website_news:2022230304

សមត្ថកិច្ចថៃ ចាប់ពលករខ្មែរ ២២៨ នាក់ បញ្ជូនមកកម្ពុជាវិញ

https://www.gntimes.com/ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

ខេត្តបាត់ដំបង៖ ដោយសាតែការប្រថុយប្រថានតាមជនជាមេខ្យល់ បាននាំឲ្យប្រជាពលរដ្ឋខ្មែរជួបផលលំបាកគ្រប់ពេល ខណៈដែលពួកគេចូលក្នុងប្រទេសថៃរកការងារធ្វើដោយខុសច្បាប់ហើយក៏ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ ។ ជាក់ស្តែងពលករខ្មែរ ២២៨ នាក់ទៀតហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី ១៨ ខែ មីនា នេះ ក្រោយពួកគេលួចចូលទៅរកការងារធ្វើដោយខុសច្បាប់ក្នុងប្រទេសថៃ ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឲ្យដឹងថា ពលករខ្មែរដែលភាគីថៃបញ្ជូនមកនាពេលនេះ លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពួកគេនៅចំណុចច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចមក សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រូពេទ្យដើម្បីពិនិត្យលើសុខភាព ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរដែលមានសរុប ២២៨ នាក់ ក្នុងនោះស្រី ៩៣នាក់ ក្មេង ៤២នាក់ (ស្រី ២១នាក់) ក្រោយពីក្រុមគ្រូពេទ្យធ្វើតេស្តរហ័សជាលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ ស្រី ១១នាក់ ក្មេង ២នាក់ (ស្រី ១នាក់) បានបញ្ជូនទៅព្យាបាលនៅមណ្ឌលស្រុកសំពៅលូន ។ ដោយឡែកពលករ ២៧នាក់ ស្រី ១១នាក់ ក្មេង ៥នាក់ (ស្រី ៣នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ១៧៨ នាក់ ស្រី ៧០ នាក់ក្មេង ៣៥នាក់ (ស្រី ១៧នាក់) ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ ឆ្នាំដល់ ១៨ ឆ្នាំ ចំនួន ៣០នាក់ ស្រី ១៨នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ ដោយ៖ សួន សុខហៃ

website_news/2022230304.txt · Last modified: 2022/03/23 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki