website_news:2022231104

ពលករជួបជុំក្នុងចម្ការនៅភ្នំគូលែនបាត់បង់ការងារប្រាក់ខែល្អនៅក្រៅប្រទេស

https://www.khmertimeskh.com/501189719//?p=1189719 November 23, 2022

ក្រសួងការងារបានបញ្ជាក់ថា ការងាររបស់និយោជិកកម្ពុជាដែលបានបំពេញនៅប្រទេសជប៉ុននិង កូរ៉េជាង ៥០០ នាក់ត្រូវបានបំពេញរួចទៅហើយ ក្រោយពីពួកគេបានត្រលប់មកប្រទេសកម្ពុជាភ្លាមៗ ដើម្បីជួបជុំគ្នា គេចពី«ទឹកជំនន់ជន់លិចលោក» នៅចម្ការលោក ខឹម វាសនា នៅក្នុងខេត្តសៀមរាបកាលពីបីខែមុន។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍កាលពីថ្ងៃចន្ទថា វាពិតជាគួរឲ្យសោកស្តាយណាស់ដែលថា ពលករបច្ចុប្បន្នបានបាត់បង់ការងារធ្វើភ្លាមៗ ដើម្បីចូលរូមតាមការឃោសនារបស់លោក ខឹម វាសនា នាពេលកន្លងមក បើទោះបីជាពួកគេដឹងថា វាមិនអាចទៅរួចនោះឡើយ សម្រាប់ពួកគេក្នុងការត្រឡប់មក បំពេញការងារវិញ។ លោកនិយាយថា៖ « ព័ត៌មានដ៏អាក្រក់គឺថា គ្មានការរំពឹងទុកថា ពួកគាត់នឹងអាចត្រឡប់មក បំពេញការងារបានវិញនោះបានទេព្រោះ និយោជកបានជំនួសតួនាទីពួកគេទាំង ៥០០នាក់រួចហើយ ជាមួយនឹងពលករចំណាកស្រុកថ្មី ដូច្នេះពួកគេមិនអាចទៅរួចសម្រាប់កន្លែងចាស់របស់ពួកគេវិញបាននោះទេ»។

លោកបានបន្ថែមថា ពលករកម្ពុជាទាំងនោះបានបំពានកិច្ចសន្យាជាមួយនិយោជក និងរត់មកកម្ពុជាសម្រាប់ការជួបជុំនៅភ្នំគូលែនខេត្តសៀមរាប ។ ក្រសួងមិនអាចធានាការងាររបស់ពួកគាត់បានឡើយ ដោយសារពួកគាត់បានបំពានច្បាប់ការងារនៃប្រទេសទាំងពីរ ។ លោកបានបន្តថា៖ « ពួកយើងបានរៀបចំជួយពួកគាត់ ប៉ុន្តែយើងសូមបញ្ជាក់ថា ពួកគាត់បានបំពានច្បាប់ការងារ ហើយមិនអាចទៅរួចនោះឡើយដែលអាចឱ្យពួកគាត់វិលត្រលប់ទៅរកការងារចាស់វិញ ។ ជាលទ្ឋផលពួកយើងបានជំរុញនិយោជកដើម្បីបំពេញការងាររបស់ពួកគាត់ជាមួយពលករកម្ពុជាផ្សេងទៀត ។ ហើយការងារនោះបានបំពេញរួចរាល់អស់ហើយ»។ លោកបានបន្ថែមថា ទោះបីជាក្រសួងមិនអាចជួយអ្នកទាំង ៥០០នាក់នៅពេលបច្ចុប្បន្ននេះបាន ក្រសួងអាចជួយពួកគេ ប្រសិនបើមានការប្រកាសរើសការងារណាមួយដែលសក្តិសមនឹងប្រវត្តិរូបរបស់ពួកគាត់នៅពេលខាងមុខ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា មានមនុស្ស៣០០នាក់បន្ថែមទៀតបានចាកចេញពីការជួបជុំនៅគូលែនកាលពីថ្ងៃច័ន្ទ បន្ទាប់ពី ២០០នាក់បានចាកចេញមុននោះដើម្បីស្វែងរកការងារធ្វើ។ លោកមានប្រសាសន៍ថា៖ « ពេលពួកគាត់ចាកចេញពីចំការ ពួកគេមើលទៅមានទឹកមុខបង្ហាញការខាតបង់ និងអស់សង្ឃឹម បន្ទាប់ពីបាត់បង់ការងារនៅកូរ៉េខាងត្បូង និងជប៉ុន ដោយសារសកម្មភាពពួកគេមកជួបជុំនៅកសិដ្ឋាន»។

ការជួបជុំថ្ងៃ «គេចពីទឹកជំនន់លិចលោក» ត្រូវបានរៀបចំដោយដោយប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែលបានអះអាងថាទឹកជំនន់ដ៏សាហាវនឹងវាយប្រហារពិភពលោក ហើយមានតែចម្ការរបស់លោកនៅខេត្តសៀមរាប ដែលនឹងមានសុវត្ថិភាព។ ដំបូងលោកបានព្យាករណ៍ថា រឿងនេះនឹងកើតឡើងនៅក្នុងខែសីហាហើយបន្តផ្លាស់ប្តូរកាលបរិច្ឆេទជាបន្តបន្ទាប់ ហើយនៅតែមិនមានអ្វីកើតឡើងរហូតមកដល់ថ្ងៃនេះ។ សមាជិកក្រុមការងារ LDP លោក កឹម ឆៃឌី អាយុ ៤៤ឆ្នាំបានឲ្យដឹងថា ខណៈការរងចាំថ្ងៃវិនាសមកដល់កើតឡើង អ្នកមកជួបជុំខ្លះបានចាកចេញជាបណ្តើរដោយសារហេតុផលផ្ទាល់ខ្លួនពិសេស គឺស្វែងរកការងារធ្វើដើម្បីគាំទ្រជីវភាពរបស់ពួកគេ។ លោកថា៖ « ពួកយើងបានស្នើសុំរដ្ឋាភិបាលជួយអ្នកដែលអត់ការងារធ្វើនៅកូរ៉េខាងត្បូងនិងជប៉ុនដោយសារការចាកចេញពួកគេមកជួបជុំនៅចំការ។ ពួកគេបច្ចុប្បន្នពិបាកណាស់ដោយសារពិបាករកការងារធ្វើ»។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់និយាយថា ទោះបីជាពលករចាកចេញពីការងារដោយខុសច្បាប់ ក៏ដោយ ក៏ក្រសួងគួរតែត្រួតពិនិត្យមើលករណីពួកគេជាបុគ្គលម្នាក់ៗ។ លោកថា៖ « ក្រសួងគួរតែពិភាក្សាឲ្យជិតស្និទ្ឋជាមួយនិយោជកថា តើពួកគេបានស្នើសុំការអនុញ្ញាតមុនឬយ៉ាងណា។ យ៉ាងណាក៏ដោយប្រសិនបើពួកគេបំពានកិច្ចសន្យា វាពិបាកក្នុងការជួយពួកគេទៅរកការងារចាស់វិញ»៕ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2022231104.txt · Last modified: 2022/11/23 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki