website_news:2022220203

ត្រឹមមួយយប់ ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រី១០នាក់ នៅ២គោលដៅផ្សេងគ្នា

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១៥:១៤

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ៥១៣ នៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចំនួន០២នាក់ (ស្រី) បម្រុងលួចឆ្លងដែនដោយខុសច្បាប់តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ ស្ថិតក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅយប់ថ្ងៃដដែលកម្លាំងទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៨នាក់ទៀត ក្នុងនោះស្រី០៣នាក់ ដែលលួចឆ្លងចូលទឹកដីថៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន០២នាក់ (ស្រី) ក្រោយពីត្រូវកម្លាំងនគរបាល និងកម្លាំងយោធា ឃាត់ខ្លួន និងសួរនាំ ធ្វើកិច្ចសន្យារួចមក ក៏បានធ្វើការប្រគល់ទៅអធិការដ្ឋាននគរបាលស្រុម៉ាឡៃ ដើម្បីមានវិធានការបន្ត ។ លោកមេបញ្ជាការបានបញ្ជាក់ទៀតថា ដោយឡែកនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ដដែល ក៏មានពលរដ្ឋខ្មែរចំនួន០៨នាក់ទៀត ក្នុងនោះស្រី០៣នាក់ បានលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានទាហានព្រានឈុតខ្មៅថៃ កងអនុសេនាធំលេខ១៣.០៥ ដែលឈរជើងទល់មុខភូមិសាស្ត្រប៉ុស្ដិ៍ក្បាលទំនប់ ធ្វើការឃាត់ខ្លួនផងដែរ ។ ប្រភពដដែលបន្តថា ពលរដ្ឋទាំង០៨នាក់ខាងលើនេះ បន្ទាប់ពីធ្វើការសួរនាំរួច ទាហានព្រានឈុតខ្មៅថៃកងអនុសេនាធំលេខ១៣.០៥ បានបញ្ជូនពួកគាត់ទៅកាន់អធិការដ្ឋាននគរបាលក្លងណាំសៃ ស្ថិតក្នុងភូមិបានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីចាត់វិធានការបន្តទៀត ៕

website_news/2022220203.txt · Last modified: 2022/02/22 21:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki