website_news:2022211204

ពលករចំណាកស្រុក ជាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីបី

https://www.rfi.fr/km//20221219-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 19/12/2022 - 16:53

បើសរុបចូលគ្នាទូទាំងពិភពលោក ពលករអន្តោប្រវេសន៍ គឺជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់លេខបី នៅពីក្រោយសហរដ្ឋអាមេរិក (លេខមួយ) និងចិន។ នេះបើតាមការសិក្សារបស់វិទ្យាស្ថាន BCG Henderson Institute នៃមជ្ឈមណ្ឌលសិក្សាវិភាគBoston consulting Group ដែលចេញផ្សាយជារបាយការណ៍នៅថ្ងៃចន្ទទី ១៩ធ្នូនេះ ដោយសហការជាមួយអង្គការសហប្រជាជាតិ។ នៅលើភពផែនដីបច្ចុប្បន្ននេះ មានមនុស្ស២៨០លាននាក់ដែលគេចាត់ទុកជាពលករចំណាកស្រុក។ ប្រសិនបើពលករអន្តោប្រវេសន៍ទាំងអស់នេះ រស់នៅផ្តុំជុំគ្នាក្នុងតែប្រទេសមួយ ប្រទេសពលករចំណាកស្រុកនោះ នឹងក្លាយជាប្រទេសទីបួនដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។

ការសិក្សារបស់វិទ្យាស្ថាន BCG Henderson Institute ដែលមានផ្តល់ជាតួលេខច្បាស់ៗ បានជម្រះមន្ទិលនិងគំនិតមិនល្អចំពោះអន្តោប្រវេសន៍ទៀត។ ផ្ទុយពីការគិត ពលករចំណាកស្រុក គឺជាកម្លាំងសេដ្ឋកិច្ច។ ជារៀងរាល់ឆ្នាំ ការងាររបស់ពលករចំណាកស្រុក បង្កើតចំនូលបានសរុបប្រមាណ ៩ទ្រីលានដុល្លារ (៩០០០លានដុល្លារ)។ បើសរុបបញ្ចូលគ្នា គិតជាប្រទេសតែមួយវិញ នោះចំណូលសរុបរបស់ពួកគេ នឹងមានកំរិតជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបីនៅលើពិភពលោក នៅពីក្រោយអាមេរិកនិងចិន។ នេះគេនៅមិនទាន់រាប់បញ្ចូលអំពី ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋចំណាកស្រុក នៅក្នុងការចាយវាយ ការធ្វើទំនើបកម្ម ឬសកម្មភាពបង្កើត-បង្កើនសហគ្រាសក្រុមហ៊ុនផង។

នាពេលអនាគត តួនាទីរបស់ពលករអន្តោប្រវេសន៍នឹងកើនឡើងជាលំដាប់។ នេះបើតាមវិទ្យាស្ថានដដែល។ សេដ្ឋកិច្ចពិភពលោកដែលកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មយ៉ាងខ្លាំងក្លានោះ ទំនងជាត្រូវការពលករប្រមាណជាង៣០លាននាក់ សម្រាប់មកបម្រើការនៅក្នុងវិស័យឧស្សាហកម្មសិប្បកម្ម វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យទូរគមនាគមន៍ ឬក្នុងវិស័យសុខាភិបាល។ ប្រធានក្រុមហ៊ុនសហគ្រាស ចំនួន៧២% ចាត់ទុកពលករចំណាកស្រុកថាជាទ្រព្យសកម្មពិតៗ ជាពិសេសបើនិយាយអំពីផ្នែកទំនើបកម្ម។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅវិញ ភាគច្រើនមិនផ្តល់តម្លៃរបស់អន្តោប្រវេសន៍ទេ។មានតែ៤០%ប៉ុណ្ណោះដែលយល់ស្របតាមគំនិតរបស់ប្រធានក្រុមហ៊ុនសហគ្រាស៕

website_news/2022211204.txt · Last modified: 2022/12/21 09:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki