website_news:2022220805

មានសញ្ញាជួញដូរមនុស្ស! មនុស្ស ៤២ នាក់ ដែលបង្ខំចិត្តរត់ចេញពីកាស៊ីណូ Rich World (ជ្រៃធំ) ហែលទឹកចូលវៀតណាម គឺដោយសារតែ…

https://cen.com.kh/ Posted ByLeng KhunAugust 20, 2022

នៅរសៀលថ្ងៃទី១៩ ខែសីហា នគរបាលខេត្តអានយ៉ាង បានឲ្យដឹងថា ករណីមនុស្ស៤២នាក់ ដែលរត់ចេញពីកាស៊ីណូ Rich World (នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ប្រទេសកម្ពុជា) ដោយហែលទឹកឆ្លងទន្លេដោយខុសច្បាប់ ចូលប្រទេសវៀតណាម គឺជាសញ្ញានៃការជួញដូរមនុស្ស។ បច្ចុប្បន្ន នគរបាលខេត្តកំពុងបន្តស្រាវជ្រាវ និងបំភ្លឺ។

យោងតាមមេប៉ូលីសខេត្ត An Giang នាពេលខាងមុខ ក្រុមមនុស្សជាជនរងគ្រោះទាំងនោះ នឹងទទួលបានការគ្រប់គ្រង ពិនិត្យសុខភាព និងធ្វើសេចក្តីថ្លែងការណ៍។ ដំបូងឡើយ ប្រភពបានអះអាងថា មានសញ្ញាជួញដូរមនុស្ស ហើយពួកគេត្រូវបានគេបោកចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ដើម្បីធ្វើការដោយទទួលប្រាក់ឈ្នួលទាប។ ទោះជាយ៉ាងណា នៅពេលចូលមកដល់ស្រុកខ្មែរ ពួកគេត្រូវបានគេលក់ចូលក្នុងកាស៊ីណូក្រោមការគ្រប់គ្រងរបស់ជនជាតិចិន។ មេប៉ូលីសខេត្ត An Giang បានបញ្ជាក់ថា «ភាគច្រើននៃអ្នករត់គេចខ្លួនទាំងនោះ គឺមកពីខេត្តភាគកណ្តាល និងភាគខាងត្បូងវៀតណាម។ ទោះបីជាការចូលខុសច្បាប់ក៏ដោយតែពួកគេជាជនរងគ្រោះដែរ។ បច្ចុប្បន្ន យើងបានរាយការណ៍ និងដាក់ញត្តិទៅគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីជូនដំណឹងដល់ខេត្ត-ក្រុង ចំពោះប្រជាពលរដ្ឋពាក់ព័ន្ធករណីនេះ ដើម្បីឲ្យពួកគាត់មានផែនការបន្តនាពេលឆាប់ៗខាងមុខ»។

គួរបញ្ជាក់ថា នៅម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី១៨ ខែសីហា មនុស្សមួយក្រុមមកពីកាស៊ីណូ Rich World បានហែលទឹកក្នុងពេលដំណាលគ្នា ឆ្លងកាត់ទន្លេ Binh Di (ក្នុងក្រុង Long Binh ស្រុក An Phu ខេត្ត An Giang ទល់មុខបង្គោលលេខ ២១ ប៉ុស្តិ៍ការពារព្រំដែន) ច្រកព្រំដែន Long Binh។ ហើយនៅទីនោះ ឆ្មាំព្រំដែនបានចាប់ខ្លួនមនុស្ស ៤០ នាក់។ តាមរយៈការត្រួតពិនិត្យនោះ ប៉ុស្តិ៍ការពារព្រំដែន Long Binh បានកំណត់ថា ក្នុងករណីខាងលើ មានមនុស្សរហូតដល់ ៤២ នាក់បានចូលក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។ ហើយក្រៅពីមនុស្ស ៤០ នាក់ ដែលត្រូវបានចាប់ខ្លួននោះ គឺមនុស្ស ២ នាក់ទៀត ដែលមានឈ្មោះ D.MH (អាយុ 16 ឆ្នាំ រស់នៅក្នុងទីក្រុង Kon Tum ខេត្ត Kon Tum) បានបាត់ខ្លួន បន្ទាប់ពីហែលទឹកនៅក្នុងទន្លេ Binh Di និងម្នាក់ទៀតឈ្មោះ NTH (អាយុ ២៥ ឆ្នាំរស់នៅក្នុងទីក្រុង Pleiku ខេត្ត Gia Lai) ត្រូវបានចាប់ខ្លួនដោយសន្តិសុខកាស៊ីណូ Rich World។

ជនរងគ្រោះទាំងនោះបានសារភាពថា ពួកគេភាគច្រើនបានចាកចេញដោយខុសច្បាប់តាមតំបន់ព្រំដែននៃខេត្តភាគខាងត្បូង។ បន្ទាប់ពីបានទៅប្រទេសកម្ពុជា គេបានឲ្យចុះកិច្ចសន្យា និងធ្វើការនៅកាស៊ីណូ Rich World។ មនុស្សមួយចំនួនពីមុនធ្វើការនៅកាស៊ីណូទល់មុខខេត្ត Tay Ninh, Long An ដែលគ្រប់គ្រងដោយថៅកែជាជនជាតិចិន។ ពួកគេបន្តថា ប៉ុន្តែដោយសារបង្ខំចិត្តធ្វើការងារលើសម៉ោងកំណត់ តែគ្មានពេលសម្រាក និងគ្មានប្រាក់ឈ្នួល ពួកគេក៏បានពិភាក្សា ប្រមូលផ្ដុំគ្នានៅនឹងកន្លែង និងបានវាយលុកទៅលើសន្តិសុខកាស៊ីណូ ទម្លុះទ្វារត់ចេញឡើងប្រសាច ហើយលោតចុះទឹកហែលឆ្លងទន្លេ Binh Di ចូលប្រទេសវៀតណាម។ បច្ចុប្បន្ន មនុស្សទាំង ៤០ នាក់ខាងលើ ត្រូវបានអាជ្ញាធរខេត្ត An Giang រៀបចំឱ្យស្នាក់នៅផ្ទះវប្បធម៌ ឃុំ Da Phuoc ស្រុក An Phu ។ ដោយឡែកក្មេងជំទង់ដែលបាត់ខ្លួននោះ មិនទាន់រកឃើញនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

website_news/2022220805.txt · Last modified: 2022/08/23 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki