website_news:2022220902

លោក កើត រិទ្ធ រំឭកមន្ត្រីតុលាការពង្រឹងគុណភាពការងារនៅចំពោះមុខអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2022-09-20-1517-241280.html អេង រាជនី | Publication date 20 September 2022 | 15:17 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ថ្មីៗនេះបានជំរុញទៅភាគីពាក់ព័ន្ធ ឱ្យពង្រឹងគុណភាពសាលាជម្រះក្ដីឬតុលាការនៅចំពោះមុខរឿងហេតុមួយចំនួនដែលកំពុងតែកើតឡើងដូចជា អំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទជាដើម។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ក្នុងកិច្ចប្រជុំស្ដីពីចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ។ ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានប្រាប់ទៅកាន់ស្ថាប័នអយ្យការត្រូវផ្តល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។

លោកកើត រិទ្ធ ថ្លែងថា ស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ផងដែរ ពន្លឿនការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព ហើយសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំណាត់ការឱ្យបានឆាប់រហ័ស។ រីឯចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើជំនាញផ្នែកប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ ឆ្លើយតបទៅនឹងសភាការណ៍ជាក់ស្តែងនៃការវិវត្តផ្នែកសង្គម និងសេដ្ឋកិច្ច។

គួរកត់សម្គាល់ថា ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យពង្រឹងគុណភាពសាលាជម្រះក្ដីឬតុលាការធ្វើឡើងស្របគ្នានឹងយុទ្ធនាការរបស់អាជ្ញាធរពាក់ព័ន្ធប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២២ ដោយដាក់កម្ពុជាក្នុងចំណាត់ថ្នាក់អាក្រក់បំផុតនៃអំពើជួញដូរមនុស្ស។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា កិច្ចប្រជុំអំពីបញ្ហានេះមិនមែនទើបតែធ្វើនៅដំណាក់កាលនេះទេ ពោលគឺរដ្ឋមន្ត្រីតែងដឹកនាំកិច្ចប្រជុំរបៀបនេះជាប់ប្រចាំ។ លោកបន្ថែមថា៖ «កិច្ចប្រជុំនេះគឺដើម្បីពង្រឹងសមត្ថភាពបន្ថែម ពីព្រោះសំណុំរឿងព្រហ្មទណ្ឌ (ពាក់ព័ន្ធបញ្ហាជួញដូរមនុស្ស) មានចរិតពិសេស ដូច្នេះយើងជួបប្រជុំដើម្បីផ្លាស់ប្ដូរបទពិសោធគ្នា ឈានទៅដោះស្រាយសំណុំរឿងប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន»។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូលើកឡើងថា តួនាទីរបស់ក្រសួងយុត្តិធម៌ដែលមានសិទ្ធិគ្រប់គ្រងលើមន្ត្រីតុលាការបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៅក្នុងសង្គម ដើម្បីធានាយុត្តិធម៌ និងស្មើភាពគ្នានៅចំពោះមុខច្បាប់។ លោកថា៖ «ទាក់ទងបទល្មើសទាំងឡាយ ក្រសួងយុត្តិធម៌គឺដើរតួនាទីសំខាន់តាមរយៈប្រព័ន្ធតុលាការ ក្នុងការទប់ស្កាត់ បង្ក្រាប ជាពិសេសតុលាការផ្ទាល់ជាអ្នកអនុវត្តច្បាប់ អ៊ីចឹងពាក់ព័ន្ធបទឧក្រិដ្ឋធំៗរួមទាំងការជួញដូរមនុស្ស គ្រឿងញៀនជាដើម គឺច្បាស់ណាស់ប្រព័ន្ធយុត្តិធម៌ដើរតួនាទីសំខាន់មែនទែន»។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានធ្វើការកត់សម្គាល់ថា ក្រសួងយុត្តិធម៌ក្នុងអាណត្តិលោក កើត រិទ្ធ បានធ្វើការកែទម្រង់ក្នុងប្រព័ន្ធយុត្តិធម៌ ដូចជា យុទ្ធនាការពន្លឿនការកកស្ទះសំណុំរឿងដើម្បីឈានទៅកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ការដាក់ចេញការដោះលែងអ្នកទោសដែលជិតផុតទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗ។

លោក អំ សំអាត ថ្លែងថា៖ «យើងក៏ឧស្សាហ៍សង្កេតឃើញលោក កើត រិទ្ធ ធ្វើការក្រើនរំឭកទៅតុលាការឬព្រះរាជអាជ្ញា ហើយថ្មីៗនេះ រដ្ឋាភិបាលក៏ដូចជាក្រសួងយុត្តិធម៌បានបង្ហាញឆន្ទៈក្នុងការទប់ស្កាត់ការជួញដូរមនុស្សតាមរយៈការបង្កើតគណៈកម្មការចំពោះកិច្ចដែលនេះក៏ជាផ្នែកមួយមានឥទ្ធិពលលើប្រព័ន្ធតុលាការដែរ ដែលត្រូវធ្វើការងារឱ្យបានត្រឹមត្រូវ និងស្មើភាពគ្នានៅចំពោះមុខច្បាប់»។

របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២២ របស់សហរដ្ឋអាមេរិក លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ។ ស្ថិតក្នុងបញ្ជីខ្មៅ ឬកម្រិត ៣ កម្ពុជានឹងអាចប្រឈមការរឹតត្បិតជំនួយ ឬឈានទៅដល់ការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។ យ៉ាងណាមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា កម្ពុជានឹងមិនដកថយឡើយ ហើយខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយបញ្ហានេះ៕

website_news/2022220902.txt · Last modified: 2022/09/22 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki