website_news:2022220303

ត្រឹម១ថ្ងៃ ពលករជាង៥០០នាក់មកពីថៃចូលកម្ពុជាវិញ រកឃើញកូវីដ៤នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២០ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៦:០៧

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខិតជិតមកដល់នេះ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គ្រាន់តែរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ មានចំនួន៥០៤នាក់ (ស្រី១២២នាក់ កុមារចំនួន៤៧នាក់) ក្នុងនោះរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៤នាក់ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅថ្លែងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នោះ ក្រុមការងារទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន២៨០នាក់(ស្រី១៤៥នាក់ កុមារ៣៧នាក់) និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់(ស្រី៣នាក់) ។ រីឯវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្លែងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ប៉ុស្តិ៍សង្កែ និងច្រកព្រំដែនម៉ាឡៃ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាមានចំនួន១៩៧នាក់(ស្រី៩៥នាក់ កុមារ៣នាក់)។

ចំណែកលោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មការច្រកតំបន់ព្រំដែនបឹងត្រកួនថ្លែងថា នៅថ្ងៃជាមួយគ្នានោះ ក្រុមការងារបានទទួលពលករខ្មែរចំនួន២៧នាក់(ស្រី១២នាក់) ពួកគាត់ត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញដើម្បីមកជួបជុំក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ៕

website_news/2022220303.txt · Last modified: 2022/03/22 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki