website_news:2022231103

កម្ពុជារំឭកអាមេរិកឲ្យបន្តបញ្ជូនពលរដ្ឋខ្មែរដែលមានទោសមកខ្មែរវិញ

https://www.rfi.fr/km//20221122-?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 22/11/2022 - 07:10

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកកន្លងទៅ លោកបានជជែកគ្នាអំពីរឿងបញ្ជូនពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញ ទោះបីជាកន្លងមកបញ្ហានេះត្រូវបានគេចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សក៏ដោយ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា លោកបានស្នើសុំអាមេរិកកុំឲ្យបញ្ជូនជនបរទេសលាយឡំជាមួយពលរដ្ឋខ្មែរមកកម្ពុជា ដោយសារតែកន្លងមក អាមេរិកបានចាប់បញ្ជូនមកកម្ពុជា ដោយទាំងជនជាតិឡាវ២នាក់ផងដែរ។

កិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក ទាក់ទងការទទួលយកពលរដ្ឋខ្មែរដែលប្រព្រឹត្តកំហុសជាប់ទោសនៅអាមេរិកត្រឡប់មកកម្ពុជាវិញ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថាមានរយៈពេល២០ឆ្នាំហើយ។ បើតាមលោក ហ៊ុន សែន ក្រោយពីមានកិច្ចព្រមព្រៀងនេះ មានពលរដ្ឋខ្មែរដែលប្រព្រឹត្តកំហុសជាប់ទោសនៅអាមេរិកខ្លះបានធ្វើអត្តឃាត និងខ្លះទៀតក៏ស្លាប់ ក្រោយដឹងថាខ្លួនត្រូវគេចាប់បញ្ជូនមកកម្ពុជា ខណៈឪពុកម្ដាយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក។ ត្រង់បញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា កម្ពុជាធ្លាប់បានស្នើអាមេរិកឲ្យពិនិត្យលើបញ្ហានេះដោយគិតពីមនុស្សធម៌ តែអាមេរិកមិនយល់ព្រមឡើយ ដោយចោទថាកម្ពុជាមិនមានកិច្ចសហការជាមួយខ្លួន។ មិនតែប៉ុណ្ណោះបញ្ហានេះ អាមេរិកក៏បានដាក់ទណ្ឌកម្មបិទទិដ្ឋការមកលើមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។ បើតាម លោក ហ៊ុន សែន នៅពេលលោកលើកបញ្ហានេះកាលជួបជាមួយលោក ចូ បៃឌិន មុនកិច្ចប្រជុំអាស៊ានកនក្លងទៅ ប្រធានាធិបតីអារិករូបនេះ ក្ដាប់បញ្ហានេះមិនបានទេ តែក្រោយពីមានមន្រ្តីរបស់គាត់សរសេរពន្យល់ទើបលោក ចូ បៃឌិន សន្យាថា នឹងបន្តដោះស្រាយបញ្ហានេះ។

ទាក់ទងទៅនឹងការចាប់បញ្ជូនពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិកឲ្យត្រឡប់មកកម្ពុជាវិញនេះ កន្លងមក អង្គការ ដែលធ្វើការងារលើបញ្ហានេះ និងរដ្ឋាភិបាលកម្ពុជា បានតវ៉ា និងចាត់ទុកថា វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ អង្គការទ្រទ្រង់ជនមាតុភូមិនិវត្តន៍សមាហរណកម្ម ឲ្យដឹងថា ខ្លួនបានទទួលពលរដ្ឋខ្មែរ ៥៥០នាក់ពីសហរដ្ឋអាមេរិកក្នុងពេល១៥ឆ្នាំចុងក្រោយនេះ ហើយជាការកត់សម្គាល់ឆ្នាំ២០១៨ មានការបណ្ដេញចេញច្រើនជាងគេបង្អស់ ពោលគឺមានពលរដ្ឋខ្មែររហូតដល់២០០នាក់ ដែលត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរដែលសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញនេះ គឺពួកគេភាគច្រើនជាអ្នកភៀសខ្លួនកាលពីសម័យសង្រ្គាម ដើម្បីសុំសិទ្ធិជ្រកកោននៅទីនោះ ចាប់តាំងពីពួកគេនៅវ័យកុមារភាព។ ប៉ុន្តែអ្នកខ្លះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅលើទឹកដីអាមេរិក និងត្រូវបានតុលាការរដ្ឋសហព័ន្ធនៃប្រទេសនេះ កាត់ទោសដាក់ពន្ធនាគាររួចហើយ មុននឹងត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក៕

website_news/2022231103.txt · Last modified: 2022/11/23 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki