website_news:2022220702

មន្ត្រីកម្ពុជាមិនយល់ស្របលើរបាយការណ៍ស្ដីពីការជួញដូរមនុស្ស ដែលចេញដោយក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់កម្ពុជា

https://www.postkhmer.com/ នៀម ឆេង and មុំ គន្ធា | Publication date 21 July 2022 | 09:53 ICT

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមិនយល់ស្របចំពោះការលើកឡើងនៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សចេញផ្សាយដោយក្រសួងការបរទេសអាមេរិក ដែលទម្លាក់កម្រិតកម្ពុជាពីចំណាត់ថ្នាក់ទី ២ ឃ្លាំមើលទៅចំណាត់ថ្នាក់ទី ៣។ មន្ត្រីនិយាយថា ការវាយតម្លៃនឹងដាក់ចំណាត់ថ្នាក់នេះមិនឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងធ្វើឡើងដោយយកបញ្ហាថ្មីទៅភ្ជាប់ជាមួយនឹងចំណុចខ្វះខាតដែលកម្ពុជាមាន។

ការច្រានចោលនេះធ្វើឡើងដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បន្ទាប់ពីក្រសួងការបរទេសអាមេ រិកចេញផ្សាយ «របាយការណ៍ជួញដូរមនុស្សខែកក្កដា ឆ្នាំ ២០២២» ចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកក្កដា។ ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាត្រូវក្រសួងការបរទេសអាមេរិកដាក់ចំណាត់ថ្នាក់ទី ២ ដែលជាចំណាត់ថ្នាក់ល្អពីឆ្នាំ ២០១៦-២០១៨។ ប៉ុន្តែពីឆ្នាំ ២០១៩-២០២១ ចំណាត់ថ្នាក់នេះធ្លាក់ទៅនៅពាក់កណ្ដាល ឬ «ចំណាត់ថ្នាក់ទី ២ ស្ថិតក្រោមការឃ្លាំមើល» និងបន្តធ្លាក់ទៅចំណាត់ថ្នាក់ទី ៣ នៅឆ្នាំនេះ។

របាយការណ៍នេះបានថ្លែងថា កម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្ស រួមមានការបន្តចាប់ខ្លួនជនល្មើស កាត់ទោស និងផ្ដន្ទាទោសជនល្មើស ការស្វែងរកអត្តសញ្ញាណជនរងគ្រោះដោយបុរេសកម្ម និងការជួយដល់ការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ និងអ្នកដែលងាយរងគ្រោះដោយការជួញដូរមនុស្សនៅក្រៅប្រទេស។ ប៉ុន្តែរបាយការណ៍ដដែលនេះលើកឡើងថា កិច្ចប្រឹងប្រែងចម្បងៗផ្សេងទៀតនៅតែខ្វះចន្លោះនៅឡើយ ហើយបានលើកឡើងនូវអំណះអំណាងជាច្រើនដើម្បីវាយតម្លៃស្ថានភាពនៅកម្ពុជា ដូចជាការមិនបានស៊ើបអង្កេត និងនាំយកជនល្មើសដែលជាមន្ត្រីពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់ ជាពិសេសពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មដែលជាប់ពាក់ព័ន្ធនឹងមនុស្សរាប់ពាន់នាក់ រួមទាំងកុមារផង ដូចជាអាជីវកម្មកម្សាន្ត ឡឥដ្ឋ និងប្រតិបត្តិការឆបោកតាមអនឡាញ។

របាយការណ៍នេះលើកឡើងនូវទិដ្ឋភាពជាច្រើន ដើម្បីគាំទ្រការវាយតម្លៃរបស់ពួកគេ ដូចជា ការខកខានស៊ើបអង្កេត ឬឱ្យមន្ត្រីទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌពាក់ព័ន្ធក្នុងការរួមគំនិតគ្នា ជាពិសេសម្ចាស់ជំនួញទុច្ចរិតដែលដាក់មនុស្សរាប់ពាន់នាក់ បុរស ស្ត្រី និងកូនក្មេងទូទាំងប្រទេសនៅក្រោមការជួញដូរមនុស្សនៅក្នុងកន្លែងកម្សាន្ត ឡឥដ្ឋ និងប្រតិបត្តិការឆបោកតាមអនឡាញ។ របាយការណ៍នេះក៏បានចោទប្រកាន់រដ្ឋាភិបាលពុំបានផ្តល់សេវាគាំពារគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ ទាំងក្នុងស្រុក និងក្រៅប្រទេស ហើយរដ្ឋាភិបាលបានពឹងផ្អែកច្រើនលើអ្នកជំនួយ បរទេស និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់ការថែទាំងចាំបាច់ច្រើន។

របាយការណ៍លើកឡើងថា៖ «រដ្ឋាភិបាលពុំបានរក្សាកំណត់ត្រាប្រមូលផ្តុំ ឬឃ្លាំងទិន្នន័យនៃការស៊ើបអង្កេត និងនីតិវិធីតុលាការ ដូច្នេះ ទិន្នន័យអនុវត្តច្បាប់ជារួមមិនពេញលេញ»។ ដោយសំអាងលើរបាយការណ៍ព័ត៌មាន និងដោយមិនផ្តល់រយៈពេលនៃការវាយតម្លៃ រាយរណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនសង្ស័យ ជួញដូរមនុស្សចំនួន ៣៧០ នាក់ រួមទាំងឈ្មួញកណ្តាលរកការងារចំនួន ៣៣២ តែរដ្ឋាភិបាលពុំបានរាយការណ៍ពីបច្ចុប្បន្នភាពស្តីពីការចាប់ខ្លួនទាំងនេះ។ របាយការណ៍ដដែលនេះបានបន្តថា ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលបានកាត់ទោសជនសង្ស័យជួញដូរចំនួន ១០៩ នាក់ ដែលក្នុងនោះ ៦៤ ករណី មានការពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស ៤ ករណី ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ, ៣៧ ករណីពាក់ព័ន្ធនឹងការធ្វើការដោយបង្ខំ និង ២៣ ករណីពាក់ព័ន្ធនឹងទម្រង់នៃការកេងប្រវ័ញ្ចមិនជាក់លាក់។ រដ្ឋាភិបាលក៏បានកាត់ទោសទៅលើអ្នកជួញដូរចំនួន ៣៨ នាក់ផងដែរ ដែលក្នុងនោះមានម្នាក់ជាប់ចោទពីបទជួញដូរផ្លូវភេទ និង ៣៥ នាក់ទៀតពីបទធ្វើការដោយបង្ខំ។ ប្រភពដដែលបានបន្តថា រដ្ឋាភិបាលបានផ្តល់វគ្គបណ្តុះបណ្តាលចំនួន ២៥៦ វគ្គ និងរៀបចំសិក្ខាសាលាស្តីពីច្បាប់ប្រឆាំងនឹងការជួញដូរ បច្ចេកទេសនៃការស៊ើបអង្កេត និងការប្រមូលភ័ស្តុតាងសម្រាប់មន្ត្រីអនុវត្តច្បាប់ចំនួន ១២ ៨១៤ នាក់ផងដែរ។ ពួកគេក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលចំនួន ៧ លើកផងដែរ សម្រាប់អ្នកចូលរួមចំនួន ២៨៦ នាក់ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការណែនាំពីការការពារខ្លួន។

របាយការណ៍បានលើកឡើងថា៖ «ទោះបីជាមានការបណ្តុះបណ្តាលទាំងនេះក៏ដោយ ក៏មន្ត្រីនគរបាលជាច្រើន ជាពិសេសនៅតាមតំបន់ជនបទនៅតែមិនដឹងពីរបៀបធ្វើការងារប្រឆាំងការជួញដូរដែរ ដោយសារភាគច្រើនមិនបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសអនុវត្តច្បាប់ជាមូលដ្ឋាន»។ របាយការណ៍នេះបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រឆាំងការជួញដូរ (NCCT) ក្នុងការទប់ស្កាត់នូវឧក្រិដ្ឋកម្មនានា ប៉ុន្តែប្រភពដដែលនេះបានបញ្ជាក់ថា រដ្ឋាភិបាលមិនបានរាយការណ៍ពីថវិកានៃការប្រឆាំងការជួញដូរក្នុងឆ្នាំ ២០២១ ទេ ខណៈឆ្នាំ ២០២០ បានកំណត់ប្រមាណ ២,២ ពាន់លានរៀល (៥៤៣ ០៨០ ដុល្លារ)។

លោកស្រី ជូ ប៊ុនអេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកស្រីមិនយល់ស្របចំពោះរបាយការណ៍នេះឡើយ ដោយសារវាផ្ទុយនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើ។ លោកស្រីថ្លែងថា៖ «តើដឹងហើយឬនៅថា រាជ រដ្ឋាភិបាលប្រឹងប៉ុនណា ឬការងារប្រឆាំងការជួញដូរមនុស្សយើងតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ រដ្ឋាភិបាលនិងអង្គការដៃគូរួមគ្នាធ្វើទាំងអស់គ្នាប៉ុនណា? សម្រាប់របាយការណ៍នេះគឺខ្ញុំយល់ថាមិនល្អ យើងមិនសប្បាយចិត្ត ព្រោះអ្វីដែលយើងខំប្រឹងបែរជាចេញលទ្ធផលមិនដូចអ្វីដែលយើងប្រាថ្នា»។ លោកស្រី ជូ ប៊ុនអេង បានបន្តថា មួយវិញទៀត ការផ្គួបផ្សំទៅលើចំណុចខ្វះខាតនោះគឺ [គាត់] បូកទៅក្នុងរឿងថ្មីដែលទើបតែកើតមានឡើងក្នុងឆ្នាំ ២០២២ នេះ តែអ្វីដែល [យើង] និយាយគ្នារួចហើយថា អ្វីដែលធ្វើ គឺធ្វើពីខែ ១ ដល់ខែ ១២។ លោកស្រីថា៖ «បើជាលទ្ធផល យើងមើលនៅក្នុងអំឡុងពេលហ្នឹងថា តើយើងធ្វើបានច្រើនប៉ុនណា? ប៉ុន្តែទីបំផុតជាលទ្ធផលបែរជាបែបនេះគឺយើងមិនសប្បាយចិត្តនោះទេ»។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា កម្ពុជាមានស្ថាប័នទទួលបន្ទុកដោះស្រាយរឿងជួញដូរមនុស្ស ហើយលោកសុំមិនអត្ថាធិប្បាយអំពីការដាក់ចំណាត់ថ្នាក់នៅក្នុងរបាយការណ៍នេះទេ។ យ៉ាងណាក៏ដោយលោកថា ទោះបីកម្ពុជាធ្វើល្អយ៉ាងណា អាមេរិកអាចនិយាយថា កម្ពុជាមិនបានធ្វើតាមតែគេចង់បាន។ លោកថ្លែងថា៖ «គាត់ថា ល្អ គាត់ថា អាក្រក់ស្រេចតែលើគាត់ទេ។ តែបើនិយាយពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប៉ូលិស គឺគាត់ខិតខំប្រឹងប្រែងខ្លាំងណាស់។ យើងបង្កើតជាហតឡាញ យើងបង្កើតមន្ត្រីទំនាក់ទំនង ហើយយើងសហការ ពេលខ្លះយើងទទួលព័ត៌មានតាមបណ្ដាញទំព័រហ្វេសប៊ុកដើម្បីជួយសម្រួលនារីរងគ្រោះនៅក្រៅប្រទេស ក៏ច្រើនណាស់ដែរហើយ។ តែខ្ញុំមិនអាចបង្ហាញតួលេខទាំងស្រុងបានទេ»។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធកាលពីពេលថ្មីៗនេះបានបើកយុទ្ធនាការប្រឆាំងនឹងពលកម្មកុមារ និងការងារដោយបង្ខំ។ យុទ្ធនាការចុងក្រោយត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុន នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយផ្ដោតគោលដៅលើសិប្បកម្មឡឥដ្ឋ និងកសិឧស្សាហកម្ម។ នេះបើតាមក្រសួងការងារ៕

website_news/2022220702.txt · Last modified: 2022/07/25 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki