website_news:2022231102

អង្គការ ៥ នឹងរៀបចំ “យុទ្ធនាកា ១៦ថ្ងៃ” ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្

រី https://www.kampucheathmey.com/local-news/417037 ថ្ងៃអង្គារ២២ វិច្ឆិកា ២០២២ដោយ អុន ស្រីមាន

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ អង្គការនារី ដើម្បីសន្តិភាព និងអង្គការដៃគូចំនួន៤ទៀត នឹងប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ៖ “រួមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី៖ ពីការយល់ដឹងឆ្ពោះទៅការអនុវត្ត”។ ពិធីនេះ នឹងប្រារព្ធនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១:៣០រសៀល។ យុទ្ធនាការ ១៦ថ្ងៃ គឺជាយុទ្ធនាការអន្តរជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយក៏ជាទិវាអន្តរជាតិក្នុងការលុបបំបាត់អំពើហឹង្សាលើស្រ្តី រហូតដល់ថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក៏ជាការអបអរសាទរក្នុងការតស៊ូមតិចំពោះសិទ្ធិស្ត្រី ព្រមទាំងធ្វើសេចក្តីថ្លែងការណ៍ជានិមិត្តរូបថា អំពើហិង្សាលើស្ត្រី គឺជាការរំលោភសិទ្ធិមនុស្ស។

យុទ្ធនាការនេះ នឹងមានជាកិច្ចពិភាក្សាជាក្រុម ការសម្តែងសិល្បៈ ការសម្តែងជាចម្រៀង និងមានការតាំងពិព័រណ៍ផងដែរ។ ចំពោះអង្គការ៤ទៀត ដែលជាដៃគូសម្រាប់ការប្រារព្ធយុទ្ធនាការនេះ មានដូចជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) អង្គការក្លាហាន អង្គការបន្ទាយស្រី និងគណៈកម្មាធិការ ដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)។ ព្រឹត្តិការណ៍នេះ គឺបើកទូលាយឱ្យសាធារណជនបានចូលរួមដោយសេរី ដើម្បីរួបរួមគ្នាបញ្ឈប់ និងលុបបំបាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី។ ប៉ុន្តែ យុទ្ធនាការនេះ តម្រូវឱ្យមានការចុះឈ្មោះជាមុនព្រោះកន្លែងមានកំណត់។ ចំពោះការចុះឈ្មោះ និងព័ត៌មានបន្ថែម លោកអ្នកអាចតាមដាននៅលើគេហទំព័រផ្លូវការរបស់អង្គការទាំង៥ខាងលើបាន៕ ដោយ៖ អុន ស្រីមាន

website_news/2022231102.txt · Last modified: 2022/11/23 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki