website_news:2022231202

កម្ពុជា ដាក់ចេញវិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស

https://www.kampucheathmey.com/local-news/435360 ថ្ងៃព្រហស្បតិ៍ ២២ ធ្នូ ២០២២ដោយ KC Virak

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស នៅប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យ។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំកម្មវិធីបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស” នៅខេត្តកណ្តាល នាថ្ងៃទី២១ ធ្នូនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា វិធានការចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្សមាន ទី១ គឺការបង្ការ និងទប់ស្កាត់កុំឱ្យមានអំពើជួញដូរមនុស្សកើតមានឡើង ទី២ ពង្រឹងយុត្តិធម៌ច្បាប់ និងការដាក់ទោសដល់ជនល្មើស ទី៣ កិច្ចការពារជនរងគ្រោះ និងទី៤ បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា៖ “ក្នុងចំណោមវិធានការទាំង៤នេះ គឺវិធានការបង្ការ និងទប់ស្កាត់ គឺមានប្រសិទ្ធភាពជាងគេ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវរួមគ្នារកដំណោះស្រាយបង្កាទប់ស្កាត់អំពើជួញដូរមនុស្ស កុំឱ្យកើតមាន ដើម្បើធ្វើឱ្យបទល្មើសនេះមានការថយចុះជាលំដាប់ ឈានទៅរកការលុបបំបាត់បានទាំងស្រុង ដោយទាមទារឱ្យយើងត្រូវរកវិធីសាស្រ្ត និងវិធានការរួមគ្នាដែលមានប្រសិទ្ធភាពក្នុងការអនុវត្ត”។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ថែមថា សិក្ខាសាលានេះផ្តោតសំខាន់គឺ ចង់ឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ធ្វើការចែករំលែកព័ត៌មានពិតពីគ្នាទៅវិញទៅមក ពីព្រោះមានតែព័ត៌មានពិតច្បាស់លាស់ទេទើបអាចដោះស្រាយបញ្ហាបាន។ ជាពិសេសយើងត្រូវរកមូលហេតុដែលជាឬសគល់នៃបញ្ហារបស់បទល្មើសជួញដូរមនុស្សឱ្យឃើញ ហើយរួមគ្នាលុបបំបាត់ឫសគល់បញ្ហាឱ្យអស់ នោះអំពើជួញដូរមនុស្សនឹងមិនអាចកើតមានឡើងបានឡើយ។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរលមនុស្ស រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ផ្លូវភេទ ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើ ចំណាកស្រុកដោយប្រថុយប្រថាននៅក្នុងក្រុង ស្រុកទាំង១១ ចំនួន ១១ លើក មានអ្នកចូលរួម ចំនួន ២ ៩៤៣ នាក់ ដោយឡែកក្រុមការងារថ្នាក់ក្រុង ស្រុក បានប្រជុំផ្សព្វផ្សាយបានចំនួន ៨ ០៦២ លើក៕អត្ថបទ៖ សំអឿន

website_news/2022231202.txt · Last modified: 2022/12/23 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki