website_news:2022221102

កម្ពុជាបានបញ្ជូនពលករប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសថៃ ក្នុងរយៈពេល១០ខែឆ្នាំនេះ

https://www.kampucheathmey.com/local-news/416460 ថ្ងៃអាទិត្យ ២០ វិច្ឆិកា ២០២២ដោយ Mey Soklim

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជូនពលករប្រមាណ៧ម៉ឺននាក់ ទៅធ្វើការនៅតាមក្រុមហ៊ុន និងរោងចក្រនានានៅប្រទេសថៃ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចក្រុមគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែ មករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។ លោកបានបន្តថាក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះកម្ពុជាបានបញ្ជួនពលករប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានានៅប្រទេសថៃ ដោយពួកគាត់ទៅធ្វើការតាមរោងចក្រចំណីអារហារ ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់កសិកម្ម នេសាទ និងរោងចក្រចំណីអាហារ។លោក អន ប៊ុនហាក់ បានបន្ថែមថាក្រៅពីប្រទេសថៃកម្ពុជាបានបញ្ជូនពលករជំនាញនិងកម្មសិក្សាការីប្រមាណ២ម៉ឺននាក់ ទៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនផងដែរក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ដូចគ្នា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់ នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារផងដែរ៕

website_news/2022221102.txt · Last modified: 2022/11/22 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki