រាស់តាមអ៊ីនធើរណិត (Cyber Scam) ដែលមានថៅកែជាជនជាតិចិន និងមានពាក់ព័ន្ធជាមួយការជួញដូរជនជាតិថៃ (Thai) ម៉ាឡេ (Malaysian) ហ្វីលីពីន (Filipinos) និងវៀតណាម (Vietnamese) បម្រើអាជីវកម្មខុសច្បាប់នេះផងដែរ។ ជាមួយគ្នានេះ លោកយល់ស្របជាមួយរបាយការណ៍ ដែលបានលើកឡើងបញ្ហាពុករលួយជាប្រព័ន្ធ ដែលបណ្ដាលឱ្យបទល្មើសជួញដូរមនុស្សមានការកើនឡើង៖ «ព្រោះដោយសារអី ដោយសារតែឈ្មួញទាំងអស់ហ្នឹងគឺ ផ្ដល់ជាសំណូកដល់មន្ត្រីគ្រាក់ៗ ហ្នឹងណ៎ា ហើយតែកាលណាផ្ដល់ជាសំណូកដល់មន្ត្រីគ្រាក់ៗ ហើយ យើងយកលុយគេហើយ យើងអត់មានវិធានការអីទៅលើក្រុមហ៊ុនឯកជនទាំងអស់ហ្នឹងទេ ឬឈ្មួញទាំងអស់ហ្នឹងទេ នៅពេលដែលឈ្មួញទាំងអស់ហ្នឹងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដូចជា ការជួញដូរមនុស្ស ការធ្វើទារុណកម្មលើមនុស្សអ៊ីចឹងទៅណា»។ របាយការណ៍ជួញដូរមនុស្ស ចេញដោយក្រសួងការបរទេសអាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០២១ បានផ្ដល់ចំណាត់កម្ពុជាកម្រិត២ ដោយឡែកក្នុងឆ្នាំ២០២២ នេះ កម្ពុជាធ្លាក់ទៅកម្រិត៣ វិញ ដែលការធ្លាក់ចំណាត់ថ្នាក់នេះនឹងធ្វើឱ្យអាមេរិកពិចារណាបន្ថែមលើការផ្ដល់ប្រាក់ជំនួយដល់កម្ពុជានាពេលខាងមុខ៕

website_news/2022210703.txt · Last modified: 2022/07/21 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki