website_news:2022220705

មន្ត្រីកម្ពុជា-ថៃ រួមគ្នាពិនិត្យមើលទីតាំងសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក

http://freshnewsasia.com/ 2022-07-21 02:56pm

(បន្ទាយមានជ័យ)៖ លោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីអាជ្ញាធរថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានសហការរួមគ្នាចុះត្រួតពិនិត្យការសាងសង់មជ្ឈមណ្ឌល សំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុក ស្នាក់នៅប្រកបដោយផាសុខភាព និងសុវត្ថិភាពបន្ថែមទៀតពិសេសបង្កើនកិច្ចការពារទប់ស្កាត់ជំងឺកូវីដ១៩។ ការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក យូ សុភ័ក្រ ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ, លោកស្រី ឈា មានិត ប្រធានមជ្ឈមណ្ឌល លោក លោកស្រី តំណាង អាជ្ញាធរមូលដ្ឋាន និងលោកស្រី ហេង ស្រីលក្ខ័ណ អនុប្រធានមន្ទីរ ស.អ.យ តំណាងលោកប្រធានមន្ទីរ តំណាងមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី កិច្ចប្រជុំនេះបន្តជជែក និងត្រួតពិនិត្យបច្ចេកទេស ជាមួយភាគីថៃ អំពីទីតាំងបោះបង្គោលព្រំ សម្រាប់សាងសង់មជ្ឈមណ្ឌល ដែលនឹងត្រូវអនុវត្តខែក្រោយ ។

បន្ទាប់មក លោក ញឹក វណ្ណារ៉ា ឯកឧត្តម ភិបាលរងខេត្ត បានចុះវាយតម្លៃផលប៉ះពាល់គម្រោង និងទីតាំង ដើម្បីសម្របសម្រួលរកដំណោះស្រាយ។ នាឱកាសនោះដែរ ភាគីកម្ពុជា-ថៃ បានសម្រេចឯកភាពកំណត់ទីតាំងព្រំដីតាមប្លង់ ដែលបានកំណត់, សាងសង់អាគារខាងក្នុង អាចរំកិលបានតាមការជាក់ស្ដែង, ក្រុមហ៊ុនសាងសង់ថៃ និងតំណាងភាគីថៃ នឹងរាយការណ៍ទៅស្ថានទូតថៃ ដើម្បីចាប់ផ្ដើមសាងសង់, ភាគីកម្ពុជា ស្នើសុំឱ្យភាគីថៃ ជូនដំណឹងមកកម្ពុជា ដើម្បីធ្វើរបាយការណ៍ឱ្យស្របតាមនីតិវិធីដែលបានព្រមព្រៀង និងខាងភាគីថៃ ឯកភាពតាមសំណើ របស់ភាគីកម្ពុជាគ្រប់យ៉ាង។ លោក ញឹក វណ្ណារ៉ា បានថ្លែងថា ការពិនិត្យមើលទីតាំងសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើននូវផាសុខភាព និងសុវត្ថិភាពបន្ថែមទៀត។ ម្យ៉ាងទៀតក្រុមការងារ បានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យកន្លែងផលប៉ះពាល់ ដើម្បីសម្របសម្រួលរកដំណោះស្រាយ។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានចុះពិនិត្យអង្គការដៃគូ ដែលមានកិច្ចសហការជាមួយមជ្ឈមណ្ឌល ក្នុងការផ្តល់សេវានៅក្នុងមណ្ឌល ព្រមទាំងសាកសួរសុខទុក្ខជាមួយពលករចំណាកស្រុកដោយប្រថុយប្រថាន ដែលបានបញ្ជូនមកចូលមជ្ឈមណ្ឌល៕

website_news/2022220705.txt · Last modified: 2022/07/25 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki