website_news:2022230902

ម៉ាឡេស៊ីបង្កើនការប្រយុទ្ធប្រឆាំងនឹងការឆរបោកការងារតាមអ៊ីនធឺណិតដោយបង្កើតគណៈកម្មាធិការដើម្បីដោះស្រាយបញ្ហានេះ

https://www.khmertimeskh.com/501156042//?p=1156042 Khmer Times September 22, 2022

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob បានឯកភាពបង្កើតគណៈកម្មាធិការមួយ ដើម្បីដោះស្រាយបញ្ហាប្រជាជនម៉ាឡេស៊ីដែលធ្លាក់ខ្លួនជាជនរងគ្រោះដោយសារការឆបោកការងារនៅបរទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា រដ្ឋមន្ត្រីមុខងារពិសេស Abd Latiff Ahmad បានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ ក្រសួងបានបន្តថា៖ «ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្ត្រីបានឯកភាពឱ្យមានគណៈកម្មការមួយ រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះអោយកាន់តែមានប្រសិទ្ធភាព»។ ក្រសួងបន្ថែមថា គិតត្រឹមថ្ងៃនេះ មានរបាយការណ៍សរុបចំនួន ៣០១ ករណីនៃជនជាតិម៉ាឡេស៊ី ដែលត្រូវបានបោកបញ្ឆោត ដោយសន្យាផ្តល់ការងារនៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និង កម្ពុជា។ ក្នុងចំណោមជនរងគ្រោះទាំង៣០១នាក់ មាន១៦៨នាក់ត្រូវបានគេជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ ។ ជនរងគ្រោះ ៣៤ នាក់ផ្សេងទៀត ត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំងអន្តោប្រវេសន៍ ហើយ ៩៩ នាក់ទៀតកំពុងត្រូវបានតាមរកដោយអាជ្ញាធរតាមបណ្តាប្រទេសទាំងនោះ។ ក្រសួងក៏បានឲ្យដឹងដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតម៉ាឡេស៊ីនៅរាជធានីភ្នំពេញ ជនរងគ្រោះចំនួន ១៥ នាក់ត្រូវបានជួយសង្គ្រោះពីកម្ពុជា។ ពួកគេបានមកដល់ទីក្រុងកូឡាឡាំពួរនៅម៉ោង១១និង៥០នាទីយប់ថ្ងៃទី២០ កញ្ញា។

Ismail បាននិយាយថា រដ្ឋាភិបាលកំពុងប្រើប្រាស់បណ្តាញដែលមានទាំងអស់ ដើម្បីជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីដែលត្រូវបានបោកបញ្ឆោត និងកំពុងត្រូវបានឃុំខ្លួននៅបរទេស។ លោកបានបន្តថា Latiff បានជួបជាមួយអង្គការមនុស្សធម៌អន្តរជាតិម៉ាឡេស៊ី (MHO) សមាគមថែទាំជនរងគ្រោះដោយសារឧក្រិដ្ឋកម្មម៉ាឡេស៊ី និងសមាជិកគ្រួសារជនរងគ្រោះជុំវិញបញ្ហានេះ។ ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា ជនរងគ្រោះដោយសារការបោកប្រាស់ការងារនៅកម្ពុជាចំនួន១៤៨ នាក់ត្រូវបានជួយសង្គ្រោះក្នុងចំណោម ១៥៨ នាក់ដែលត្រូវបានរាយការណ៍ និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសម៉ាឡេស៊ី។

ខ្មែរថាមស៍ បានដឹងថា អាចមានជនជាតិម៉ាឡេស៊ីជាច្រើនទៀត ដែលសម្រេចចិត្តជ្រើសរើសលាក់ខ្លួន ខណៈដែលពួកគេមិនស្ថិតនៅក្រោមការបង្ខិតបង្ខំ ហើយត្រូវបានគេរាយការណ៍ថាអាចរកប្រាក់ចំណូលបានច្រើនពីការងាររបស់ពួកគេ ទោះបីជាវាខុសច្បាប់ក៏ដោយ។ “ដោយសារអត្រាប្តូរប្រាក់ដុល្លារមានតម្លៃខ្ពស់ជាងរីងហ្គីតម៉ាឡេស៊ី គឺនេះបានទាក់ទាញមនុស្សជាច្រើនអោយសំងំលាក់ខ្លួន និងសមត្ថភាពរបស់ពួកគេក្នុងការបំពេញតាមតម្រូវចាំបាច់ នេះមានន័យថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។ មន្ត្រីសន្តិសុខម្នាក់ដែលដឹងខ្លះពីប្រតិបត្តិការបោកប្រាស់បានប្រាប់ខ្មែរថាមស៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារការបង្ក្រាបសកម្មភាពបែបនេះនៅកម្ពុជាកំពុងតែបន្ត ថា “បទល្មើសសន្តិសុខ (វិធានការពិសេស)ឆ្នាំ ២០១២ (SOSMA) វិធានការសន្តិសុខជាតិគួរតែត្រូវបានដាក់ប្រើប្រឆាំងនឹងជនបោកប្រាស់ ខណៈដែលមានជនជាតិម៉ាឡេស៊ីធ្វើដំណើរចូលមកកម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដើម្បីធ្វើការនៅក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទបោកប្រាស់នេះ។ ហើយប្រសិនបើ ជនបោកប្រាស់មិនត្រូវបានបញ្ឈប់ទេ ប្រាក់ដុល្លារអាមេរិកនឹងបន្តទាក់ទាញប្រជាជនម៉ាឡេស៊ីឱ្យទទួលយកការងារបែបនេះ ទោះបីជាពួកគេប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ”។

ច្បាប់ស្តីពីបទល្មើសសន្តិសុខ (វិធានការពិសេស) ឆ្នាំ២០១២ គឺជាច្បាប់មួយដែលត្រូវបានអនុម័ត “ដើម្បីផ្តល់វិធានការពិសេសទាក់ទងនឹងបទល្មើសសន្តិសុខ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ និងបញ្ហាពាក់ព័ន្ធផ្សេងៗ”។ ច្បាប់នេះគឺដើម្បីជំនួសច្បាប់សន្តិសុខផ្ទៃក្នុងឆ្នាំ១៩៦០ ដែលអនុញ្ញាតឱ្យមានការឃុំខ្លួនដោយគ្មានការជំនុំជម្រះរហូតដល់២ឆ្នាំ៕ FMT/Khmer Times

website_news/2022230902.txt · Last modified: 2022/09/23 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki