website_news:2022211201

ពលករកម្ពុជានៅប្រើប្រព័ន្ធក្រៅផ្លូវការដើម្បីបានទៅធ្វើការនៅប្រទេសជិតខាង

https://khmer.voanews.com/a/cambodian-workers-still-use-informal-systems-to-go-to-work-in-neighboring-countries/6882506.html 19 ធ្នូ 2022ហ៊ុល រស្មី

ភ្នំពេញ៖ ពលករខ្មែរចំណាកស្រុកភាគច្រើនបានបោះបង់ចោលប្រព័ន្ធផ្លូវការនៅក្នុងការចេញទៅធ្វើការនៅប្រទេសជិតខាង ក្រោមហេតុផលនៃការចំណាយខ្ពស់ និងភាពស្មុគស្មាញនៃការរត់ឯកសារដែលបណ្តាលឲ្យពួកគេប្រឈមមុខនឹងការខាតបង់ដោយសារការកេងប្រវ័ញ្ច ឬត្រូវប្រឈមមុខនឹងវិធានការសន្តិសុខ។ នេះជាការវាយតម្លៃរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ (Central) ដែលបានបន្តផ្តួចផ្តើមប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ អង្គការសង់ត្រាល់ បានយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបង្ហាញថា ពលករកម្ពុជាចំនួន១លាន៣សែននាក់កំពុងបម្រើការងារក្នុងប្រទេសគោលដៅ រួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង គុយវ៉ែត រដ្ឋបាលពិសេសហុងកុង ហ្គាតា អារ៉ាប៊ីសាអូឌីត និងប្រទេសជាច្រើនទៀតដែលមាន និងមិនមានកិច្ចព្រមព្រៀងផ្លូវការ ហើយដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងទាំងស្រុងនៃចំនួនពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅក្រៅប្រទេស។ បើតាមអង្គការសង់ត្រាល់ ពលករកម្ពុជាចំនួនច្រើនបានធ្វើចំណាកស្រុកតាមប្រព័ន្ធមិនផ្លូវការ។ តាមការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ គ្រាន់តែក្នុងប្រទេសថៃមានពលករចំណាកស្រុកកម្ពុជាប្រមាណ២លាននាក់កំពុងបម្រើការនៅទីនោះ ដែលភាគច្រើនធ្វើការក្នុងវិស័យសំណង់ កសិកម្ម នេសាទ ការងារតាមផ្ទះ និងវិស័យក្រៅប្រព័ន្ធផ្សេងៗទៀត។ ក្នុងនោះ មានពលករប្រមាណតែ១៥ម៉ឺននាក់ប៉ុណ្ណោះ ដែលធ្វើចំណាកស្រុកតាមរយៈប្រព័ន្ធផ្លូវការ MOU (ឬអនុស្សរណៈនៃការយោគយល់គ្នា) ទៅបំពេញការងារក្នុងវិស័យដូចជា ចំណីអាហារ កែច្នៃអាហារសមុទ្រ និងរោងចក្រអគ្គិសនីជាដើម។

តាមការចេញទៅធ្វើការនៅក្រៅប្រទេសតាមប្រព័ន្ធមិនផ្លូវការនេះ ពលករត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា ក្នុងឆ្នាំ២០២២នេះ អង្គការសង់ត្រាល់បានកត់ត្រាករណីពលករចំណាកស្រុកកម្ពុជាត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរថៃនៅតាមព្រំដែន ស្របពេលពួកគេឆ្លងដែនទៅរកការងារធ្វើ ដោយមិនមានឯកសារស្របច្បាប់ចំនួន៩២ករណី ដែលមានពលរដ្ឋកម្ពុជាចំនួន២.១២១នាក់ក្នុងនោះច្រើនជាង៤០ភាគរយជាស្ត្រី និងកុមារតូចៗ។ សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់បានលើកឡើងក្នុងន័យដើមថា៖ «ដំណើរការនៃការធ្វើចំណាកស្រុកតាមប្រព័ន្ធផ្លូវការ MOU មានបញ្ហាប្រឈមមួយចំនួនដែលនាំឲ្យពលករមិនអាច និងពិបាកដំណើរការទៅបាន រួមមានត្រូវចំណាយពេលវេលារង់ចាំយូរ នីតិវិធីស្មុគស្មាញ និងតម្លៃខ្ពស់លើសលប់ និងមិនបានកំណត់ច្បាស់លាស់»។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ «តាមរយៈការសិក្សាដដែល និងការផ្តល់ព័ត៌មានត្រឡប់ពីអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក ដែលបានសម្ភាសផ្ទាល់ជាមួយអតីតពលករ បានបញ្ជាក់ថា ពលករម្នាក់ត្រូវចំណាយប្រាក់ចន្លោះពី៣០០ដុល្លារ ទៅ៦៥០ដុល្លារ និងពេលវេលារង់ចាំចន្លោះពី១ខែ ទៅ៦ខែ»។

ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់លោក ឌី ថេហូយ៉ា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ពលករត្រូវចំណាយពេលជាង៤០ថ្ងៃ ឬច្រើនជាងនេះ ប្រសិនបើត្រូវទៅតាមលក្ខខណ្ឌស្របច្បាប់ ព្រោះក្រុមហ៊ុនជ្រើសរើសពលករត្រូវប្រើពេលដើម្បីប្រមូលកម្លាំងពលកម្មសរុបសម្រាប់ការបញ្ជូនចេញ។ លោកថ្លែងថា៖ «ការអនុវត្ត គាត់អាចរហូតទៅដល់៩០ថ្ងៃ ៣ខែ ឬ៦ខែ អ៊ីចឹង គាត់ត្រូវរង់ចាំ ឧទាហរណ៍ថា គាត់ទៅដាក់ពាក្យតាមក្រុមហ៊ុនកហ្នឹង ទម្រាំតែប្រមែប្រមូលមនុស្សបាន ឬទម្រាំតែបានបញ្ជូនទៅ អ្នកខ្លះមិនទាន់មានតម្រូវការពីប្រទេសគោលដៅផង ប៉ុន្តែចេះតែជ្រើសរើសគាត់អ៊ីចឹងទៅ។ ដល់ពេលជ្រើសរើសបាន គាត់ដាក់ពាក្យ ហើយខ្ចីគេលុយគេ ហើយបង់ថ្លៃអស់ហើយ គាត់ត្រូវរង់ចាំយូរ ៣ខែ៦ខែ។ បើសិនជាគាត់ខ្ចីគេ ៦០០ ឬ ៧០០ដុល្លារ ហើយដេកបង់ការប្រាក់ពី១ខែទៅ៦ខែ… ហ្នឹង វាមានបញ្ហាកន្លែងហ្នឹង»។

បើតាមលោកឌី ថេហូយ៉ា រដ្ឋាភិបាលគួរតែសហការជាមួយប្រទេសគោលដៅក្នុងការរៀបចំបង្កើតឲ្យមានច្រកចេញចូលតែមួយសម្រាប់ការធ្វើឯកសារនានាៗដូចធ្លាប់បានរៀបចំធ្វើក្នុងខេត្តរ៉ាក់យ៉ងប្រទេសថៃ ហើយការធ្វើឯកសារដើម្បីបានទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃ ឬគោលដៅផ្សេងទៀតស្របតាមអនុស្សរណៈយោគយល់គ្នា មិនគួរលើសពីមួយខែទេ ដើម្បីសម្រួលបន្ទុកខាងសង្គមនិ ងសេដ្ឋកិច្ចដល់ពលករដែលចង់ចេញទៅធ្វើការនៅក្រៅប្រទេស ឬពលករដែលមានឯកសារពាក់ព័ន្ធការងារដែលមាននៅក្រៅប្រទេសរួចស្រេចហើយ តែផុតសុពលភាព។ ពលករដែលចំណាកស្រុកដោយមិនមានឯកសារស្របច្បាប់បានជួបស្ថានភាពលំបាកគួរឲ្យកត់សម្គាល់។ ពួកគេត្រូវប្រឈមនឹងការរស់នៅ និងធ្វើការដោយមិនមានភាពស្របច្បាប់ មានការភ័យខ្លាចអាជ្ញាធរចាប់ខ្លួន ចំណាយច្រើន ឬត្រូវកាត់កងប្រាក់ឈ្នួលដើម្បីឲ្យមេខ្យល់ ឬថៅកែរត់ការឯកសារឲ្យ ការងារមិនឋិតថេរជាប់លាប់ មិនទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារ ជាពិសេសកិច្ចគាំពារសង្គម និងងាយធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះនៃអំពើជួញដូរមនុស្ស។ នេះបើតាមអង្គការសង់ត្រាល់។

អង្គការសង់ត្រាល់ឲ្យដឹងទៀតថា នៅប្រទេសគោលដៅឯណោះវិញ ពលករចំណាកស្រុកដែលមានឯកសារត្រឹមត្រូវអាចប្រឈមនឹងការបាត់បង់ភាពស្របច្បាប់របស់ខ្លួននៅពេលហួសសុពលភាព ហើយនីតិវិធីនៃការបន្តឯកសារអាចមានភាពស្មុគស្មាញ ចំណាយខ្ពស់ និងអាចចាញ់បោកគេ។ ក្រៅពីបញ្ហានេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់លោក ឌី ថេហូយ៉ា កត់សម្គាល់ទៀតថា ពលករចំណាកស្រុកកម្ពុជាមានបញ្ហាប្រឈមចម្បងមួយទៀត គឺលទ្ធភាពទទួលបានកិច្ចគាំពារសង្គមនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅដែលនៅមានកម្រិត។ លោកថ្លែងថា៖ «តម្រូវការអាទិភាពទីមួយ គឺទទួលបានឯកសារស្របច្បាប់។ តម្រូវការទីពីរគឺកិច្ចគាំពារសង្គមហ្នឹង។ ហើយសំណួរសួរថា បើសិនជាគាត់អត់ទទួលបានឯកសារស្របច្បាប់ តើគាត់មានប្រឈមអីខ្លះ? ហ្នឹងគឺថា គាត់នឹងប្រឈមទីមួយ គាត់នឹងក្លាយជាជនដែលងាយរងគ្រោះអំពីអំពើជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្ស ក៏ដូចជារូបភាពនៃអំពើរំលោភបំពានផ្សេងៗ»។

នៅត្រង់ចំណុចកិច្ចគាំពារសង្គមនេះ សេចក្តីថ្លែងការណ៍ខាងលើរបស់អង្គការសង់ត្រាល់បានបង្ហាញថា ច្បាប់ការងារ និងច្បាប់ស្តីពីកិច្ចគាំពារសង្គមក្នុងប្រទេសគោលដៅមិនបានដាក់បញ្ចូលពលករចំណាកស្រុកគ្រប់វិស័យឱ្យទទួលបានអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមបានពេញលេញនៅឡើយ ព្រោះហេតុផលសញ្ជាតិ ស្ថានភាពនៃការចំណាកស្រុក ប្រភេទការងារ និងដោយសារការរើសអើងជាដើម បើទោះបីពួកគេមួយចំនួនធំបានបង់វិភាគទាន៥ភាគរយនៃប្រាក់ឈ្នួល ចូលក្នុងមូលនិធិធានារ៉ាប់រងសង្គមក៏ដោយ។ អង្គការសង់ត្រាល់ ដោយមានការចួលរួមពីអង្គការសង្គមស៊ីវិលផ្សេងទៀត បានលើកឡើងអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ក្នុងនោះ គឺការបង្កើតការងារ និងមុខរបរក្នុងស្រុកឲ្យបានគ្រប់គ្រាន់ និងបង្កើតយន្តការត្រួតពិនិត្យ តាមដានចំពោះការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសពលករ ដើម្បីធានានូវការអនុវត្តប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ ទៅលើដំណើរការនៃការជ្រើសរើស និងបញ្ជូនពលករប្រកបដោយក្រមសីលធម៌ ហើយរដ្ឋត្រូវពង្រីកវិសាលភាពនៃការផ្តល់ជូនកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុកតាមរយៈកិច្ចព្រមព្រៀងជាមួយប្រទេសទទួលនានា។

វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ តែគ្មានការឆ្លើយតបសំណួរផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។ គួរបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០០០ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៨ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិ។ ការកំណត់យកថ្ងៃ១៨ធ្នូនោះ គឺក្រោមហេតុផលថា នាថ្ងៃនោះក្នុងឆ្នាំ១៩៩០ អង្គការសហប្រជាជាតិបានសម្រេចអនុម័តអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ។

នៅកម្ពុជា អង្គការសង់ត្រាល់បានប្រារព្ធទិវានេះម្តងទៀតនៅឆ្នាំ២០២២នេះ ដោយមានកិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដោយមានអ្នកចូលរួម៩៣២នាក់ តិចជាង១០៣០នាក់ កាលពីឆ្នាំទៅ ដែលអង្គការសង់ត្រាល់បានធ្វើនៅប្រទេសកម្ពុជា ថៃ និងជប៉ុន៕

website_news/2022211201.txt · Last modified: 2022/12/21 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki