website_news:2022220804

ព័ត៌មានវៀតណាមផ្សាយថា មនុស្ស៤០នាក់ រត់គេចពីកាស៊ីណូកម្ពុជា ហែលទន្លេឆ្លងទៅវៀតណាម

https://kohsantepheapdaily.com.kh/ ១៩ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ២១:១៨

វៀតណាម ៖ ឆ្មាំព្រំដែនក្នុងខេត្តអានយ៉ាង បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ២០២២ ថា មនុស្សចំនួន ៤០នាក់ បានហែលឆ្លងទន្លេមួយពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសវៀតណាម ហើយពួកគេបាននិយាយថា ពួកគេរត់គេចពីការធ្វើបាបពីសំណាក់ថៅកែរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន Vnexpress ។

លោកវរសេនីយ៍ទោ Le Ngoc Tuan មន្ត្រីឈរជើងនៅច្រកទ្វារព្រំដែន Long Binh បាននិយាយថា អាជ្ញាធរវៀតណាម បានចាប់ឃាត់ខ្លួនមនុស្ស ចំនួន៤០នាក់ (បុរស៣៥នាក់ និងស្ត្រី០៥នាក់) ប៉ុន្តែមិនទាន់បានផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេនៅឡើយទេ ។ ពួកគេបានអះអាងថា ក្នុងចំណោមមនុស្ស ៤២នាក់ ដែលបានរត់គេចពីកាស៊ីណូមួយ ក្នុងខេត្តកណ្តាល ប្រទេសកម្ពុជា ហើយព្យាយាមហែលឆ្លងទន្លេ Binh Di ប៉ុន្តែមានម្នាក់មិនចេះហែលទឹក ហើយម្នាក់ទៀត ត្រូវបានម្ចាស់កាស៊ីណូចាប់បាន ។ ពួកគេបាននិយាយថា ពួកគេបានទៅប្រទេសកម្ពុជា និងធ្វើការនៅកាស៊ីណូ ភាគច្រើនលើហ្គេមអនឡាញ ប៉ុន្តែធ្វើការហួសកម្លាំង និងមិនបានផ្តល់ប្រាក់ឈ្នួល ឬសម្រាកគ្រប់គ្រានទេ ទើបសម្រេចចិត្តឆ្លងដែនខុសច្បាប់ រត់ទៅប្រទេសវៀតណាម តែម្តង ។ យ៉ាងណា អាជ្ញាធរ វៀតណាម កំពុងស៊ើបអង្កេតករណីខាងលើនេះ ។

អាជ្ញាធរវៀតណាម បាននិយាយថា ជនជាតិវៀតណាមជាច្រើន ត្រូវបានបោកបញ្ឆោតឲ្យចូលមកប្រទេសកម្ពុជា ដើម្បីធ្វើការនៅកាស៊ីណូ និងកន្លែងស្រដៀងគ្នាផ្សេងទៀត ដែលពួកគេតែងតែត្រូវបានកេងប្រវ័ញ្ចលើកម្លាំងការងារ ។ ហើយប្រសិនបើពួកគេចង់ត្រឡប់ទៅប្រទេសវៀតណាមវិញ ពួកគេត្រូវបង់ប្រាក់ដល់កាស៊ីណូ រហូតដល់ ៣ម៉ឺនដុល្លារ ។ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អាជ្ញាធរវៀតណាម និងកម្ពុជា បានសហការគ្នា ជួយសង្គ្រោះមនុស្សបានជាង ២៥០នាក់ ។

ដោយឡែកនៅប្រទេសកម្ពុជាវិញ វីដេអូឃ្លីបមួយ បានបង្ហោះលើបណ្ដាញសង្គមបង្ហាញពីសកម្មភាពរបស់ក្រុមជនអន្តោប្រវេសន៍មួយក្រុម បានបុកទម្លុះរបង និងប៉ះទង្គិចគ្នាជាមួយកងសន្តិសុខកាស៊ីណូ យីហោ Golden Phonix Entertainment ស្ថិតនៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល នានៅថ្ងៃត្រង់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រត់ទៅលោតចូលទន្លេ ហែលឆ្លងសំដៅទៅត្រើយម្ខាង នៃប្រទេសវៀតណាម ។

ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចកម្ពុជា រួមមាន កម្លាំងស្នងការនគរបាលខេត្តកណ្ដាល អភិបាលរងខេត្តកណ្ដាល ព្រមទាំងកម្លាំងយ៉ាងច្រើន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះទៅកន្លែងកើតហេតុផ្ទាល់ ដើម្បីស្រាវជ្រាវរកដើមចម ដែលនាំអោយកើតមានរឿងហេតុបែបនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មិនទាន់មានការបញ្ជាក់នូវមូលហេតុយ៉ាងណានៅឡើយទេ ៕

website_news/2022220804.txt · Last modified: 2022/08/23 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki