website_news:2022230802

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ឈ្វេងយល់បញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត នៅខេត្តព្រះសីហនុ

https://www.information.gov.kh/ AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២

លោក វិទិត មុតតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជន រងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម នៅក្នុងខេត្ដព្រះសីហនុ។ ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុបានស្វាគមន៍គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងបានជម្រាបជូនពីភូមិសាស្រ្ត វិទ្យាសាស្ត្រខេត្តព្រះសីហនុ និងការអភិវឌ្ឍនានា ជាពិសេសភាពរីកចម្រើនរបស់ខេត្តនារយៈពេលចុងក្រោយក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលខេត្ដបានជម្រាបជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និងច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំងចំពោះបញ្ហានេះផងដែរ។ ឯកឧត្ដមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយ ណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្តនានារបស់អន្តរជាតិ។

ឯកឧត្តម អភិបាលខេត្តបានអះអាងថា អាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួន ពោលគឺសហការគ្នាអនុវត្តន៍ច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថាន ទូតប្រទេសនានាជាមិត្ត ក្នុងការសហការស្វែងរកឬសគល់នៃបទល្មើស ដើម្បី ឈានទៅដល់ការទប់ស្កាត់ បង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃ មានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយមានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុតាមរយៈការអូសទាញដោយខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ដបានរម្លឹកថា “២០ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើននាក់រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរនៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន ហើយយើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់កម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។

ឯកឧត្ដមបន្ដថា កន្លង មកមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុ តែពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការងារជាធម្មតា និងអ្នកខ្លះកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការទើបប្តឹងសមត្ថកិច្ចថា មានករណីចាប់បង្ខាំង។ ករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេងដោយសាម៉ីខ្លួនមិនបានប្តឹង ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។

ទន្ទឹមនោះ ក៏មានឧក្រិដ្ឋកម្មគ្រឿងញៀនដែលអាជ្ញាធរខេត្តធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះ គឺមានចំនួន ៨៧១គីឡូក្រាម បង្កឡើងដោយជនបរទេសនៅក្នុងខេត្តព្រះ សីហនុ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឆ្លើយសំណួរជាច្រើនដែលបានចោទសួរដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ហើយសំណួរភាគច្រើនផ្តោតលើបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងបន្ថែមថាស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ។

លោក វិទិត មុតតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានថ្លែងអំណរគុណឯឧត្តមអភិបាលខេត្ត ដែលបានឱ្យប្រតិភូរបស់លោកសិក្សាឈ្វេងយល់អំពីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជន រងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានបន្ថែមថា ក្រោយពីបានស្តាប់ការពន្យល់ បកស្រាយប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ចំពោះការឆ្លើយតបនឹងសំណួររបស់លោកដែលបានលើកឡើង។ លោក វិទិត មុតតាប៊ន ក៏បានថ្លែងអំណគុណចំពោះកិច្ចពិភាក្សានេះប្រកបដោយភាពកក់ក្តៅ និងយោគយល់គ្នាទៅវិញទៅមកពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។ លោកក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ គឺចង់សិក្សាឈ្វេងយល់បន្ថែមពីបញ្ហាទាំងនេះ ដើម្បីរៀបចំដាក់ក្នុងរបាយការណ៍ការងាររបស់លោកនៅចុងឆ្នាំនេះ៕

website_news/2022230802.txt · Last modified: 2022/08/23 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki