website_news:2022220701

កម្ពុជាសោកស្តាយដែលអាមេរិកដាក់ចំណាត់ថ្នាក់លេខ៣ ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស

https://www.btv.com.kh/ 2022/07/21 11:11:38 am

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសម្តែងការខកចិត្ត និងសោកស្តាយបំផុត បន្ទាប់ពីអាមេរិកបានដាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ជាប្រទេសចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បើទោះបីជាកម្ពុជាជួបវិបត្តិកូវីដ-១៩ នាពេលកន្លងទៅយ៉ាងណាក៏ដោយ។ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ខណៈកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ ប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដោយគ្មានការរុញរា និងក៏មានការសហការគ្នាជាមួយសហរដ្ឋអាមេរិក និងដៃគូផ្សេងៗទៀតផងដែរ រហូតដល់កម្ពុជាសម្រេចឲ្យអាមេរិកដាក់ស្នាក់ការរបស់ខ្លួន សម្រាប់ពិគ្រោះយោបល់ និងពិភាក្សាគ្នាទាក់ទងនឹងការជួញដូរមនុស្សនៅអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកបានដាក់កម្ពុជាជាចំណាត់ថ្នាក់លេខ២ អស់រយៈពេលពីរឆ្នាំមកហើយ ខណៈចំណាត់ថ្នាក់លេខ២ នេះគឺជាប្រទេសមានការខិតខំប្រឹងប្រែង និងមានការឆ្លើយតប និងមានភាពចន្លោះប្រហោងដែលត្រូវបំពេញបន្ថែម ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះដែលអាមេរិកសម្រេចដាក់កម្ពុជាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ គឺគេចង់និយាយថា កម្ពុជាមានភាពប្រងើយកន្តើយ គ្មានការយកចិត្តទុកដាក់ និងគ្មានការខ្វាយខ្វល់ ចំពោះកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតដល់គេអាចសម្រេចដាក់ទណ្ឌកម្មដល់ប្រទេសកម្ពុជាផងដែរនោះ។

យ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ដោយការដាក់នេះគឺចង់មានន័យថា អាមេរិកពុំបានធ្វើការសហការជាមួយកម្ពុជានោះទេ ពោលគឺអាមេរិកធ្វើការនេះតែឯកឯងមានលក្ខណៈបែបផ្សេង ខណៈអាមេរិកបានផ្តល់ជំនួយដល់កម្ពុជារហូតមកក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ តែបែរជាដាក់ប្រទេសដែលខ្លួនកំពុងជួយនេះចូលក្នុងបញ្ជីខ្មៅទៅវិញនោះ៕ អត្ថបទ៖ បាន ចក់

website_news/2022220701.txt · Last modified: 2022/07/25 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki