website_news:2022220204

អាជ្ញាធរចិនអះអាងថា បុរសចិនម្នាក់រងគ្រោះដោយការជួញដូរនៅកម្ពុជាតាមរយៈការងារគេហទំព័រ 58.com

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2022-02-19

ពាក់ព័ន្ធនឹងជនរងគ្រោះជួញដូរមនុស្សជនជាតិចិននេះដែរ អាជ្ញាធរចិនរកឃើញថា ជនរងគ្រោះរូបនេះបានជឿលើការផ្សព្វផ្សាយពាណិជ្ជកម្មរកការងារ តាមរយៈគេហទំព័រ 58.com ដើម្បីទៅធ្វើការជាឆ្មាំសន្តិសុខ នៅតាមក្លឹបកំសាន្តរាត្រីនៅប្រទេសកម្ពុជា ដែលនឹងទទួលបានប្រាក់ខែច្រើន ជាងធ្វើឆ្មាំសន្តិសុខនៅប្រទេសចិន។

ទីភ្នាក់ងារពត៌មានរ័យទ័រ (Reuters) ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឲ្យដឹងថា គេហទំព័រ 58.com នេះ មានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រឹដ្ឋជន រកស៊ីជួញដូរមនុស្សនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ឈ្មោះ ក្រេកលីស (Craigslist)។ ម្ចាស់ក្រុមហ៊ុននេះ សន្យាថា នឹងសហការជាមួយប៉ូលិសស៊ើបអង្កេតនៅកម្ពុជា ពាក់ព័ន្ធនឹងករណី ជួញដូរមនុស្សនេះ ទោះបីមិនទាន់ដឹងច្បាស់ថា តើការផ្សាយពាណិជ្ជកម្មការងារនេះ មានការក្លែងបន្លំលើគេហទំព័ររបស់ខ្លួនដែរឬទេ។

ទោះបីជាស្ថានទូតចិនប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយបានទទួលស្គាល់ថា លោក លី ត្រូវបានបោកបញ្ឆោត តាមការផ្សាយពាណិជ្ជកម្មមិនពិតនេះ និងត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស វាយធ្វើបាប និងបានបូមឈាមជាច្រើនដង ដោយសារគាត់មិនព្រមធ្វើការតាមការបង្ខិតបង្ខំក៏ដោយ ក៏ប៉ុន្តែស្ថានទូតមិនបានបញ្ជាក់ប្រាប់ពីគេហទំព័រផ្សាយពាណិជ្ជកម្ម 58.com នោះឡើយ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលចង់មកធ្វើការនៅប្រទេសកម្ពុជា ត្រូវអនុវត្តតាមបណ្តាញផ្លូវការ និងកុំឱ្យជឿលើការផ្សាយពាណិជ្ជកម្មមិនពិត អំពីការងារដែលមានប្រាក់ខែខ្ពស់។ ក្នុងករណីមានការក្លែងបន្លំ ចាប់ជំរិត និងការរឹតត្បិតសេរីភាពផ្ទាល់ខ្លួន ជាដើម ជនរងគ្រោះ ត្រូវតែព្យាយាមរាយការណ៍ទៅស្ថានទូតអំពីស្ថានការណ៍ដើម្បីឱ្យប៉ូលិសស៊ើបអង្កេតទាន់ពេលវេលា។ ប្រភពដដែលបន្តថា ល្បែងកាស៊ីណូភ្នាល់អនឡាញ (Online) កំពុងប្រតិបត្តិការខុសច្បាប់នៅប្រទេសកម្ពុជា និងនៅប្រទេសហ្វីលីពីន (Philippines) ដែលអាជ្ញាធរនៃប្រទេសទាំងនេះ មិនបានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់និងបង្ក្រាបឡើយ៕

website_news/2022220204.txt · Last modified: 2022/02/22 21:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki