website_news:2022230301

នារីថៃម្នាក់ ប្រឌិតរឿងបង្ខូចឈ្មោះកម្ពជា ត្រូវតុលាការខេត្តស្រះកែវ កាត់ទោសដាក់គុក ៦ខែ

https://kohsantepheapdaily.com.kh/ ២១ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៧:៥០

ទីក្រុងបាងកក ៖ ករណីស្ត្រីជនជាតិថៃម្នាក់ បានប្រឌិតរឿងក្លែងក្លាយដែលថា ក្រុមជនជាតិចិន ចាប់បង្ខាំងបូមឈាម និងប៉ុនប៉ងវះយកសរីរាង្គ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជានោះ ត្រូវបានតុលាការខេត្តស្រះកែវ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៦ខែ ដោយមិនមានការលើកលែងទោសឡើយ នេះបើយោងតាមសារព័ត៌មានថៃ khaosod ចុះផ្សាយកាលពីថ្ងៃទី២០ មីនា ២០២២ ។

សូមជម្រាបថា នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១៨ មីនា ២០២២ នាង Areeya Komkratok អាយុ២៥ឆ្នាំ បានសារភាពទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈ ចំពោះមុខមន្ត្រីនគរបាលថៃ និងមន្ត្រីកម្ពុជា ។ នាង អារីយ៉ា បានសារភាពកំហុសថា នាងបានប្រឌិតរឿងទាំងមូល ដោយសារតែនាងចង់ត្រឡប់ទៅប្រទេសថៃវិញ ជាបន្ទាន់ ។ នាង អារីយ៉ា ធ្វើការជាអ្នកគ្រប់គ្រងអនឡាញ រួមនឹងជនជាតិថៃ ៧នាក់ផ្សេងទៀត ដែលត្រូវបានគេល្បួងឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសថៃវិញ តាមខេត្តស្រះកែវ កាលពីថ្ងៃទី៩ មីនា ។ ស្នងការរងនគរបាលថៃ លោកឧត្តមសេនីយ៍ Roy Ingkapairote បានបញ្ជាក់ថា អារីយ៉ា ប្រឌិតព័ត៌មានក្លែងក្លាយ ដោយសារតែនាងចង់បានជំនួយបន្ទាន់ ដើម្បីត្រឡប់ទៅប្រទេសថៃវិញ ។ លោកបានថ្លែងបន្តថា ការផ្តល់ព័ត៌មានមិនពិតបានប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងកម្ពុជា និងថៃ ។ ការភូតកុហកនេះ វាមិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាប៉ះពាល់ដល់មន្ត្រីថៃ ដែលអាចត្រូវបានគេមើលឃើញថា ជាការធ្វេសប្រហែសក្នុងការជួយជនជាតិថៃរបស់ខ្លួនទៀត ប៉ុន្តែទីបំផុត មន្ត្រីសមត្ថកិច្ចទាំង២ប្រទេស បានសហការគ្នា ស៊ើបអង្កេតរហូតអាចបញ្ជាក់ការពិតទាំងអស់ ។ ថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តស្រះកែវ បាននាំខ្លួននាង អារីយ៉ា ទៅឲ្យមន្ត្រីស៊ើបអង្កេត ។ ហើយមន្ត្រីនគរបាលប៉ុស្តិ៍អារញ្ញ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្រះកែវ កាលពីថ្ងៃទី១៩ ខែមីនា មុននឹងតុលាការសាលាដំបូងខេត្ត សម្រេចផ្តន្ទាទោសនាង អារីយ៉ា ឲ្យជាប់ពន្ធនាគារ ៦ខែ ដោយមិនមានការលើកលែងទោស ។

ជុំវិញរឿងប្រឌិតរបស់នាង អារីយ៉ា រូបនេះ ត្រូវបានសារព័ត៌មានថៃមួយចំនួន យកទៅចុះផ្សាយកាលពីថ្ងៃទី១១ មីនា ដោយដកស្រងសម្តីរបស់ស្ត្រីជនជាតិថៃម្នាក់នោះថា ត្រូវគេល្បួងទៅធ្វើការខុសច្បាប់ទៅប្រទេសកម្ពុជា។ នាងថា ត្រូវជនជាតិចិន វាយដំ ចាប់ឃុំខ្លួន និងបង្អត់អាហារទុកឱ្យស្រេកឃ្លាន បន្ទាប់ពីបដិសេធមិនព្រមធ្វើការ ។ ស្ត្រីរូបនោះបន្តថា ត្រូវគេបញ្ជូនពីតំបន់មួយ ទៅតំបន់មួយទៀត ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃ ដើម្បីជំរិតទារយកប្រាក់ ជាថ្នូរនឹងការដោះលែងនាង ។ នៅក្នុងអំឡុងពេលឃុំខ្លួនក្នុងបន្ទប់នោះ នាងអះអាងថា ត្រូវគេឆក់ចរន្តអគ្គិសនី និងមានឧបករណ៍វះកាត់ជាច្រើន បន្ទាប់មកក្រុមឧក្រិដ្ឋជនចិន បានបូមឈាមនាង៣ទៅ៤កំប្លោក ហើយធ្ងន់ធ្ងរជាងនេះ គេប្រុងនឹងយកនាងទៅវះកាត់ដើម្បីយកសរីរាង្គខាងក្នុង ប៉ុន្តែនាងរត់គេចខ្លួន ។ នាងថែមទាំងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ក្នុងគោលបំណងទាមទារជំនួយបន្ទាន់ពីមន្ត្រីថៃ ។ បន្ទាប់មក សមត្ថកិច្ចបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យមួយ នៅក្រុងប៉ោយប៉ែត ដើម្បីព្យាបាលរហូតដល់នាងមានកម្លាំងឡើងវិញ ។ ត្រូវបានអាជ្ញាធរថៃនៅព្រំដែន បានសម្របសម្រួលជាមួយមន្ត្រីកម្ពុជា បញ្ជូនរូបនាង និងជនជាតិ៨ទៀត ទៅប្រទេសវិញ ដោយសុវត្ថិភាព តាមស្ពានមិត្តភាពកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ កាលពីថ្ងៃទី៩ មីនា កន្លងទៅនេះ ៕

website_news/2022230301.txt · Last modified: 2022/03/23 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki