website_news:2022211202

ក្នុងឆ្នាំ២០២២នេះមានពលករខ្មែរចំណាកស្រុកដោយចាញ់បោកមេខ្យល់ជាង៩០ករណី

https://www.khmertimeskh.com/501205527// December 20, 2022

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានកត់ត្រាថា ក្នុងឆ្នាំ២០២២ មានករណីពលករខ្មែរចំណាកស្រុកចាញ់បោកមេខ្យល់ជាង៩០ករណី ដែលមានពលករប្រមាណជាងពីរពាន់នាក់ ហើយក្នុងនោះច្រើនជាង៤០ភាគរយជាស្ត្រីនិងកុមារ។

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានប្រាប់ខ្មែរថាមស៍ពីម្សិលមិញថា ទាំងជាង៩០ករណី ដែលពលករខ្មែរត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងខ្លះទៀតបានចាញ់បោកមេខ្យល់អស់ប្រាក់ចន្លោះពី២០០ទៅ៥០០ដុល្លារអាមេរិកក្នុងមួយម្នាក់។ លោកបញ្ជាក់ថា មានបញ្ហាប្រឈមមួយចំនួនដែលធ្វើឱ្យពលករខ្មែរមិនអាចធ្វើចំណាកស្រុកដោយស្របច្បាប់ ជាពិសេសការធ្វើចំណាកស្រុកតាមប្រព័ន្ធផ្លូវការ MoU ដោយសារតែមានបញ្ហានីតិវិធីស្មុគស្មាញ ចំណាយពេលយូរ និងមានតម្លៃខ្ពស់សម្រាប់ពួកគេ គឺក្នុងមួយម្នាក់ត្រូវចំណាយប្រាក់ចន្លោះពី៣០០ ទៅ ៦៥០ដុល្លារអាមេរិក ហើយត្រូវរង់ចាំចន្លោះពីមួយខែទៅប្រាំមួយខែ។ តាមការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ ពលករចំណាកស្រុកចូលក្នុងប្រទេសថៃមានប្រមាណ២លាននាក់ ដែលកំពុងបម្រើការក្នុងវិស័យយសំណង់ កសិកម្ម នេសាទ ឧស្សាហកម្មចំណីអាហា រោងចក្រអេឡិចត្រូនិក និងការងារតាមផ្ទះជាដើម ដោយក្នុងនោះមានពលករប្រមាណតែ១៥ម៉ឺននាក់ប៉ុណ្ណោះ ដែលចំណាកស្រុកតាមប្រព័ន្ធផ្លូវការ MoU។

លោកបន្តថា ពលករខ្មែរមួយចំនួនប្រឈមនឹងការចាប់ខ្លួនពីសំណាកអាជ្ញាធរថៃ ដោយសារតែការធ្វើដំណើររកការងារធ្វើអំឡុងពេលរឹតត្បិតការធ្វើដំណើរដោយសារតែការឆ្លងជំងឺកូវីដ-១៩។ ពលករខ្មែរទាំងនោះ បានប្រឈមនឹងភាពគ្មានការងារ និងជំពាក់បំណុល ហើយពលករខ្លះទៀត ក៏ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្សជាដើម។ លោកបន្ថែមថា៖ «អ្នកចំណាកស្រុកដោយមិនស្របច្បាប់ត្រូវប្រឈមនឹងការរស់នៅ មានការភ័យខ្លាចអាជ្ញាធរចាប់ឃាត់ខ្លួន មានការចំណាយច្រើនឬត្រូវកាត់កងប្រាក់ឈ្នួល ដើម្បីឱ្យមេខ្យល់ មិនទទួលបានសិទ្ធិការពារ និងងាយធ្លាក់ក្នុងស្ថានភាពរងគ្រោះនៃអំពើជួញដូរមនុស្ស»។ លោកបន្ថែមទៀតថា៖ «ចំណែកពលករចំណាកស្រុក ដែលមានឯកសារត្រឹមត្រូវអាចប្រឈមនឹងការបាត់បង់ភាពស្របច្បាប់នៅពេលហួសសុពលភាព ហើយនីតីវិធីបន្តឯកសារអាចមានភាពស្មុគស្មាញ ចំណាយខ្ពស់ និងអាចចាញ់បោកគេ ដូចជាករណីពលរដ្ឋចាញ់បោកមេការឬអ្នករត់ការ និងថៅកែធ្វើឯកសារក្លែងក្លាយ ដែលធ្វើឱ្យពួកគេប្រឈមជាប់ពន្ធនាគារ និងបាត់បង់ប្រាក់»។

ខ្មែរថែមស៍មិនអាចសុំការបញ្ជាក់ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេពីម្សិលមិញ។

យោងតាមរបាយការណ៍ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញថាកម្ពុជាមានពលករចំណាកស្រុកជាង១,៣លាននាក់ បានចំណាកស្រុកទៅរកការងារធ្វើនៅឯក្រៅប្រទេស ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារនៅក្នុងស្រុក។ ប៉ុន្តែអង្គការសង់ត្រាល់និយាយថា តួលេខនេះមិនឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងទាំងស្រុងនៃចំនួនពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសឡើយ។ ជាមួយគ្នានេះ អង្គការជំរុញឱ្យរដ្ឋាភិបាលពន្លឿននីតិវិធីផ្ដល់ភាពស្របច្បាប់ដល់ពលករតាមប្រព័ន្ធផ្លូវការ MoU ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយកំណត់តម្លៃសមរម្យក្នុងការធ្វើឯកសារ ត្រូវចំណាយរយៈពេលខ្លី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ មួយទៀត គឺរដ្ឋាភិបាលនៅតែអាចសហការជាមួយរដ្ឋាភិបាលថៃធ្វើឯកសារតាមច្រកចេញចូលតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករបន្តសុពលភាពឯកសារស្របច្បាប់៕

website_news/2022211202.txt · Last modified: 2022/12/21 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki