website_news:2022220205

សមត្ថកិច្ចអះអាងថា កំពុងស៊ើបអង្កេតករណីបង្ខំបូមឈាមជនជាតិចិននៅខេត្តព្រះសីហនុ

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2022-02-18

សមត្ថកិច្ចអះអាងថា កំពុងស៊ើបអង្កេតករណីបោកបញ្ឆោតបូមឈាមជនជាតិចិនម្នាក់ ដែលរងគ្រោះដោយការជួញដូរនៅខេត្តព្រះសីហនុ។ សមត្ថកិច្ចអះអាងថា ករណីនេះពិបាកស្រាវជ្រាវ និងស៊ើបអង្កេត ដោយសារព័ត៌មានដែលជនរងគ្រោះផ្តល់ព័ត៌មានមិនច្បាស់លាស់។ មន្ត្រីអង្គការសង្គមស៊ីវិលជំរុញដល់សមត្ថកិច្ចខេត្តព្រះសីហនុ បើកការស៊ើបអង្កេតឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋទាំងនោះ។ សមត្ថកិច្ចខេត្តព្រះសីហនុអះអាងថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតករណីជនជាតិចិនម្នាក់ដែលត្រូវបានគេបង្ខំបូមឈាម រហូតដល់មានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ កុម្ភៈថា រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ មិនទាន់រកឃើញទីតាំងធ្វើទារុណកម្ម ឬបង្ខាំង និងការបូមឈាមលក់ដូចការលើកឡើងទេ ដោយសារបុរសជនជាតិចិននោះផ្តល់ព័ត៌មានឱ្យសារព័ត៌មាន និងសមត្ថកិច្ចមិនជាក់លាក់អំពីទីតាំង។ លោកបន្តថា សមត្ថកិច្ចត្រូវការកិច្ចសហការជាមួយគាត់ និងតំណាងស្ថានទូតចិនឱ្យបានច្បាស់លាស់បន្ថែមទៀត ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមជនល្មើស៖ «ជាប្រធានបទមួយដែលខ្ញុំជាសមត្ថកិច្ចត្រូវការស្រាវជ្រាវ ប៉ុន្តែពីមុនរហូតមកដល់ឥឡូវនេះយើងមិនទាន់ជួបប្រទះថា អ្នកណាមួយដែលចាប់មនុស្សបូមឈាមលក់ទេ ព័ត៌មាននេះយើងកំពុងធ្វើការស្រាវជ្រាវ ហើយគ្មានទីតាំងណាមួយអាថ៌កំបាំងដែលសមត្ថកិច្ចយើងចូលបានទេ ប៉ុន្តែការចង្អុលបង្ហាញរបស់គាត់តាមសារព័ត៌មាន និងគាត់និយាយនេះមិនជាក់លាក់អំពីទីតាំងច្បាស់លាស់ អ៊ីចឹងត្រូវតែសហការជាមួយគាត់ឱ្យបានត្រឹមត្រូវ»។

ជនជាតិចិនដែលរងគ្រោះដោយសារការជួញដូរនោះ មានឈ្មោះ លី អាយុជាង៣០ឆ្នាំ។ ពេលនេះ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកអះអាងថា លោកត្រូវបានគេបោកបញ្ឆោតឱ្យបង្ហូរឈាមរបស់គាត់ជាច្រើនដងនៅកម្ពុជាចាប់តាំងពីខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យគាត់ទន់ខ្សោយ និងសុខភាពស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងន់។ លោក លី បានរៀបរាប់ប្រាប់វិទ្យុវីអូឌី (VOD) ថា លោកធ្លាប់ជាឆ្មាំសន្តិសុខនៅទីក្រុងប៉េកាំង ប៉ុន្តែដោយសារមើលឃើញថាមានការផ្សព្វផ្សាយទាក់ទងនឹងការងារដែលទទួលប្រាក់ខែល្អជាងមុន លោកបានធ្វើដំណើរមកនៅខេត្តក្វាងស៊ី (Guangxi) ជិតព្រំដែនវៀតណាម។ បន្ទាប់មក លោក ត្រូវបានគេសម្ភាសន៍ ហើយត្រូវបានដឹកតាមឡានជាច្រើនថ្ងៃឆ្លងកាត់វៀតណាមមកដល់កម្ពុជានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ លោកអះអាងទៀតថា លោកត្រូវបានគេវាយដំជាច្រើនដងនៅអគារ ដែលលោកស្គាល់ឈ្មោះថា ជីន ស៊ី ១០ (Jinshui 10) និងកៃបូ (Kaibo) នៅក្នុងបរិវេណឆៃណាថោន (Chinatown) ក្បែរឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ និងនៅខេត្តកោះកុងផងដែរ។ លោកបញ្ជាក់ថា លោកត្រូវបានគេបូមឈាមក្នុងបរិមាណដ៏ច្រើន រហូតដល់លោកមានបញ្ហាសុខភាពធ្ងន់ធ្ងរអំឡុងពេលនោះ។

ជុំវិញរឿងនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយបានទទួលស្គាល់ថា លោក លី ត្រូវបានបោកបញ្ឆោតតាមការផ្សាយពាណិជ្ជកម្មមិនពិត ហើយត្រូវបានបង្ខិតបង្ខំដោយឧក្រិដ្ឋជនឱ្យរត់ពន្ធមនុស្សមកកម្ពុជា។ បន្ទាប់មក គាត់ត្រូវបានឃុំខ្លួនដោយខុសច្បាប់ដោយក្រុមល្បែងស៊ីសងតាមអ៊ីនធឺណិត និងក្រុមឆបោកនៅឆៃណាថោន (Chinatown) ក្នុងខេត្តព្រះសីហនុ ហើយបូមឈាមជាច្រើនដងរហូតដល់គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ថានទូតបានឱ្យដឹងទៀតថា ស្ថានភាពរាងកាយអ្នកជំងឺមានស្ថានភាពល្អប្រសើរហើយ ហើយស្ថានទូតកំពុងស៊ើបអង្កេតករណីរំលោភបំពាននេះ ដើម្បីកសាងសំណុំរឿងឱ្យបានឆាប់រហ័ស។

ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា បទល្មើសឧក្រិដ្ឋភាគច្រើននៅខេត្តព្រះសីហនុបង្កឡើងជនជាតិចិន ហើយបង្កអសន្តិសុខសង្គម និងបង្កភាពភ័យខ្លាចពលរដ្ឋ។ លោកបន្តថា ករណីជួញដូរសរីរាង្គមនុស្សដោយការបង្ខំបូមឈាម គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេះ៖ «ករណីនេះយើងឃើញថា មិនមែនករណីធម្មតាទេ ដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ពីព្រោះប្រសិនបើកើតលើទឹកដីកម្ពុជាយើងមែន ត្រូវតែស៊ើបអង្កេតរកឬសគល់ រកបញ្ហា ដូចជាបទល្មើសដែលបានកើតឡើងហ្នឹងយ៉ាងម៉េច ហើយអនុវត្តន៍តាមផ្លូវច្បាប់ ប្រសិនអ្វីដែលជនរងគ្រោះរៀបរាប់ពិតប្រាកដ វាគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាស់»។

កាលពីឆ្នាំ២០២០ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិនជាង ៥០០ (៥២៣)នាក់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនដែលត្រូវបានចាប់ខ្លួនភាគច្រើនមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃាតកម្ម ចាប់ជំរិតទារប្រាក់ អំពើហិង្សា ឆបោក ចោរកម្ម រត់ពន្ធថ្នាំញៀន និងការប្រើប្រាស់អាវុធខុសច្បាប់៕

website_news/2022220205.txt · Last modified: 2022/02/22 21:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki