website_news:2022220706

កម្ពុជាទទួលអនុសាសន៍៤៨ចំណុច ឱ្យបង្កើនកិច្ចការពារកុមារ

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ បានផ្តល់អនុសាសន៍ចំនួន៤៨ ដែលបានពីការសង្កេតចុងក្រោយ របស់ខ្លួន ទាក់ទងនឹងកិច្ចការពារកុមារពីការរំលោភបំពាន។ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលលើការអនុវត្តន៍អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនៅកម្ពុជា នៅថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឱ្យដឹងថា អនុសាសន៍ទាំងនោះ គ្រាន់តែជាការចូលរួមស្ថាបនា ដើម្បីឱ្យកម្ពុជាបន្តអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារឱ្យកាន់តែល្អប្រសើរឡើង ស្របតាមស្ថានភាពវិវត្ត ជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ពិចារណាលើអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ដោយដាក់បញ្ចូលអនុសាសន៍ ទាំងនោះទៅក្នុងច្បាប់ គោលនយោបាយ ផែនការ និងលិខិតបទដ្ឋាននានា ក្នុងទិសដៅខិតខំការពារឧត្តមប្រយោជន៍របស់កុមារ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើតយន្តការការពារកុមារ ដែលមានលក្ខណៈ ប្រទាក់ក្រឡាជាពហុវិស័យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបគ្រោះមហន្តរាយភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក ការទុកកូនចោល ឪពុកម្តាយជាប់ពន្ធនាគារ ដែលជាហេតុធ្វើឱ្យកុមារទទួលរង នូវបញ្ហា ប្រឈមនានារួមមាន៖ កុមារបែកចេញពីគ្រួសារ ជួញដូរ រងអំពើហិង្សា ការគំរាមកំហែង ការរំលោភបំពានទាំងផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវភេទ រួមទាំងការកេងប្រវញ្ចតាមទម្រង់ផ្សេងៗទៀត។

កម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយក្នុងនាមជារដ្ឋភាគី កម្ពុជាមាន កាតព្វកិច្ចធ្វើរបាយការណ៍ទៀងទាត់រៀងរាល់៥ឆ្នាំម្តង ទាក់ទងនឹងស្ថានភាពរស់នៅរបស់កុមារ ផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ ជាដើម៕

website_news/2022220706.txt · Last modified: 2022/07/25 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki