website_news:2022220803

លោក ស ខេង ណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា

https://www.postkhmer.com/ ឡាយ សាមាន | Publication date 19 August 2022 | 14:51 ICT

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំដល់ក្រុមការងារអន្តរក្រសួង និងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ត្រូវតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីមានវិធានការទប់ស្កាត់ទាន់ពេលវេលា។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងឱកាស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង ៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែសីហានេះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គស្នងការនគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនោះ លោក ស ខេង បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ លោក ក៏បានលើកឡើងអំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក និងបានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។

លោកថា៖ «បើទោះបីជាលទ្ធផលបានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តរួមគ្នាដោះស្រាយ»។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២ ៨០២ លើក មានអ្នកចូលរួមជាង ២ លាន ៣០ ម៉ឺននាក់ បានកើនឡើងជាង ៣ម៉ឺននាក់ធៀបនឹងឆ្នាំ ២០២១។ លោកស្រីបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ៧៤ ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន ១២ នាក់ ស្មើ ៤ សញ្ជាតិ។ លោកស្រីបន្តថា ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានសង្គ្រោះជនរងគ្រោះ ១៥៦នាក់ ក្នុងនោះស្រី ១០៥នាក់ អាយុក្រោម ១៥ឆ្នាំ ៦០នាក់៕

website_news/2022220803.txt · Last modified: 2022/08/23 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki