website_news:2022211001

លោក ស ខេង អំពាវនាវឱ្យសមត្ថកិច្ចបន្ដរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗនៅកម្ពុជា

https://www.postkhmer.com/national/2022-10-19-1747-242476.html វ៉ន ដារ៉ា | Publication date 19 October 2022 | 17:47 ICT

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបន្ដអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗដែលកើតមាននៅកម្ពុជា ក្រោយពីថ្មីៗនេះ កម្ពុជាបានក្លាយជាប្រទេសរងគ្រោះដោយសារជនល្មើសយកធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាបទល្មើសគ្រឿងញៀន ជួយដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់ជាដើម។ លោក ស ខេង បានបញ្ជាក់បែបនេះក្នុងពេលធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើជាផ្លូវការអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីនេះ ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជាក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលា។ លោកបានថ្លែងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានបន្ដប្ដេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទៈមោះមុត និងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឆបោក ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តការគាំពារ ជួយសង្គ្រោះទាំងប្រជាជនកម្ពុជា និងបរទេសដែលរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោកបានឱ្យដឹងថា ការកើនឡើងនូវបទល្មើសទាំងនេះ បានជះឥទ្ធិពលអវិជ្ជមាននិងភាពអសកម្មមួយចំនួនដល់សង្គមកម្ពុជា។ ជាពិសេសប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិនិងការធ្លាក់ចុះនូវកិត្យានុភាពរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិដែលទាក់ទងដល់កិត្តិយស និងមុខមាត់របស់កម្ពុជា។ លោកបន្តថា៖ «ខ្ញុំសូមបញ្ជាក់បន្តិចថា កម្ពុជាជាប្រទេសដែលរងគ្រោះ ដោយសារគេយកធ្វើជាកន្លែងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ឧទាហរណ៍ថា បទល្មើសគ្រឿងញៀន។ យើងមិនមែនជាប្រទេសប្រើប្រាស់គ្រឿងញៀននេះទាំងស្រុងនូវចំនួនគ្រឿងញៀនដែលបាននាំចូលនោះទេ។ ប៉ុន្ដែយើងបានក្លាយទៅជាកន្លែងដែលផលិតនូវសារធាតុញៀនផ្សំ ដែលជាផលិតផលពាក់កណ្ដាលសម្រេចត្រូវបានគេនាំចូលមកកម្ពុជា»។ លោករំឭកថា នៅពេលដែលជនល្មើសនាំចូលនូវផលិតផលសារធាតុគីមីផ្សំទាំងឡាយ ជនល្មើសបានចាប់ផ្ដើមលួចលាក់យកកម្ពុជាធ្វើការផលិត រួចហើយក៏នាំចេញទៅប្រទេសទី៣ទៀត ហើយក្នុងនោះក៏មានគ្រឿងញៀនមួយផ្នែកបានចែកចាយនៅកម្ពុជាផងដែរ។

លោកបញ្ជាក់ថា៖ «ឥឡូវនេះយើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ ក្នុងការទប់ស្កាត់ បង្ក្រាបនូវបទល្មើសនេះឱ្យខាងតែបាន។ចំពោះផលលំបាកនៃសង្គមរបស់យើងវានឹងកើតមាននៅពេលខាងមុខ បើសិនជាយើងមិនបានយកចិត្តទុកដាក់បង្ក្រាបនិងដោះស្រាយបញ្ហានេះពីឥឡូវទៅ»។ លោក ស ខេង បញ្ជាក់ថា ផលលំបាករបស់កម្ពុជានាពេលខាងមុខនោះ គឺប៉ះពាល់ដំបូងបំផុតធនធានមនុស្ស ដោយមនុស្សពេញវ័យនឹងក្លាយទៅជាអ្នកសេពគ្រឿងញៀនដែលបានបំផ្លាញនូវប្រព័ន្ធសរសៃប្រសាទរបស់ពួកគេ។ទន្ទឹមនឹងនេះ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ចោរលួច ចោរប្លន់ អំពើឃាតកម្មឬក៏ឧក្រិដ្ឋកម្មផ្សេងៗ នឹងកើតមានឡើង។ លោកបានថ្លែងថា៖ «បញ្ហានេះចាំបាច់ត្រូវឱ្យមានការគាំទ្រនិងការចូលរួមទាំងអស់គ្នានៅក្នុងសង្គមកម្ពុជាទាំងប្រជាពលរដ្ឋ ទាំងមន្ដ្រីរាជការគ្រប់ផ្នែក។អ្នកពាក់ព័ន្ធនៅក្នុងសង្គមកម្ពុជាចាំបាច់ត្រូវតែរួមគ្នាដើម្បីកម្ចាត់បញ្ហាគ្រឿងញៀននេះ។ នេះជាកិច្ចការដែលយើងចាប់អារម្មណ៍ ហើយកំពុងតែធ្វើការងារនេះ»។

បើតាមលោក ស ខេង គិតពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរកឃើញនិងជួយសង្គ្រោះជនបរទេស ដែលប្រកាសថាជាជនរងគ្រោះបានចំនួន៨៧ករណី ស្មើនឹងប្រមាណ ៨៦៥ នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ ករណី ជនសង្ស័យសរុបចំនួន ៦០ នាក់។ ចំណែកនៅសប្ដាហ៍ទី៤ ខែសីហាឆ្នាំ ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ៧ ករណីទៀត ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥ នាក់ (មាន ៦ សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣ នាក់ (មាន ៤ សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ លោកបញ្ជាក់ថា ក្រៅពីនេះមានករណីសេសសល់បន្ថែមទៀតដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាបផងដែរ។

លោកបានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវនិងសួរចម្លើយរកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជន ដែលមានមេខ្លោងនៅប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជាប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការឆបោកឱ្យឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្រោមការសន្យាផ្តល់ការងារ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះត្រូវបានចាត់ឱ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស។ លោកបន្តថា ជនរងគ្រោះ ត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជនទេនោះ៕

website_news/2022211001.txt · Last modified: 2022/10/21 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki