website_news:2022230204

កម្ពុជា និងថៃ ប្ដេជ្ញាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

https://www.khmertimeskh.com/ ទិន សុខាវុធ / Khmer Times February 21, 2022

ប្រទេសថៃបានព្រមព្រៀងជាមួយអាជ្ញាធរកម្ពុជាក្នុងការបញ្ឈប់ពលករខ្មែរខុសច្បាប់ឆ្លងដែនចូលប្រទេសថៃ។ កាលពីថ្ងៃសៅរ៍ ប៉ូលិសព្រំដែនកម្ពុជាបានជួបសមភាគីថៃនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីពិភាក្សាពីបញ្ហាពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ និងបញ្ហាបរិស្ថាន។

ស្នងការរងនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សួន ស៊ីរ៉ា មានប្រសាសន៍ថា ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងសងខាងបានឯកភាពគ្នាធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងអនុវត្តតាមច្បាប់នៃប្រទេសទាំងពីរ។ លោកថា៖« លើសពីនេះ ប៉ូលីសថៃបានសុំឱ្យយើងជួយពួកគេនាំយកជំនួយមនុស្សធម៌ដល់សិស្សដែលរៀននៅតាមព្រំដែន។ យើងក៏បាននិយាយអំពីការប្រកួតបាល់ទាត់នៅពេលខាងមុខនេះផងដែរ»។ លោកក៏បានមានប្រសាសន៍ថា អាជ្ញាធរព្រំដែនក្នុងប្រទេសទាំងពីរបានព្រមព្រៀងជួបគ្នាជារៀងរាល់ខែ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម នៅតាមព្រំដែន។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មានប្រសាសន៍ថា មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ហើយមនុស្សមួយចំនួនត្រូវបានចាប់ខ្លួន។ លោកបន្តថា៖ «តាមការណែនាំរបស់រដ្ឋាភិបាល សកម្មភាពឆ្លងដែនខុសច្បាប់ត្រូវបានហាមឃាត់។ យើងនៅតែឃើញមនុស្សឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបញ្ឈប់ពួកគេពីការធ្វើដូច្នេះ»។កាលពីខែមុន ពលរដ្ឋខ្មែរ ៧នាក់ត្រូវបានឃាត់ខ្លួន ខណៈពួកគេប៉ុនប៉ងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដោយកងកម្លាំងសន្តិសុខដែលកំពុងបំពេញកាតព្វកិច្ច។ ពួកគេត្រូវបានឃាត់នៅច្រកក្បាលទំនប់ខេត្តបន្ទាយមានជ័យ។

រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការភ្ជាប់និងការប្រើប្រាស់សេវាទូរគមនាគមន៍កម្ពុជា។ កម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ដើម្បីសហការក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងពង្រីកការផ្លាស់ប្តូរព័ត៌មានសម្ងាត់ផងដែរ។ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2022230204.txt · Last modified: 2022/02/22 20:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki