website_news:2022220901

រដ្ឋាភិបាលទទួលស្គាល់ថា មានការជួញដូរ និងបង្ខាំងមនុស្សជាច្រើនករណី

https://khmer.voanews.com/a/government-acknowledges-presence-of-human-trafficking-and-confinement-cases/6755062.html 20 កញ្ញា 2022

ភ្នំពេញ៖ ក្រោយការចុះពិនិត្យ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងធ្វើទារុណកម្មលើមនុស្សខុសច្បាប់ជាដើមនោះ រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា រឿងនេះពិតជាបានកើតឡើងមែន។ នេះបើតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃចន្ទ។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយតាមទំព័រហ្វេប៊ុករបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេងនោះ បានបង្ហាញថា ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណីពីសាមីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលករណីបទល្មើសទាំងអស់នេះកើតឡើងនៅក្នុងទឹកដីកម្ពុជាជាច្រើនខេត្ត រួមមានខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាក់កាលពីថ្ងៃចន្ទនេះថា ក្រោយការចុះអនុវត្ត ការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់តាមពាក្យបណ្តឹង ដែលអាជ្ញាធរទទួលបានចំនួន «ប្រមាណ៩៥ ភាគរយ គឺជាការពិត»។ ក្រោយកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្សកាលពីម្សិលមិញ លោក ស ខេង បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «វិធីរបស់យើងមានតែប៉ុណ្ណឹងទេគឺថា ជាគោលការណ៍ធ្វើម៉េចសង្គ្រោះជនរងគ្រោះ បន្ទាប់មកទៀតគឺផ្តន្ទាទោសអ្នកពាក់ព័ន្ធ និងបិទអាជីវកម្មខុសច្បាប់»។ លោកបន្ថែមថា អ្នកមិនត្រឹមត្រូវ ឬខុសច្បាប់មកដល់ប្រទេសនេះច្រើនអាចនឹងរារាំងដល់វិនិយោគទុនបរទេសផ្សេងទៀតដែលត្រឹមត្រូវ។

នៅឆ្នាំ ២០២២ នេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងរបាយការណ៍របស់អាមេរិកស្តីពីការជួញដូរមនុស្ស ដែលរបាយការណ៍នេះចងក្រងព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០២១ រហូតដល់ចុងខែមីនា ឆ្នាំ២០២២។ នៅឆ្នាំ២០២២ដដែលនេះ អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បន្តដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យនៃការលាងលុយកខ្វក់។ គណៈកម្មការអឺរ៉ុបធ្លាប់បានស្នើរំកិលចំណាត់ថ្នាក់កម្ពុជាទៅមួយកម្រិតទៀតទៅក្នុង«បញ្ជីខ្មៅ» នៃស្ថាប័ននេះ។

អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រសួងមិនទាន់ឃើញប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ដែលផ្តើមចេញពីបញ្ហាបទល្មើសជួញដូរមនុស្ស ការបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ អស់ទាំងនេះនៅឡើយទេ ហើយក្រសួងនៅកំពុងបន្តតាមដានរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀតជាបន្តបន្ទាប់។ ក៏ប៉ុន្តែ លោកនិយាយយ៉ាងដូច្នេះថា៖ «ប៉ុន្តែយើងមានគណៈកម្មការនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីបង្ក្រាប និងធ្វើយ៉ាងម៉េចដើម្បីរំដោះប្រទេសយើងហ្នឹងឱ្យចេញពីបញ្ជីប្រផេះ នៅក្នុងការសម្អាតសាច់ប្រាក់»។ លោកបន្ថែមថា បើសិនជាប្រទេសមួយត្រូវបានដាក់ឱ្យស្ថិតក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ នោះការប៉ះពាល់នឹងកើតឡើងលើចរាចរណ៍ហិរញ្ញប្បទាន និងចរាចរណ៍នៃហិរញ្ញវត្ថុអន្តរជាតិ ដែលមានន័យថាជំនួញជួញដូរដែលប្រើប្រាស់ហិរញ្ញវត្ថុទាំងអស់នេះនឹងប្រឈមមុខនឹងហានិភ័យ។ លោកបន្ត៖ «អ៊ីចឹងដៃម្ខាង យើងខិតខំធ្វើកិច្ចការកែទម្រង់ និងរដ្ឋបាលដើម្បីធ្វើឱ្យអ្នកវិនិយោគពេញចិត្តពេញថ្លើមតាមរយៈគោលនយោបាយសារពើពន្ធ និងបង្កលក្ខណៈប្រកួតប្រជែង។ ចំណែកម្ខាងទៀត យើងខិតខំធ្វើជាមួយដែនសមត្ថកិច្ចក្រសួងដទៃទៀត ចាត់ចែងការបង្ក្រាបអីហ្នឹង វានឹងចូលរួមចំណែកកែលម្អក្នុងស្ថានភាពដែលមានការលំបាក»។ «វាច្បាស់ណាស់ថា រដ្ឋាភិបាលកម្ពុជាកំពុងឆ្លើយតបទៅនឹងសម្ពាធយ៉ាងច្រើនដែលពួកគេប្រឈមមុខពីរដ្ឋាភិបាលនៃប្រទេសផ្សេងៗទៀត ដែលរដ្ឋាភិបាលទាំងនោះព្រួយបារម្ភអំពីការជួញដូរពលរដ្ឋរបស់ពួកគេ»។ នេះជាការលើកឡើងរបស់នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីលោក Phil Robertson ដែលបានប្រាប់វីអូអេតាមសារអេឡិចត្រូនិកអ៊ីមែល។ លោកថា ហេតុផលតែមួយគត់ដែលគេចាប់ផ្តើមឃើញមានសកម្មភាពបង្ក្រាបមួយចំនួននោះគឺមកពីផលប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្កដោយបទល្មើសឆបោក ជួញដូរមនុស្សដ៏រីករាលដាលអស់ទាំងនេះមានទំហំធំធេង ធ្ងន់លើសពីផលប្រយោជន៍ដែលបានមកពីអំពើពុករលួយ ដែលមេដឹកនាំសំខាន់ៗក្នុងជួររដ្ឋាភិបាល យោធា និងប៉ូលិសមួយចំនួនកំពុងទទួលបានពីក្រុមប្រព្រឹត្តបទល្មើសទាំងនោះ។ ដូច្នេះលោកថា ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍គួរតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មអន្តរជាតិ ដែលរួមមានការហាមប្រាមការធ្វើដំណើរ និងការរឹបអូសទ្រព្យសម្បត្តិរបស់ពួកគេ គ្រប់ទីកន្លែងដែលពួកគេត្រូវបានរកឃើញ។ លោកបន្ថែមថា៖ «ប្រសិនបើមិនមានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗលាតត្រដាងអំពីទុក្ខវេទនាកើតឡើងដោយសារការឆបោកអស់ទាំងនេះ ដែលញ៉ាំងឱ្យរដ្ឋាភិបាលប្រទេសផ្សេងៗនាំគ្នារកអន្តរាគមន៍ជួយពលរដ្ឋខ្លួននោះទេ អ្នកអាចភ្នាល់បានថា ក្រសួងមហាផ្ទៃនឹងនៅតែបន្តបដិសេធដោយថា មិនមានអ្វីខុសឆ្គងកើតឡើងនោះទេ»។

ទោះជាយ៉ាងណា អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បាននិយាយថា រដ្ឋាភិបាលពុំដែលបានអះអាងបដិសេធថា ពុំមានករណីបទល្មើសទាំងនេះនៅកម្ពុជាទេ ហើយលោកថា ប្រតិបត្តិការបង្ក្រាបថ្មីៗនេះបានកំពុងតែលើកមុខមាត់កម្ពុជា។ លោកថ្លែងថា៖ «អ៊ីចឹងដូច្នេះវាអត់មានប៉ះពាល់ស្ថានភាពវិនិយោគរបស់យើងទេ។ ផ្ទុយទៅវិញ វាបានលើកឱ្យបានឃើញពីកិត្តិយស កិត្តិនាមរបស់កម្ពុជាឱ្យឃើញពីស្នាដៃ ការខិតខំប្រឹងប្រែងអំពីកងកម្លាំងប្រដាប់អាវុធ ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់បញ្ហាទាំងអស់នេះ»។ គិតមកដល់ត្រឹមព្រឹកថ្ងៃអង្គារនេះ លោកថា នៅក្រុងព្រះសីហនុ អាជ្ញាធរមានសមត្ថកិច្ចបានចុះត្រួតពិនិត្យចំនួន៤ទីតាំង ដែលរួមមាន ហ្គាឡាក់ស៊ីវើល ជីងឆាយ៥ ប៉ាវយ៉ុងតិចណូឡូជី និងស៊ីងសានទីង (ហៅ ឆាំងឆឹង)។ នៅក្នុងចំណោមនោះ នៅទីតាំងឈ្មោះ ស៊ីងសានទីង (ហៅ ឆាំងឆឹង) អាជ្ញាធរបានរកឃើញ និងកំណត់បទល្មើសចំនួន៦ប្រភេទ រួមមានបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ហើយពួកគេនឹងបន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងបង្ហាញរបាយការណ៍ជាបន្តបន្ទាប់៕

website_news/2022220901.txt · Last modified: 2022/09/22 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki