website_news:2022221101

ពលករកម្ពុជា ៣០០ នាក់ នឹងចេញទៅធ្វើការលើកដំបូងនៅប្រទេសប៉ូឡូញ នាចុងឆ្នាំនេះ និងចេញបន្តបន្ទាប់រហូតអស់នៅដំណាច់ឆ្នាំ ២០២៣

https://www.postkhmer.com/national/2022-11-17-1749-243645.html អោម ប៊ុនធឿន | Publication date 17 November 2022 | 17:49 ICT

ភ្នំពេញៈ ពលករកម្ពុជាចំនួន ៣០០ នាក់ នឹងចាកចេញពីកម្ពុជាទៅធ្វើការជាលើកដំបូងនៅសាធារណរដ្ឋប៉ូឡូញ។ ការចេញទៅនេះនឹងធ្វើឡើងជាបន្តបន្ទាប់ តាមដំណាក់កាល រហូតគ្រប់ចំនួន ក្នុងដំណាច់ឆ្នាំ ២០២៣ ខាងមុខ ហើយពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសនេះនឹងទទួលបានប្រាក់ខែខ្ពស់ និងមានថ្លៃស្នាក់នៅ ធ្វើដំណើរមួយចប់។ នេះបើតាម លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុនអាយអាយអេស។

លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអឹមភីឡាមកពីសាធារណរដ្ឋប៉ូឡូញ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ដើម្បីផ្តល់ឱកាសការងារស្របច្បាប់ជូនពលករកម្ពុជា។ លោកថ្លែងថា៖ «អាជ្ញាប័ណ្ណយើងបានទទួល គឺនៅក្នុងឆ្នាំ ២០២០ តែដោយសារបញ្ហាកូវីដ ទើបយើងអាក់ខានការបញ្ជូន ដោយសារយើងអត់អាចចូលសុំវីសាទៅបាន។ អ៊ីចឹងយើងធ្វើយ៉ាងណាជំរុញឱ្យពលករចាកចេញនៅក្នុងខែ ១២ នេះ»។ លោកអគ្គនាយកក្រុមហ៊ុន បានឱ្យដឹងទៀតថា ពលករកម្ពុជាដែលត្រៀមចេញទៅនេះ ជាពលករដែលត្រៀមចាកចេញជាលើកដំបូងទៅកាន់ប្រទេសប៉ូឡូញ។ ជំហានដំបូងមានពលករចំនួន ១៦ នាក់ ស្ថិតក្នុងវគ្គទី១ និងវគ្គទី២ បន្ទាប់ពីនេះ ក្រុមហ៊ុននឹងរៀបចំវគ្គជាបន្តបន្ទាប់ទៀតរហូតគ្រប់ចំនួន ៣០០ នាក់ ។

លោកបញ្ជាក់ថា៖ «ទាក់ទិនការងារនៅប្រទេសប៉ូឡូញ គឺមានច្រើន ទាំងការងារឧស្សាហកម្ម រោងចក្រ កសិកម្ម អីផ្សេងៗ ប៉ុន្តែយើងបញ្ជូនទៅនេះ គឺផ្នែកវេចខ្ចប់ ហើយនិងមានផ្នែកជាងផ្សារដែកផ្សារដំបូល»។ បើតាមលោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន និងលោកការ៉ាន់ ស្សា តំណាងក្រុមហ៊ុនអឹមភីឡា បានឱ្យដឹងថា ក្រោយបំពេញការងារនៅឆ្នាំដំបូងចប់ ពលករនឹងទទួលបានឱកាសនៃការរស់នៅធ្វើការក្នុងប្រទេសប៉ូឡូញតែម្តង។ ក្រោយចប់ ១ ឆ្នាំនេះដែរ ពលករនឹងទទួលបានការបន្តការងាររយៈពេល ២ ឆ្នាំ រហូតធ្វើការគ្រប់ ៣ ឆ្នាំ នឹងបន្តថែម ២ ឆ្នាំទៀត ដល់គ្រប់ ៥ ឆ្នាំ។ ចាប់ពីឆ្នាំទី៦ ឬទី៧ ទៅ ពលករអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិបាន ដោយបំពេញលក្ខខណ្ឌមួយចំនួន ដូចជាពលករល្អ និងបានបង់ពន្ធជូនរដ្ឋជាដើម។

លោកបញ្ជាក់ថា៖ «អត្ថប្រយោជន៍ដែលពលករទទួលបាន គឺប្រាក់បៀវត្សរ៍ខ្ពស់ ហើយទទួលបានការបង់ថ្លៃស្នាក់នៅ ទឺកភ្លើង ធ្វើដំណើរទៅក្រុមហ៊ុន មួយចប់»។ លោកឯល រ៉ូហ្សែត និងលោក ការ៉ាន់ ស្សា បានឱ្យដឹងទៀតថា ពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសប៉ូឡូញអាចសល់ប្រាក់ ក្នុង១ខែ ចន្លោះពី ៧០០ ដុល្លារ ទៅ ១ ០០០ដុល្លារ នេះបើគិតពីការកាត់ការចំណាយ លើថ្លៃហូបចុក និងស្លៀកពាក់រួច។ ប្រភពដដែលបន្តថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសនេះធ្វើឡើងដោយស្របច្បាប់ ហើយក្រុមហ៊ុនធានាច្បាស់លាស់ ដែលអាចទុកចិត្តបាន ជាពិសេសមានរៀបចំព្រឹត្តិការណ៍ឱ្យក្រសួងដឹងឮ ក៏ដូចជាទូតដឹងឮ និងមានការផ្សព្វផ្សាយព័ត៌មានជាផ្លូវការ ច្រើនផងដែរ។

លោក សួង សង្វាវុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងក្នុងពិធីចុះអនុស្សរណៈយោគយល់នៃក្រុមហ៊ុនទាំង ២ ថា ក្នុងនាមតំណាងក្រសួងការងារ សម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុនអាយអាយអេស និងក្រុមហ៊ុនអឹមភីឡា ដែលបានរៀបចំពិធីនេះឡើង ដើម្បីផ្តល់ឱកាសការងារស្របច្បាប់ដល់បងប្អូនប្រជាជនខ្មែរ អាចទៅបម្រើការងារនៅសាធារណរដ្ឋប៉ូឡូញ។ លោកថ្លែងថា៖ «ខ្ញុំពិតជាសម្តែងនូវការអបអរសាទរ ចំពោះបងប្អូនពលករ ដែលទទួលការងារស្របច្បាប់ នៅប្រទេសប៉ូឡូញ ដែលក្រុមហ៊ុនទាំង ២ បានខិតខំរៀបចំធ្វើពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឡើងប្រកដបដោយ [ការទំនួលខុសត្រូវ] ច្បាស់លាស់ និងទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ»។ លោកបន្តថា ក្នុងនាមតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកនឹងធ្ចើការជួយជ្រោមជ្រែងដល់ការស្នើសុំវីសា របស់ពលករ ដែលបានដាក់ពាក្យរួច និងរង់ចាំទទួលវីសាការងារស្របច្បាប់ ទៅកាន់ស្ថានទូតប៉ូឡូញ។

លោក កុល ខេន តំណាងពលករទៅធ្វើការនៅប្រទេសប៉ូឡូញ បន្ទាប់ពីបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ពលករទាំងអស់គ្នាបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីការចំណាកស្រុកស្របច្បាប់ទៅធ្វើការនៅប៉ែកអឺរ៉ុប។ ជាពិសេសបានទទួលនូវចំណេះដឹង និងបទពិសោធន៍ដ៏ល្អៗជាច្រើនពីលោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធផ្សេងៗ។ លោកថ្លែងថា៖ «យើងខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំបម្រើការងារដ៏ល្អជូនក្រុមហ៊ុន សហគ្រាស និងធ្វើជាពលករគំរូ ប្រជាជនខ្មែរគំរូ នៅប្រទេសប៉ូឡូញ ដើម្បីលើកស្ទួយដល់អន្តរជាតិ ឱ្យស្គាល់ពីកម្ពុជាកាន់តែច្បាស់។ ពិសេសយើងខ្ញុំអស់គ្នា នឹងយកបទពិសោធន៍ និងចំណេះជំនាញ ដែលទទួលបានពីការងារនៅសាធារណរដ្ឋប៉ូឡូញនេះ យកមកអភិវឌ្ឍការងារនៅមាតុប្រទេសវិញ»៕

website_news/2022221101.txt · Last modified: 2022/11/22 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki