website_news:2022220801

កម្ពុជា ផ្ដើមត្រួតពិនិត្យ ការរស់នៅជនបរទេស និងឃាត់ខ្លួនមេក្លោង ជួញដូរមនុស្ស

https://dap-news.com/national/ ByPH104Posted on August 19, 2022

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត ហើយឃាត់ខ្លួនមេក្លោងជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះមួយចំនួនទៀតផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័ន ជា សមាសជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីកាក្រសួង សម្ដេច ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រតិបត្តិការត្រួតពិនិត្យជនបរទេសនេះ ជំហានដំបូងធ្វើនៅខេត្តកណ្ដាល និងព្រះសីហនុ និងបន្ដត្រួតពិនិត្យនៅខេត្តផ្សេងៗទៀត។ សម្ដេច បញ្ជាក់ថា «យើងបានធ្វើហើយតាំងពីម្សិលមិញ នៅកំពង់សោម និងខេត្តកណ្ដាល ហើយជាបន្ដបន្ទាប់ទៀត នៅគោលដៅផ្សេងៗ។ ធម្មតា យើងចុះទៅយើងឃើញថា ស្ថានភាពខ្លះវាមិនពិតទាំងស្រុងទេ ខ្លះក៏ពិតដែរ យើងសង្គ្រោះ ព្រោះបេសកម្មរបស់យើង ទីមួយ សង្គ្រោះជនរងគ្រោះ ហើយទីពីរ ចាប់មេក្លោងពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់»។ សម្ដេច បន្ដថា ប្រតិបត្តិការនេះ ធ្វើឡើងនៅខេត្តកណ្ដាល និងព្រះសីហនុ ហើយបានឃាត់ខ្លួនមេក្លោង និងសង្គ្រោះជនរងគ្រោះមួយចំនួនទៀត ក្រោយសង្គ្រោះរួច អាជ្ញាធរ ពិនិត្យឃើញថា ជនរងគ្រោះទាំងនោះ គឺជនជាតិអាមេរិក, ខ្មែរអាមេរិក, ឥណ្ឌូនេស៊ី ជាដើម។

ចំពោះករណីរត់ចេញ ពីការស៊ីណូ នៅជ្រៃធំ ខេត្តកណ្ដាល សម្ដេច ស ខេង បានឲ្យដឹងថា តាមព័ត៌មានបឋម អ្នកទាំងនោះមកធ្វើការខុសច្បាប់ ដោយសន្យាថា ផ្ដល់ប្រាក់ខែ។ សម្ដេច ថា ជនរងគ្រោះទាំងនោះជាជនវៀតណាម។ សូមរំលឹកថា ប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅរបស់ជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត បែបនេះ បន្ទាប់ពីអាមេរិក ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុស្ស៕

website_news/2022220801.txt · Last modified: 2022/08/23 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki