website_news:2022220405

ប្រភពទម្លាយតម្លៃមេខ្យល់ ទារពីពលករឆ្លងដែនខុសច្បាប់ទៅថៃ

www.kampucheathmey.co ថ្ងៃព្រហស្បតិ៍ ២១ មេសា ២០២២ដោយ Dy Bunnara

បន្ន្ទាយមានជ័យ៖ មហាជនចេះតែមានការងឿងឆ្ងល់ថា សម័យកូវិដមិនថាសមត្ថកិច្ចខ្មែរឬសមត្ថកិច្ចថៃសុទ្ធតែរិតបន្តឹងលើការឆ្លងដែនខុសច្បាប់ ដោយដាក់ពង្រាយកងកម្លាំងតាមព្រំដែននិងមិនមានការបើកច្រកតំបន់ឬអន្តរជាតិឲ្យឆ្លងកាត់ឡើយតែពលករខែ្មរតាមរយះមេខ្យល់នៅតែអាចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃបាន។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី សមត្ថកិច្ចកម្ពុជានៃស្រុកម៉ាឡៃបានទទួលពត៌មានពីទាហានព្រាន (ឈុតខ្មៅថៃ) កងអនុសេនាធំលេខ១៣០៥ ឈរជើងទល់មុខភូមិសាស្ដ្រប៉ុស្ដិ៍ក្បាលទំនប់ទទូលខុសត្រូវនៅវេលាម៉ោង ០៤និង០០នាទី ថ្ងៃទី ២១ មេសា ឆ្នាំ២០២២ បានទប់ស្កាត់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣១ នាក់ ស្រី ១៤ នាក់ លួចឆ្លងដែនខុសច្បាប់នៅចំណុចភូមិគុតហ៊ុន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខកងអនុសេនាធំទាហានសឹករងម៉ាឡៃ ស្ថិតភូមិបន្ទាយទី២ ឃុំអូរសំព័រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទាក់ទងនឹងការឆ្លងដែននេះ មានប្រភពខ្លះនិយាយថា ចំពោះការឆ្លងដែនចេញទៅថៃ លុះត្រាតែមានមេខ្យល់នាំដោយបច្ចុប្បន្នតាមការឲ្យដឹងពីពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញកន្លងមកបានអោយដឹងថា ចាប់តាំងពីមានការរិតបន្តឹងតាមព្រំដែនក្នុងសម័យកូវីដការចេញទៅថៃដោយខុសច្បាប់តាមរយះមេខ្យល់ ត្រូវចំណាយលុយអោយមេខ្យល់ពី ៥ ពាន់បាតទៅ ៨ ពាន់បាត។ ខុសពីមុនសម័យកូវិដមួយនាក់មេខ្យល់យកតែ ៣ពាន់បាតទៅ ៥ ពាន់បាតតែប៉ុណ្ណោះ។ បើតាមប្រភពបានទម្លាយបន្តថា ការនាំពលករខ្មែរចេញពីសំណាក់មេខ្យល់ បើពុំមានការបើកភ្លើងខៀវពីសមត្ថកិច្ចនៅតាមព្រំដែនទេ គឺមិនងាយគេចផុតពីការបង្រ្កាបរបស់សមត្ថកិច្ចទាំងសងខាងបានឡើយ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរនគរបាលការពារព្រំដែន៨១៥ ក៍ដូចជាយោធាដែលទទួលខុសត្រូវជួរមុខនៃស្រុកម៉ាឡៃបានអោយដឹងថា សមត្ថកិច្ចបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃហាលភ្លៀងខ្យល់ ដើម្បីការពារទប់ស្កាត់បទល្មើសព្រំដែន ជាពិសេសការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរតាមបញ្ជាថ្នាក់ដឹកនាំ។ ដោយសារព្រំដែនមិនមានរបង កម្លាំងឈរជើងការពារពីកន្លែងមួយទៅមួយទៀតឆ្ងាយពីគ្នា។ ពលករក៍ដូចជាមេខ្យល់ឥឡូវទាក់ទងគ្នាតាមទូរស័ព្ទមុននឹងឆ្លងដែន ហើយក៏មានការឃ្លាំមើលសមត្ថកិច្ចនិងទីតាំងទាល់តែស្ងាត់ឬចន្លោះប្រហោងពីការត្រួកពិនិត្យនឹងនាំចេញភ្លាម។ យ៉ាងណាសមត្ថកិច្ចក៏បានស្រាវជ្រាវទប់ស្កាតជានិច្ចនិងចាប់បានជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ៕ អត្ថបទ៖ ពៅ

website_news/2022220405.txt · Last modified: 2022/04/22 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki