website_news:2022220404

គ្រូបង្រៀនអង់គ្លេសប្រាប់តុលាការគាត់មិនបានប៉ះពាល់ក្មេងស្រីរងគ្រោះទេ

https://www.khmertimeskh.com/ ប៊ុត រស្មីគង្កា / ខ្មែរថាមស៍ April 21, 2022

អតីតគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ដែលជាប់ពន្ធនាគារពីបទរំលោភផ្លូវភេទលើកុមារីអាយុ ១៣ឆ្នាំ បានបដិសេធចំពោះការរំលោភលើក្មេងស្រីនេះ នៅក្នុងបណ្តឹងឧទ្ធរណ៍របស់គាត់ទៅកាន់តុលាការកំពូល ដើម្បីឲ្យការផ្តន្ទាទោសរបស់គាត់ត្រូវបានលុបចោល។

លោក Matthew William Watkin អាយុ៣៩ឆ្នាំ បានប្រាប់សវនាការកាលពីម្សិលមិញថា គាត់មិនបានប៉ះសុដន់ឬប្រដាប់ភេទរបស់ជនរងគ្រោះដូចការចោទប្រកាន់នោះទេ។ គាត់បន្តថា គាត់ក៏មិនបានរួមភេទជាមួយក្មេងស្រីនោះដែរ ប៉ុន្តែបានសារភាពថា ក្មេងស្រីនោះបានមករស់នៅជាមួយគាត់ និងប្រពន្ធរបស់គាត់នៅខេត្តសៀមរាប។

ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល លោក គឹម សត្ថាវី បានថ្លែងថា ជនរងគ្រោះបានទៅស្នាក់នៅជាមួយលោក Matthew William Watkin និង ប្រពន្ធ នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ក្នុងឆ្នាំ ២០១៩។លោកបន្តថា នៅពេលសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសាកសួរនារីរងគ្រោះ នាងបានឆ្លើយថា គាត់បានរំលោភនាងជាច្រើនលើកច្រើនសារ ពីខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ពេលដែលប្រពន្ធរបស់គាត់ អាយុ ៣៩ឆ្នាំ ជាជនជាតិខ្មែរ មិននៅផ្ទះ។ នារីរងគ្រោះបានចាកចេញពីគ្រួសាររបស់លោក Matthew William Watkin ក្នុងខែមីនា ឆ្នាំ ២០២០។

លោក គឹម សត្ថាវី មានប្រសាសន៍ថា៖«នៅពេលដែលប្រពន្ធគាត់ជាជនជាតិខ្មែរមិននៅផ្ទះ គាត់នៅម្នាក់ឯងជាមួយនារីរងគ្រោះ គាត់តែងតែស្លៀកខោខ្លី នៅមុខនាង។ គាត់តែងតែឱបនារីរងគ្រោះ ស្ទាបសុដន់ និង ប្រដាប់ភេទរបស់នាង។ គាត់ក៏ឲ្យនារីរងគ្រោះស្ទាប ឬលេងប្រដាប់ភេទរបស់គាត់ផងដែរ»។ លោកបានថ្លែងថា៖«ទង្វើរបស់គាត់ គឺជាការបៀតបៀនផ្លូវភេទលើនារីរងគ្រោះ និងជាការរំលោភច្បាប់កម្ពុជា»។ លោកបន្តថា នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ប្រពន្ធជាជនជាតិខ្មែរ ត្រឡប់មកផ្ទះវិញ បានឃើញប្តីរបស់ខ្លួនរំលោភសេពសន្ថវៈលើនារីរងគ្រោះនៅលើសាឡុងក្នុងផ្ទះ ហើយបានឈ្លោះប្រកែកគ្នាជាមួយប្តី ក្រោយមកក៏ដេញក្មេងស្រីរងគ្រោះនោះចេញពីផ្ទះ។ លោកបន្តថា នារីរងគ្រោះបានត្រឡប់ទៅផ្ទះវិញនៅភូមិកំពង់ត្រែង ក្រុងសៀមរាប ហើយបានប្រាប់ម្តាយរបស់នាង ដែលត្រូវជាបងស្រីបង្កើតរបស់ប្រពន្ធជនល្មើស។

លោក Matthew William Watkin ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ។ លោក Matthew William Watkin ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៤លានរៀល។ តុលាការ ក៏បានបង្គាប់ឱ្យគាត់សងជំងឺចិត្ត១០លានរៀលដល់នារីរងគ្រោះផងដែរ។ លោក Matthew William Watkin ត្រូវបានចោទប្រកាន់ពីបទ «រំលោភបំពានដោយមានស្ថានទម្ងន់ទោស» តាមមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ដោយឡែក ជនល្មើស បានប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ប៉ុន្តែតុលាការតម្កល់ទោសរបស់តុលាការថ្នាក់ក្រោម។ បន្ទាប់មក លោកបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូល។ លោក Matthew William Watkin បានប្រាប់តុលាការកំពូលកាលពីម្សិលមិញថា វាមិនពិតទេ។ គ្មានអ្វីកើតឡើងដូច្នេះនោះទេ។ ខ្ញុំគ្មានកំហុស។ ខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ខ្ញុំសូមតុលាការកំពូលរកការពិត និងយុត្តិធម៌ឲ្យខ្ញុំ ហើយដោះលែងខ្ញុំពីពន្ធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍របស់នគរបាល លោក Matthew William Watkin បានសារភាពក្នុងអំឡុងសាកសួរថា គាត់ធ្លាប់ថើបថ្ងាសរបស់នារីរងគ្រោះ។ ដោយឡែក សេចក្តីសំរេច ត្រូវបានរំពឹងថា នឹងមាន នៅថ្ងៃទី៤ ខែឧសភាខាងមុខនេះ៕

website_news/2022220404.txt · Last modified: 2022/04/22 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki