website_news:2022230806

ឥណ្ឌូណេស៊ីគ្រោងនឹងបញ្ជូនជនជាតិខ្លួន២០២នាក់ទៅប្រទេសវិញបន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីកណ្ដាប់ដៃអ្នកឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times August 21, 2022

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបញ្ជូនជនជាតិរបស់ខ្លួនចំនួន ២០២ នាក់ទៅប្រទេសវិញ ដែលពួកគេត្រូវបានជួយសង្គ្រោះពីកន្លែងលេងល្បែងស៊ីសង និងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

មន្ត្រីប៉ូលិសអន្តោប្រវេសន៍បានប្រាប់កាសែតខ្មែរថាមស៍ដោយសុំមិនបញ្ចេញឈ្មោះថា ឥណ្ឌូនេស៊ីនឹងបញ្ជូនពួកគេទាំង២០២នាក់ទៅវីញតាមយន្តហោះពិសេស នៅថ្ងៃចន្ទ ហើយបន្ទាប់មកជិះសាឡាង ទៅកាន់ទីក្រុងហ្សាការតា។ នៅទីក្រុងហ្សាការតា ប្រជាជនឥណ្ឌូនេស៊ីដែលបានបញ្ជូនទៅវិញត្រូវបានគេរំពឹងថានឹងត្រូវទទួលបានកម្មវិធីស្តារនីតិសម្បទាដែលត្រូវបានអនុវត្តដោយអង្គភាពពហុភ្នាក់ងារ មុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញទៅកាន់តំបន់ផ្សេងៗនៃប្រទេសឥណ្ឌូនេស៊ី។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងថា អាជ្ញាធរបាននិងកំពុងបង្ក្រាបសកម្មភាពខុសច្បាប់ក្នុងខេត្ត។ លោក ភារម្យ បានថ្លែងថា៖ «យើងមិនធ្វើអោយខកចិត្តនោះទេ ហើយយើងនឹងបន្តស៊ើបអង្កេតករណីដើម្បីស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់»។ លោកបានគូសបញ្ជាក់ថា វិធានការណ៍ប្រុងប្រយ័ត្នរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមមានការចុះល្បាតជាប្រចាំ និងកម្លាំងសន្តិសុខប្រចាំការនៅប៉ុស្តិ៍ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព។ “យើងក៏មានខ្សែទូរស័ព្ទបន្ទាន់ជាភាសាខ្មែរ ចិន និងអង់គ្លេស សម្រាប់ឲ្យទាក់ទងមកយើង ហើយយើងនឹងឆ្លើយតប។ យើងនឹងជួយ និងសង្គ្រោះជនរងគ្រោះរួមទាំងជនបរទេសគ្រប់ជាតិសាសន៍»។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានជួបជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជា នេត សាវឿន នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ ជាការឆ្លើយតបទៅនឹងសំណើរបស់ Marsudi លោក សាវឿន បាននិយាយថា ប៉ូលីសកម្ពុជាបានសន្យាថានឹងសហការយ៉ាងពេញលេញជាមួយភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះ មន្ត្រីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ និងវិធានការទប់ស្កាត់ករណីបែបនេះមិនឱ្យកើតឡើងវិញ។ ពួកគេក៏បានឯកភាពថា ក្រុមបច្ចេកទេសនៃកងកម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំនាពេលឆាប់ៗនេះ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតរួមគ្នា ជំនួយផ្នែកច្បាប់ទៅវិញទៅមក និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងប្រទេសទាំងពីរស្តីពីកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប៉ូលីសកម្ពុជាបានដោះលែងពលករឥណ្ឌូនេស៊ីចំនួន ៥៥ នាក់ ក្នុងចំណោម ៦២ នាក់ ដែលជាជនរងគ្រោះនៃការឆបោកការងារ ហើយត្រូវបានឃុំខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីចុងខែកក្កដា។

website_news/2022230806.txt · Last modified: 2022/08/23 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki