website_news:2022210905

សមត្ថកិច្ចបិទទីតាំង ១ នៅក្រុងព្រះសីហនុ ក្រោយរកឃើញជនបរទេសខុសច្បាប់ និងគ្មានបណ្ណការងារ ៤០៣ នាក់

https://www.postkhmer.com/national/2022-09-20-0929-241254.html វ៉ន ដារ៉ា and ហ្វីន ហ្វ្រីដា | Publication date 20 September 2022 | 09:29 ICT

ព្រះសីហនុៈ សមត្ថកិច្ចបានបិទទីតាំងឈ្មោះ ស៊ីង សានទីង ដែលមាន ៣ អគារ ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ បន្ទាប់ពីបានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលទីតាំងនេះចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ដោយបានឃាត់ខ្លួនជនបរទេសខុសច្បាប់អន្តោប្រវេសន៍ និងជនមកបម្រើការដោយគ្មានបណ្ណការងាររួមទាំងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនសរុបចំនួន ៤០៣ នាក់ (ស្រី ៣១ នាក់)។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល ទីតាំង ស៊ីង សានទីង កាលពីថ្ងៃទី ១៨ កញ្ញា បានឱ្យដឹងថា ទីតាំងនេះមាន ៣ អគារ (អគារ A មាន ៣ ជាន់, អគារ B មាន ២ ជាន់ និងអគារ C មាន ៣ ជាន់) មានបន្ទប់សរុប ៣៣២ បន្ទប់ និងមានជនបរទេសស្នាក់នៅ និងធ្វើការងារសរុប ៤៩៥ នាក់ (ស្រី ៥១ នាក់) មាន ៤ សញ្ជាតិគឺចិន ចិនតៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាម។ សេចក្តីប្រកាសបន្តថា «ក្នុងប្រតិបត្តិការរយៈពេល ៥ ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន ១៤១ នាក់ ស្រី ៦ នាក់ មាន ២ សញ្ជាតិក្នុងនោះមានជនជាតិចិន ១៣០ នាក់ (ស្រី ៣ នាក់ និងជនជាតិវៀតណាម ១១ នាក់ស្រី ៣ នាក់)។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនបរទេសទាំងនេះ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា»។ ក្នុងនោះផងដែរ មានជនបរទេសចំនួន ២៦២ នាក់ (ស្រី ២៥ នាក់) ត្រូវបានពិនិត្យឃើញថា បានបម្រើការងារដោយគ្មានបណ្ណការងារ។ ពួកគេត្រូវបានផាកពិន័យដោយនាយកដ្ឋានអន្តោប្រវេសន៍ រួចទើបអនុញ្ញាតឱ្យស្នើសុំបណ្ណការងារពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ សមត្ថកិច្ចបានប្រមូលអាករចេញពីការផាកពិន័យ និងការផ្តល់បណ្ណការងារសរុបបានចំនួន ១៣១ ០០០ ០០០ រៀល និង ៧៨ ៨៤០ ដុល្លារ។ បន្ថែមពីនោះ មន្ទីរការងារខេត្តក៏បានធ្វើការផាកពិន័យចំពោះសហគ្រាសលើ ៣ ចំណុចដូចជាគ្មានសេចក្តីប្រកាសស្តីពីបុគ្គលិកគ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស និងប្រើប្រាស់ជនបរទេស គ្មានបណ្ណការងារដែលសរុបជាទឹកប្រាក់បានចំនួន ៦ ៧២០ ០០០ រៀល។ សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «សមត្ថកិច្ចជំនាញបានរកឃើញ និងកំណត់បានបទល្មើសចំនួន ៦ បទល្មើសផ្សេងគ្នាក្នុងប្រតិបត្ដិការនេះ ដូចជាបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ សំអាងតាមបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។

បើតាមរដ្ឋបាលខេត្តព្រះសីហនុក្នុងប្រតិបត្ដិការនេះជនបរទេសចំនួន ២៧ នាក់ត្រូវបាននាំខ្លួន និងបញ្ចូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត (ជនសង្ស័យ ១២ នាក់ ជនរងគ្រោះ ៥ នាក់ និងនារីបម្រើសេវាផ្លូវភេទ ១០ នាក់) និងបានដកហូតនូវវត្ថុតាងមួយចំនួនដូចជា អាវុធខ្លី ចំនួន ៤ ដើម ទូរស័ព្ទដៃសរុប ចំនួន ៨ ៧៧៦ គ្រឿង កុំព្យូទ័រលើតុ ៨០៤ គ្រឿង កុំព្យូទ័រយូរដៃ ១៦ គ្រឿង លិខិតឆ្លងដែន ៣៦ ក្បាល ឧបករណ៍ផ្ទុកទិន្នន័យចំនួន ១២ គ្រឿង ខ្នោះដៃ ៤ គូ ដំបងឆក់ ៨ ដើម ពិលឆក់ ២ ដើម រួមទាំងសម្ភារ ឯកសារ និងប្រាក់មួយចំនួន។

ដោយទទួលបានគោលការណ៍ពីឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ សម្រេចដាក់ចេញនូវវិធានការមួយចំនួនក្នុងករណីបង្ក្រាបបទល្មើសនេះ ដោយឱ្យធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យរួចឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត។ បិទអាជីវកម្មទាំងអស់ដែលស្ថិតក្នុងបរិវេណទីតាំងឈ្មោះ ស៊ឹង សានទីង ដើម្បីបន្តស៊ើបអង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់ទាំងស្រុង។ គណៈបញ្ជាឯកភាពខេត្តបានដាក់ចេញវិធានការឱ្យបន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ស្របតាមសំអាង នៃបទល្មើសល្បែងស៊ីសងខុសច្បាប់លើជនសង្ស័យ ៤ នាក់ និងក្រុមហ៊ុនចំនួន ១ និង បន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ស្របតាមសំអាងនៃបទល្មើសជួញដូរមនុស្ស និងបទល្មើស សញ្ចារកម្មលើជនសង្ស័យចំនួន ២ នាក់។

បន្តការស៊ើបអង្កេតលើករណីរក្សាទុកអាវុធខុសច្បាប់ និងបទល្មើសពាក់ព័ន្ធ និងបន្តការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ១ នាក់ ដែលជាមេខ្លោងក្នុងសំណុំរឿងខាងលើ។ «រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាល នៅតាមបណ្ដាទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះជនបរទេសដែលបានត្រួតពិនិត្យ និងមានកិច្ចសន្យា អប់រំរួចហើយនៅតែបន្តធ្វើដោយខុសច្បាប់ និងសូមអំពាវនាវដល់អាជីវករទាំងអស់ ដែលកំពុងសំងំលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលច្បាប់ហាមឃាត់»។

លោក អំ សំអាត នាយករងអង្គការលីកាដូបានសម្តែងការព្រួយបារម្ភចំពោះបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជានាពេលបច្ចុប្បន្ននេះដែលកើតឡើងតាមរូបភាព ជួញដូរមនុស្ស ជាពិសេសតាមប្រព័ន្ធអនឡាញធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ លំហូរអ្នកវិនិយោគ មុខមាត់ប្រទេសជាតិ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ «យើងមានការព្រួយបារម្ភខ្លាំងដែរ ទាក់ទងនឹងការជួញដូរគ្រប់ទម្រង់រូបភាព ជាពិសេសតាមប្រព័ន្ធអនឡាញ។ កន្លងមកយើងឃើញហើយតាមព័ត៌មានជាតិ និងស្ថាប័នអន្តរជាតិជាច្រើនបានចុះផ្សាយអំពីការជួញដូរ និងការរំលោភបំពាន ការបង្ខាំងមនុស្សនៅតាមបណ្តាបនល្បែងមួយចំនួននៅខេត្តព្រះសីហនុ និងបណ្តាខេត្តនៅជាប់ព្រំដែន»។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងនោះ គិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន ២៨៩ ករណីពីសាមីជន សាច់ញាតិស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។ លោកថ្លែងថា៖ «ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ ៩៥ ភាគរយជាការពិត»។ លោកបានបន្តទៀតថា ក្រុមប្រតិបត្តិការក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី ១០ ខែសីហា ដល់ថ្ងៃទី ១០ ខែកញ្ញា បានស្រាវជ្រាវ និងស៊ើបអង្កេតបាន ៨៥ ករណី រកឃើញមនុស្ស ១៧៦ នាក់មាន ៨ សញ្ជាតិ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេ និងកត់សម្គាល់ថា ភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។

គណៈបញ្ជាការប្រតិបត្តិការដែលដឹកនាំដោយ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានរៀបចំផែនការអនុវត្តនូវផែនការប្រតិបត្តិការ ដោយរៀបចំឱ្យមានក្រុមប្រតិបត្តិការផ្ទាល់ចំនួន ៥ ក្រុម បានផ្សព្វផ្សាយផែនការនេះនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីចាប់ផ្ដើមអនុវត្តចុះជួយគាំទ្រខេត្តព្រះសីហនុ។ លើសពីនេះនៅថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសជួយពង្រឹងបន្ថែមចំពោះផ្នែកច្បាប់៕

website_news/2022210905.txt · Last modified: 2022/09/21 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki