website_news:2022210903

ប្រទេសវៀតណាម ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដែលរត់គេចខ្លួនចេញពីកាស៊ីណូនៅកម្ពុជា

https://www.khmertimeskh.com/501154179//?p=1154179 Khmer Times September 20, 2022

ក្រសួងការបរទេសបាននិយាយថា យ៉ាងហោចណាស់មានជនជាតិវៀតណាមចំនួន៦៧នាក់ បានរត់គេចខ្លួនចេញពីទីតាំងអាជីវកម្មក្នុងក្រុងបាវិតប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ដោយព្យាយាមត្រឡប់ទៅប្រទេសវៀតណាម វិញ។ ពួកគេតម្រង់ទៅកាន់ច្រកទ្វារព្រំដែនបាវិត ដោយសំដៅទៅកាន់ច្រកព្រំដែន Mộc Bài ក្នុងខេត្ត Tây Ninh ប្រទេសវៀតណាម។ កន្លែងអាជីវកម្មដែលពលរដ្ឋវៀតណាមរត់គេចនោះគឺនៅភូមិបាវិតកណ្តាល ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ថ្នាក់ដឹកនាំខេត្ត Tây Ninh បាននិយាយថា ទីតាំងអាជីវកម្មនោះគឺជាកាស៊ីណូ។ ក្រសួងការបរទេសវៀតណាម បាននិយាយថា ខណៈពេលកំពុងរត់គេចខ្លួន ៤នាក់ត្រូវបានចាប់ខ្លួន ដោយក្រុមកាស៊ីណូ។

វៀតណាមបានទាក់ទងអាជ្ញាធរកម្ពុជាដើម្បីទទួលបានព័ត៌មានអំពីករណីនេះ និងផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាពលរដ្ឋ និងអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។ វៀតណាមក៏បានស្នើដល់កម្ពុជាជួយសង្គ្រោះអ្នកដែលនៅសេសសល់។ គិតត្រឹមរសៀលថ្ងៃសៅរ៍ នគរបាលកម្ពុជាបានទាមទារឲ្យកន្លែងនោះប្រគល់ពលរដ្ឋវៀតណាម ១១នាក់បន្ថែមទៀតមកវិញ ដែលធ្វើឲ្យចំនួនអ្នកពាក់ព័ន្ធក្នុងករណីនេះកើនដល់ ៦៧នាក់។ ពួកគេទាំងនោះត្រូវបានការពារដោយនគរបាលកម្ពុជា។ ស្ថានទូតវៀតណាម និងឆ្មាំព្រំដែនកំពុងសម្របសម្រួលជាមួយនាយកដ្ឋានកុងស៊ុលក្រសួងការបរទេស និងអាជ្ញាធរកម្ពុជា ដើម្បីនាំពលរដ្ឋទៅផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសវៀតណាមក៏បានផ្តាំផ្ញើដល់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ជួយមើលថែប្រជាពលរដ្ឋអោយបានត្រឹមត្រូវ ខណៈដែលពួកគេរង់ចាំត្រឡប់ទៅប្រទេសកំណើតវិញ។

ភ្នាក់ងារវៀតណាមនឹងបន្តសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ដើម្បីពិនិត្យមើលថាតើនៅមានពលរដ្ឋវៀតណាមនៅកន្លែងអាជីវកម្មនោះដែរឬអត់ និងស្នើសុំការស៊ើបអង្កេតលើករណីនេះ និងការពារសិទ្ធិស្របច្បាប់របស់ពួកគេ។ ប្រជាពលរដ្ឋដែលត្រូវការជំនួយអាចទាក់ទងស្ថានទូតវៀតណាមប្រចាំកម្ពុជាតាមទូរស័ព្ទលេខ៖ +855-23726274 ស្ថានអគ្គកុងស៊ុលខេត្តព្រះសីហនុ ៖ +855-34934039 ឬខ្សែទូរស័ព្ទបន្ទាន់៖ +84-981 84 84 84។

ប្រធានក្រុមប្រឹក្សាខេត្ត Tây Ninh លោក Nguyễn Thanh Ngọc បានប្រាប់កាសែត Tuổi Trẻ ថា ដំបូងឡើយ មនុស្សទាំងនោះមានជម្លោះជាមួយម្ចាស់អាជីវកម្ម ទើបពួកគេរត់គេចខ្លួន៕ VNS

website_news/2022210903.txt · Last modified: 2022/09/21 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki