website_news:2022230904

ឯកអគ្គរាជទូតម៉ាឡេស៊ី ថ្លែងអំណរគុណ រាជរដ្ឋាភិបាល កម្ពុជា ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ពីការជួញដូរមនុស្ស

https://dap-news.com/national/2022/09/22/280962/ BySSP108Posted on September 22, 2022

ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានប្រកាសថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល កម្ពុជា ជួយសង្រ្គោះពលរដ្ឋរបស់ខ្លួន ពីការជួញដូរមនុស្ស នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នាសណ្ឋាគារណាហ្គាវើល១ នារាជធានីភ្នំពេញ។ លោកឯកអគ្គរាជទូត បានលើកឡើងថា ក្នុងយុទ្ធនាការជួយសង្រ្គោះរបស់អាជ្ញាធរកម្ពុជា គឺបានជួយសង្រ្គោះ ជនជាតិម៉ាឡេស៊ី ក្នុងចំណោមជនរងគ្រោះឯទៀត ប្រមាណ១៥៨នាក់។ បើតាមលោកទូត ជនរងគ្រោះ ប្រមាណ១៣៨នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនរួចរាល់អស់ហើយ នៅសល់ប៉ុន្មានទៀត នឹងត្រូវបញ្ជូន ឆាប់ៗខាងមុខនេះ។ លោក Eldeen បានលើកឡើង “ខ្ញុំសូមសម្តែងនូវការអរគុណដ៏ស្មោះអំពីខ្ញុំ ចំពោះសម្តេចប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯ.ក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសម្តេចក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ”។

លោកប្រមុខការទូតរូបនេះ ក៏ពន្យល់ផងដែរថា ការដែលពលរដ្ឋម៉ាឡេស៊ី ចាញ់បោកមេខ្យល់មកធ្វើការ នៅកម្ពុជា នោះក៏ព្រោះតែ ប្រទេសទើបបើកឡើងវិញ ក្រោយពីកូវីដ១៩ អ្នកខ្លះអត់លុយ អត់មានការងារធ្វើ ពេលគេ ប្រកាសផ្តល់ប្រាក់ខែ ២ ០០០ ទៅ ៣ ០០០ដុល្លារ ទោះគ្មានជំនាញក៏ដោយ តែពេលមកដល់ក៏ត្រូវចាញ់បោកគេ តែម្តងទៅ។ លោក Eldeen បានបន្តថា “ជាមួយនឹងការជួយពីរាជរដ្ឋាភិបាលកម្ពុជា ស្ថានទួតម៉ាឡេស៊ី បានចាត់ចែងជួយជនជាតិម៉ាឡេស៊ី ចំនួន ១៥៣នាក់ ដែលក្នុងនោះ ១៣៧នាក់ ត្រូវបានបញ្ជួនត្រឡប់ទៅកាន់ ប្រទេសកំណើតវិញ, ហើយនៅសល់១៦នាក់ទៀត ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍, ទូរលេខនេះ អាចនិយាយបានថា ជាកំរិតនៃកិច្ចសហប្រតិបតិ្តការ ដែលបានកើតឡើង រវាងយើងខ្ញុំ និងរដ្ឋាភិបាលកម្ពុជា”។ លោក ទូត បន្ថែមថា “យើងនឹងបន្តការធ្វើការជាមួយពួកគេ ដើម្បីធានាដោះស្រាយបញ្ហានៅក្នុងដៃ អោយរួចរាល់ទាំងអស់តែម្តង”។ យ៉ាងណាក៏ដោយ លោក ទូត ក៏បានស្នើ ឱ្យពលរដ្ឋម៉ាឡេស៊ី ទាំងអស់ដែលចង់មកធ្វើការនៅប្រទេសកម្ពុជា គឺត្រូវតែសាកសួរព័ត៌មានផ្លូវការ ពីក្រសួងការបរទេស ឬ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា មុននឹងសម្រេចចិត្ត មកធ្វើការ៕ ដោយ៖ សយ សុភា

website_news/2022230904.txt · Last modified: 2022/09/23 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki