website_news:2022230803

ក្រសួងមហាផ្ទៃថា អត្រាជួញដូរមនុស្សធ្លាក់ចុះច្រើន បើធៀបកាលពីឆ្នាំទៅ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 20/08/2022 - 09:15

ក្រសួងមហាផ្ទៃបានអះអាងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ អត្រាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានបន្តធ្លាក់ចុះមកត្រឹម៧៤ករណី ពោលគឺថយចុះចំនួន១២៤ករណី បើធៀបនឹងឆ្នាំ២០២១ កន្លងទៅ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសអាមេរិកបង្ហាញថា កម្ពុជាធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំប្រឹងប្រែងដើម្បីកែលម្អនូវស្ថានភាពការជួញដូរមនុស្សឡើយ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទបានចំនួន៧៤ករណី ថយចុះ១២៤ករណី បើធៀបក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំ២០២១។ ក្នុងនោះ អាជ្ញាធរក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ហើយជនសង្ស័យជាជនបរទេសមានចំនួន១២នាក់ ដែលមាន ៤សញ្ជាតិ។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះជនរងគ្រោះចំនួន ១៥៦នាក់ ក្នុងនោះ ក្មេងស្រីអាយុក្រោម១៥ឆ្នាំ មានចំនួន ៦០នាក់។ស្របពេលដែលរដ្ឋាភិបាលអះអាងថា អត្រាជួញដូរមនុស្សធ្លាក់ចុះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណាបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស។ ប៉ុន្តែទន្ទឹមនឹងការសាទរ លោក ស៊ឹង សែនករុណាបង្ហាញក្តីព្រួយបារម្ភវិញថា ប្រសិនបើតួលេខថយចុះនោះ គ្រាន់តែជាការលើកឡើងរបស់រដ្ឋាភិបាល ហើយទិន្នន័យដែលបណ្តាប្រទេសផ្សេងទៀតរកឃើញថា នៅតែមានចំនួនច្រើននោះ កម្ពុជានឹងបន្តស្ថិតក្នុងបញ្ជីខ្មៅដដែល ហើយថែមប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិផង។

តែយ៉ាងណា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ទោះបីជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានសម្រេចលទ្ធផលល្អច្រើនក៏ដោយ ប៉ុន្តែករណីនេះនៅតែមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយបន្ថែម។ ខណៈកម្ពុជានឹងបន្តធ្វើការជាមួយអាមេរិក និងបន្តតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានដែលអាចពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។ ម្លោះហើយ លោកស្នើឱ្យរដ្ឋាភិបាលដុតដៃជើងឱ្យខ្លាំង ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្សនេះ ជាជាងការលើកឡើងប៉ុន្តែស្ថានភាពនៅដដែល។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះអះអាងទៀតថា ប្រសិនបើរដ្ឋាភិបាលបានអនុវត្តច្បាប់ឱ្យបានពេញលេញ មែន នោះករណីជួញដូរមនុស្សក៏មិនកើតឡើងក្នុងប្រទេសកម្ពុជាដែរ។ ផ្ទុយទៅវិញ មន្ត្រីមូលដ្ឋានទទួលបានផលប្រយោជន៍ពីបុគ្គលមួយចំនួន ទើបករណីនេះបន្តកើតមាន។

ជុំវិញករណីជួញដូរមនុស្សនេះ កាលពីថ្ងៃទី១៩ កក្តដា ឆ្នាំ២០២២ របាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោករបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញថា កម្ពុជាបានធ្លាក់ចុះពីចំណាត់ថ្នាក់កម្រិតពីរកាលពីឆ្នាំ២០២១ មកចំណាត់ថ្នាក់កម្រិតបី រឺបញ្ជីខ្មៅនៅឆ្នាំ២០២២។ ចំណាត់ថ្នាក់សម្រាប់ឆ្នាំនេះ របាយការណ៍បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្ដង់ដារអប្បបរមា ក្នុងការប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្សនោះទេ។ របាយការណ៍ដដែលបន្តថា កម្ពុជាដើរថយក្រោយក្នុងការលុបបំបាត់ការជួញដូរមនុស្សដោយសារ បញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់ បណ្ដោយឱ្យជនល្មើសនៅតែអាចប្រព្រឹត្តបទល្មើស ឬគេចខ្លួនពីការកាត់ទោស ហើយជនរងគ្រោះនៅតែមិនអាចទទួលបានការជួយសង្គ្រោះ។ ជាការពិត ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មាន Al Jazeera បានចេញផ្សាយនូវវីដេអូឯកសារស៊ើបអង្កេត មួយស្តីអំពីការជួញដូរមនុស្សនៅកម្ពុជា។ នៅក្នុងវីដេអូជាង៤០នាទីនោះបានបង្ហាញថា នៅកម្ពុជា មានក្រុមឧក្រិដ្ឋជនកំពុងជួញដូរយុវជន និងស្ត្រីរាប់ពាន់នាក់មកពីទូទាំងអាស៊ី (ថៃ ម៉ាឡេស៊ី ចិន វៀតណាម និងហ្វីលីពីន) ឲ្យចូលទៅក្នុងបរិវេណ ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងប្រទេសកម្ពុជា និងបានបង្ខំឱ្យពួកគេធ្វើការងារបោកប្រាស់តាមអ៊ីនធឺណេត៕

website_news/2022230803.txt · Last modified: 2022/08/23 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki