website_news:2022220401

ចប់ចូលឆ្នាំ! ពលករខ្មែរនៅតែបន្តចូលកម្ពុជា តែក៏មានពលរដ្ឋលួចឆ្លងដែន ត្រូវចាប់ខ្លួន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២១ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ០៩:២៧

ខេត្តបន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ហើយ តែឃើញមានពលករខ្មែរនៅតែបន្តចូលមកកម្ពុជាដដែល ហើយក៏ត្រូវបានសមកិច្ចឃាត់ខ្លួនពលករខ្មែរដែលបម្រុងលួចឆ្លងទៅប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ។

ដោយយោងតាមរបាយការណ៍ក្រុមការងារទទួលពលករខ្មែរច្រកអូរបីជាន់ ស្រុកអូរជ្រៅ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដែលក្រុមការងារទទួលមានចំនួន៥៥នាក់ ក្នុងនោះស្រី៣០នាក់ និងកុមារ១២នាក់ (ស្រី៦នាក់) ។ ហើយក្នុងចំណោមពលរដ្ឋខ្មែរ ក្នុងនោះមានឯកសារ និងប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ១៩ មានចំនួន៥០នាក់ (ស្រី៣០នាក់) ត្រូវបានអោយបន្តដំណើរទៅផ្ទះ និងច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួកវិញ ក៏ទទួលពលករខ្មែរចំនួន០២នាក់ ស្រី១នាក់ និងមានឯកសារប័ណ្ណចាក់វ៉ាក់សាំង។ ប្រភពដដែលបន្តថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ក៏បានឃាត់ពលករខ្មែរចំនួន២៥នាក់ ក្នុងនោះស្រី១៣នាក់ ដែលកុមារ១នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ដែលត្រូវឃាត់ខ្លួនបាននៅចំណុចភូមិសាស្ត្រប៉ុស្តិ៍ភ្នំប្រាក់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។ ប្រភពដដែលបន្តថា ពលករខ្មែរលួចឆ្លងដែនទាំង២៥នាក់ ត្រូវបាននាំមកទីបញ្ជាការវរៈសនេនាតូច នគរបាលការពារព្រំដេនគោកលេខ៨០៧ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យា ដោយពលករខ្មែរបានប្រាប់ថា ៖ ពួកគាត់បម្រុងទៅប្រទេសថៃ ដើម្បីរកការងារធ្វើតាមរយៈមេខ្យល់ ហើយក៏ត្រូវបង់លុយមុនចេញទៅ ដោយក្នុងម្នាក់ៗតម្លៃ៥.០០០បាតទៅ៦.០០០បាត (ប្រមាណជាង៨០ម៉ឺនរៀល) ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

គួររំលឹកថា រយៈពេលកន្លងមក អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ក៏បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយបានដាក់វិធានការចំពោះកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ខានតែបានចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលមកកម្ពុជា និងពលករខ្មែរដែលលួចឆ្លងដែនទៅប្រទេសថៃ តាមរយៈមេខ្យល់ ត្រូវទប់ស្កាត់ និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ៕

website_news/2022220401.txt · Last modified: 2022/04/22 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki