website_news:2022220304

ពលករខ្មែរនៅថៃមួយចំនួនបន្តរស់នៅលំបាកដោយសារវិបត្តិជំងឺកូវីដ១៩អូសបន្លាយពេល

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី2022-03-20

ពលករខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសថៃបន្តមានជីវភាពលំបាក ដោយសារគ្មានការងារធ្វើទៀងទាត់។ អំឡុងបុណ្យឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ពួកគេនឹងមិនបានទៅលេងស្រុកកំណើតនោះទេ ព្រោះគ្មានប្រាក់ធ្វើដំណើរទៅកម្ពុជា។ ពលករខ្មែរធ្វើការនៅប្រទេសថៃលើកឡើងថា ជីវភាពរបស់ពួកគេជួបការលំបាកខ្លាំងនៅរយៈពេល២ខែចុងក្រោយនេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩ បានផ្ទុះឡើងជាថ្មីនៅប្រទេសថៃ។

ប្រជាពលរដ្ឋមានស្រុកកំណើតនៅខេត្តឧត្ដរមានជ័យម្នាក់ លោកស្រី ភី រិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២០ មីនា ថា លោកស្រីមិនបានធ្វើការងារជាប់លាប់ប្រមាណ២ខែមកហើយ ដោយសារផ្ទុះការរាតត្បាតជំងឺកូវីដ១៩ នៅតំបន់ដែលលោកស្រីធ្វើការ។ ស្ត្រីវ័យ៥១ឆ្នាំដែលធ្វើការរោងចក្រផលិតជីនៅខេត្តអយុធ្យា (Ayutthaya )រូបនេះបន្តថា សព្វថ្ងៃនេះលោកស្រីធ្វើការបាន២ថ្ងៃក្នុងមួយខែ និងបានប្រាក់ឈ្នួលចំនួន៣០០បាតស្នើនឹងជាង៩ដុល្លារប៉ុណ្ណោះ។ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារលោកស្រី ហើយលោកស្រីបានខ្ចីប្រាក់ពីថៅកែអស់ជាង៥ពាន់បាត(៥.០០០) ឬស្មើនឹងប្រមាណ១៦០ដុល្លារហើយ ដើម្បីទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃ៖ «ឆ្នាំនេះដូចវាយ៉ាប់តែហ្មងដូចថា ជីវភាពលូតទៅមុខមិនរួចក្រោយមិនរួច ចិត្តខ្ញុំចង់ទៅជួបប្ដីជួបកូនចង់ងាប់ហើយ។ ខ្ញុំមកចោលកូនតាំងពីកូននៅតូចឥឡូវឡើងពេញកម្លោះបាត់ហើយមិនទាន់បានជួបផង ចាប់ពីកូវីដមកហ្នឹង។ វាអារឿងការងារអត់មានហ្មងជីវភាពវាយ៉ាប់ទៅ ចាប់តាំងពីទំនិញឡើងថ្លៃមកវាអត់ទិញមកសាងឱ្យខ្មែរយើងធ្វើទៀតអីចឹង។ នៅច្រើនណាស់ខ្មែរយើងម៉ាជួរខេត្តនេះបើរាប់រៀបវិញមិនអស់កន្លែងនៅទេ»។លោកស្រីបន្តថា នៅតំបន់លោកស្រីធ្វើការមានពលករខ្មែរប្រមាណ២ពាន់នាក់ស្នាក់នៅ ហើយពួកគាត់អត់ការងារធ្វើដូចគ្នា។ ក្នុងនោះមានពលករខ្លះបានទៅស៊ីឈ្នួលឱ្យធ្វើការតាមផ្ទះឱ្យជនជាតិថៃបានប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ស្រដៀងគ្នានេះដែរ ពលករធ្វើការនៅប្រទេសថៃម្នាក់ទៀត លោក ធឿន ស៊ីណេត រៀបរាប់ថា លោកមិនបានធ្វើការងារជាប់លាប់រយៈពេលជាង២ខែមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩ឆ្លងចូលក្នុងសហគមន៍។ ពលករនៅចំការមៀនវ័យ៣០ឆ្នាំរូបនេះបន្តថា នៅកន្លែងលោកធ្វើការក្នុងខេត្តច័ន្ទបូរី (Chanbori) មានពលករខ្មែរប្រមាណ១០គ្រួសារ រកប្រាក់មិនបានផ្ញើទៅឱ្យឪពុកម្ដាយនៅកម្ពុជានោះទេ ពោលគឺពួកលោកធ្វើការបានប្រាក់ឈ្នួលប្រមាណ ៤ពាន់បាត ឬស្មើនឹង១២៥ដុល្លារសម្រាប់ដោះស្រាយជីវភាពនៅក្នុងប្រទេសថៃប៉ុណ្ណោះ៖ «មិនដឹងធ្វើម៉េចបើយើងចេញទៅផ្ទះក៏វាមិនកើតអីចឹង ចេញទៅក៏វាអត់លុយអត់អីលំបាកចេញណាស់។ សុខចិត្តនៅនេះតេះៗឱ្យបានធូរចិត្តចាំទៅផ្ទះ បើទៅផ្ទះមានអីធ្វើ ខ្ញុំនៅជាមួយម៉ែមួយអីដែរហ្នឹង ហើយមួយផ្ទះប្រាំប្រាំមួយនាក់ណោះ។ នៅណេះយើងមានថៅកែអីចឹងយើងអាចខ្ចីគេខ្លះចាយតិចៗ បើយើងនៅខ្មែរយើងមានថៅកែមានអីណា មានដីមានអីដូចគេណា។ លំបាកណាស់យើងសម្រាកអីចឹងលំបាកដែរបើអត់មានការងារធ្វើចេះតែចង់ទៅធ្វើទៅ ព្រោះខ្ញុំត្រូវការចាយវាយច្រើនផង ទឹកដោះគោកូនដល់ទៅ២នាក់ណោះ»។ ដោយឡែកពលករធ្វើការសំណង់នៅទីក្រុងបាងកកឯណោះវិញពួកគេក៏មានជីវភាពខ្វះខាតដែរ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ លោកស្រី ជឿន ស្រីម៉ិច ថ្លែងថា នៅកន្លែងធ្វើការរបស់លោកស្រីមានពលករខ្មែរជិត១០០នាក់អត់ការងារធ្វើជាង១សប្ដាហ៍ហើយ ដោយសារមានពលករខ្លះបានឆ្លងជំងឺកូវីដ១៩។លោកស្រីបន្តថា នៅថ្ងៃទី២០ មីនា ខាងអង្គការសង់ត្រាល់បានផ្ដល់ស្បៀងអាហារមួយចំនួនជូនដល់ពួកលោកស្រី ក្រោយពីពួកគាត់បានស្នើសុំ។ ក្រុមពលករទាំងនេះថ្លែងថា ពួកគាត់នឹងមិនបានទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅពេលខាងមុខនោះទេ ព្រោះជីវភាពខ្វះខាត ហើយគ្មានប្រាក់ធ្វើដំណើរឆ្លងដែនទៅកម្ពុជា។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញទុក្ខលំបាករបស់ពលករទាំងនោះទេនៅថ្ងៃទី២០ មីនា។ ប៉ុន្តែ ហ្វេសប៊ុកស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកបានបង្ហោះសារពីការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅខេត្តឈុនបុរី (Chunbori)ជាប់ទីក្រុងបាងកកកាលពីថ្ងៃទី២៣ មករា។ មន្ត្រីស្ថានទូតបានអប់រំពន្យល់ណែនាំអំពីច្បាប់ការពារសិទ្ធិពលករ និងសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗចំពោះពលករដែលធ្វើការងារស្របច្បាប់ និងណែនាំឱ្យពួកគាត់ចេះវិធីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩។

ជុំវិញរឿងនេះ មន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) ប្រចាំប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា ជីវភាពរបស់ពលករអំឡុងពេលនេះលំបាកគ្រប់ទីកន្លែង ហើយពលករមួយចំនួនចាប់ផ្ដើមធុញទ្រាន់នឹងស្ថានភាពអូសបន្លាយវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យពួកគាត់ខកខានទៅលេងកម្ពុជាអស់រយៈពេលជាង២ឆ្នាំហើយ។ លោកបន្តថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករច្រើននាក់បានធ្វើដំណើរទាំងប្រថុយប្រថានត្រឡប់ទៅកម្ពុជាវិញ ដោយសារពួកគាត់មិនអាចអត់ទ្រាំនឹងការលំបាកនៅប្រទេសថៃបន្តទៅទៀតបាន៖ «ជាក់ស្ដែងនៅតាមមិនថាឡើយកន្លែងខ្ញុំនៅទេសូម្បីទេ កន្លែងដទៃផ្សេងៗដែលខ្ញុំចុះទៅហ្នឹងឃើញថា ពលករមានការឆ្លងជំងឺហើយមានការលំបាកក្នុងការរស់នៅ។ ខ្ញុំចង់បានមន្ត្រីពាក់ព័ន្ធនឹងពលករខ្មែរនៅថៃហ្នឹងជួយរកវិធានការណាមួយសម្រាលទុក្ខលំបាករបស់ពួកគាត់នៅពេលដែលពួកគាត់ប្រឈមនឹងបញ្ហាបច្ចុប្បន្នហើយយើង ដឹងហើយបញ្ហាប្រឈមរបស់ពួកគាត់មានអីខ្លះហ្នឹងខ្ញុំជឿថា មន្ត្រីស្ថានទូតនិងមន្ត្រីពាក់ព័ន្ធហ្នឹងខ្ញុំជឿថាពួកគាត់យល់ដឹងថា ក្រុមពលករគាត់មានបញ្ហាអី»។

លោក លឹង សុផុន បន្ថែមទៀតថា សព្វថ្ងៃនេះមានពលករខ្មែររាប់ម៉ឺននាក់អស់សុពលភាពទិដ្ឋាការនិងឯកសារធ្វើការងារស្របច្បាប់ ហើយពួកគាត់មិនបានបន្តសុពលឯកសារទាំងនោះឡើយ ដោយសារគ្មានប្រាក់បណ្ដាលមកពីអត់ការងារធ្វើទៀងទាត់អស់ជាច្រើនខែមកហើយ។ លោកជឿជាក់ថា ដើម្បីសម្រួលដល់ពលករទាំងនោះ មានតែរដ្ឋាភិបាលនិងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃជួយអន្តរាគមន៍ទៅអាជ្ញាធរថៃដើម្បីសម្រួលឱ្យពួកគាត់បន្តស្នាក់នៅប្រទេសថៃដោយមិនមានការចាប់ចងអំឡុងពេលនេះ។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ជិត២លាននាក់ធ្វើការងារនៅប្រទេសថៃ៕

website_news/2022220304.txt · Last modified: 2022/03/22 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki