website_news:2022231203

កុមាររងអំពើបៀតបៀនតាមអនឡាញ ស្វែងរកជំនួយពីលេខទូរស័ព្ទ ១២៨០ មានការកើនឡើង

https://www.postkhmer.com/national/2022-12-21-1903-245059.html ហុង រស្មី | Publication date 21 December 2022 | 19:03 ICT

ភ្នំពេញ: កុមារតូចៗរហូតដល់យុវជនវ័យក្រោម ២៥ ឆ្នាំ បានរាយការណ៍ទៅកាន់លេខទូរស័ព្ទ ១២៨០ ជាបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា អំពីអំពើបៀតបៀនតាមអនឡាញក្នុងឆ្នាំ ២០២២ នេះមាន ១៥ ករណី ដែលមានការកើនឡើងគួរឱ្យបារម្ភក្នុងសម័យបច្ចេកវិទ្យារីកចម្រើននេះ។ ១៥ ករណី ដែលរួមមានអំពើរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ (Online Child Sexual Exploitation and Abuse) មាន ៥ ករណី ហើយការបៀតបៀនតាមអ៊ីនធឺណិត (Cyber Bulling) មាន ១០ ករណី ត្រូវបានកត់ត្រាដោយអង្គការតែមួយគិតត្រឹមថ្ងៃទី ២០ ខែធ្នូឆ្នាំ២០២២។ វាជាអង្គការទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) ផ្តល់សេវាពិគ្រោះយោបល់ ផ្តល់ព័ត៌មានអប់រំ និងសេវាបញ្ជូនបន្ត តាមរយៈលេខទូរស័ព្ទ ១២៨០ (ឥតគិតថ្លៃ) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយអង្គការអន្ដរជាតិធំៗចំនួន១១ ដូចជា UNICEF, PLAN, Save the Children ជាដើម។

លោក ស៊ាង សុខថៃ នាយកប្រតិបត្តិអង្គការទូរស័ព្ទជំនួយកុមារកម្ពុជា បាននិយាយថា៖ «ជនល្មើសព្យាយាមបង្កើតទំនាក់ទំនងជាមួយក្មេងៗតាមអនឡាញ ដោយឱ្យជាកាដូ កាតទូរស័ព្ទ លុយកាក់ និងលួងលោមក្នុងបំណងនៃការរួមភេទ។ ករណីខ្លះ បទល្មើសផ្ញើជាវីដេអូអាសអាភាសតាមអនឡាញឱ្យក្មេងមើល ហើយមួយទៀតពាក់ព័ន្ធនឹងការរំលោភបំពានក្មេងតាមអនឡាញតែម្ដង»។ លោកបានពន្យល់ថា បុគ្គលល្មើសថតជាវីដេអូសម្រេចកាមខ្លួនឯង រួចផ្ញើទៅកាន់ក្មេង ដើម្បីឱ្យមានអារម្មណ៍ផ្លូវភេទជាមួយរូបគេ។ នេះជាករណីហៅថា Online Child Sexual Exploitation and Abuse ដែលកុមារមិនត្រូវបានអនុញ្ញាតឱ្យពាក់ព័ន្ធរឿងទាំងអស់នេះទេ។ លោកសុខថៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការបៀតបៀនតាមអ៊ីនធឺណិត (Cyber Bulling) ជាករណីផ្សេងទៀតដែលទាក់ទងការចែករំលែកវីដេអូ ឬរូបភាពក្មេងអាក្រាត ហើយក៏មានការណីបៀតបៀន (Harassment) ផ្លូវភេទតាមអនឡាញ ក៏ដូចជាការគំរាមបង្ហោះរូបអាសអាភាសរបស់ក្មេងតាមរយៈការលួងលោមសុំរូប រួចធ្វើការគំរាមយកលុយ»។

របាយការណ៍កាលពីឆ្នាំកន្លងមក អំពើរំលោភបំពានតាមអនឡាញ មានត្រឹមតែ ១ ឬ ២ ករណីប៉ុណ្ណោះ ខណៈបញ្ហាបំពានគ្នានៅលើបណ្ដាញអ៊ីនធឺណិត ឬ Cyber Bullying មាន ៥ករណី ក្នុងឆ្នាំ២០២១។ យ៉ាងណា មិញ លោក សុខថៃ បានអះអាងថា វាមិនមែនមានន័យថា កន្លងមកមិនមានបញ្ហានេះកើតមាននោះទេ តែកម្រមានការខលសុំជំនួយទាំងករណីបៀតបៀនតាមអ៊ីនធឺណិត និងអំពើរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។ អំឡុងពេលប្រតិបត្ដិការរយៈពេល ១៥ ឆ្នាំមកនេះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលហៅទូរស័ព្ទមកកាន់ Helpline ១២៨០ នេះ មានការវិវត្ដទៅតាមកាលវេលា។ នាយកប្រតិបត្ដិអង្គការ បានឱ្យដឹងថា ឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ វាចាប់ផ្ដើមផ្ទុះបញ្ហាក្មេងស្រីរៀបការទៅចិន ហើយក្រោយមកចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ វាកើតចេញជារឿងរំលោភបំពានតាមអនឡាញ ដោយក្មេងៗបៀតបៀនគ្នា ហៅគ្នាថតរូបអាសអាភាសដើម្បីយកទៅគំរាមគ្នា។

លោកអះអាងថា៖ «ថ្មីៗនេះ វាផ្ទុះរឿងលេងហ្គេមអនឡាញ ដោយការចាប់ជំរិតគ្នា និងលាងលុយកខ្វក់ផ្សេងៗ។ បញ្ហាទាំងអស់នេះសុទ្ធតែទាក់ទងយុវជន»។ ថ្វីដ្បិតតែលេខជំនួយនេះជាលេខខ្លីដូចគ្នា ដូចជា លេខប៉ូលិស ១១៧ លេខពេទ្យ ១១៩ និង ១១៥ ហើយលេខរបស់ប៉ូលិសប្រឆាំងការជួញដូរ ១២៨៨ ជាប្រភេទបណ្ដាញសង្គមផ្ដល់សេវាបន្ទាន់ តែលេខ Helpline ១២៨០ គ្រាន់តែជាទូរស័ព្ទជំនួយ។ លោកបានបញ្ជាក់ថា៖ «លេខរបស់រដ្ឋទាំងអម្បាលមានខាងលើជាលេខតម្រូវដោយច្បាប់ អាចធ្វើអន្ដរាគមន៍ភ្លាមៗ និងមានសិទ្ធិចូលចាប់ចងជនល្មើស [តាមដិការ] ដល់ក្នុងផ្ទះភ្លាមៗ។ ប៉ុន្ដែខាង Helpline ១២៨០ គ្រាន់តែផ្ដល់ការគាំទ្រផ្លូវចិត្ដ ផ្ដល់ការពិគ្រោះយោបល់ដោយមានវិជ្ជាជីវៈ និងផ្ដល់ព័ត៌មាន ក៏ដូចជាបញ្ជូនបញ្ហាណាមួយទៅកាន់អាជ្ញាធរ ឬអង្គការសង្គមស៊ីវិល ហើយបុគ្គលិកយើងមិនត្រូវបានអនុញ្ញាតឱ្យចុះអន្ដរាគមន៍នៅក្នុងផ្ទះពលរដ្ឋបានទេ»។

របាយការណ៍ឆ្នាំ ២០២១ និងឆ្នាំ ២០២២ បញ្ហាផ្លូវចិត្ដសង្គមចំនួន ៦៧០នាក់ បញ្ហាទំនាក់ទំនងក្នុងគ្រួសារ មាន ២០៦ នាក់ សម្រាប់របាយការណ៍ឆ្នាំ២០២២ ហើយឆ្នាំ២០២១ វិបត្ដិសុខភាពផ្លូវចិត្ដ (Mental health) មានចំនួនរហូតដល់ ៧៧៩ករណី និងបញ្ហាក្នុងគ្រួសារ ដែលកើតពីការអន់ចិត្ដ ខិងសម្បា ឬសម្ពាធគ្រួសារ មានត្រឹម ១២៤ករណី។ ខណៈបញ្ហាធំទី២ក្នុងឆ្នាំ២០២១ គឺអំពើហិង្សាទូទៅ ជាជម្លោះរវាងមនុស្សធំ និងហិង្សាផ្សេងៗ មានចំនួន ១៣៥ករណី អំពើហិង្សាក្នុងគ្រួសារកើតឡើងច្រើនជាងគេ ដែលមាន ៤៦ ករណី អំពើហិង្សាលើកុមារ មាន ៣៧ករណី សម្រាប់របាយការណ៍ឆ្នាំ២០២២ ហើយនៅមានការជួញដូរមនុស្ស ៣ ករណី បញ្ហាក្មេងបម្រើផ្លូវភេទក្នុងវិស័យទេសចរណ៍មាន ៤ ករណី និងកុមារមានសារធាតុញៀនចំនួន ៦ នាក់ទៀត។

លោក សុខថៃ បានឱ្យដឹងថា៖ «នៅឆ្នាំ២០២២ នេះ បញ្ហានៅសាលារៀនមាន ៨០ នាក់ ដែលជាការដាក់ពិន័យលើរាងកាយ ឈ្លោះជាមួយគ្រូ ពិបាករៀន ពិបាកផ្ចង់អារម្មណ៍ ពិបាកជ្រើសរើសមុខវិជ្ជាសិក្សា បញ្ហាក្មេងបោះបង់ចោលការសិក្សា ខ្វះខាតសម្ភារសិក្សា និងផ្ទះនៅឆ្ងាយ រួមទាំងក្មេងគេចសាលា។ នេះ មានចំនួន ៨៩ ករណីក្នុងឆ្នាំ២០២១»។ លោកបន្ដថា៖ «ជាទូទៅ យើងព្យាយាមប៉ាន់ប្រមាណលើបញ្ហារបស់ពួកគាត់ ហើយបើសិនជាពួកគាត់មានតម្រូវការមូលដ្ឋានណាមួយដែលត្រូវការជាធនធាន និងសម្ភារ យើងបញ្ជូនពួកគាត់ទៅអង្គការដៃគូដែលធ្វើការលើផ្នែកអប់រំ»។ ឆ្នាំ២០២២ នៅមានក្មេងបាត់ខ្លួន ៥ ករណី អំពើហិង្សាលើស្ដ្រី មាន ៤៨ ករណី ហើយក្រៅពីនោះ អ្នកហៅទូរស័ព្ទចូលមក ១២៨០ ដើម្បីសាកសួរព័ត៌មានអំពីបញ្ហាសុខភាព សេវាអង្គការដទៃ ចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងពាក់ព័ន្ធពលកម្មកុមារផ្សេងៗ មាន ៤ពាន់ករណី។ ចំណែកឯរបាយការណ៍ឆ្នាំ ២០២១ អំពើរំលោភបំពានផ្លូវភេទ មាន ៣៨ករណី ហើយបញ្ហារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងចំនួន ៦ករណី។

នាយកប្រតិបត្តិអង្គការលោក សុខថៃ បានលើកឡើងថា អំឡុងឆ្នាំ២០២១ ប្រជាជនខ្លះ ដែលមិនបានទាក់ទងទៅលេខបន្ទាន់របស់ក្រសួងសុខាភិបាល ១១៥ ក៏បានតេចូល Helpline ១២៨០ ដែលរាយការណ៍ពីការឆ្លងជំងឺកូវីដចំនួន ៤៥ ករណី។ ការហៅទូរស័ព្ទចូលខ្ពស់ជាងគេ គឺការសាកសួរព័ត៌មានអំពីប្រធានបទផ្សេងៗ មាន ៥ ៦៣៣ ករណី។ លោកបានប្រាប់ថា៖ «យើងបញ្ជូនបន្ដទៅកាន់ស្ថាប័នជំនាញ និងពាក់ព័ន្ធ វាអាស្រ័យទៅលើករណីដែរ។ ជាក់ស្ដែង វាជាអំពើហិង្សាក្នុងគ្រួសារដែលជនរងគ្រោះអាយុចាប់ពី ១៨ ឆ្នាំឡើង យើងត្រូវមានការឯកភាពពីគាត់ក្នុងការបញ្ជូនករណីនេះបន្ដទៅស្ថាប័នជំនាញ។ បើគាត់មិនស្ម័គ្រចិត្ដ ឬយល់ព្រម យើងក៏មិនអាចបញ្ជូនករណីរបស់គាត់បន្ដបានឡើយ»។ ជាទូទៅ បញ្ហាត្រូវបានបញ្ជូនបន្ដមានចន្លោះពី ៥០ ទៅ ៧០ករណី ដូចជា ការបញ្ជូនទៅកាន់ស្ថាប័នប៉ូលិសឱ្យចុះជួយអន្ដរាគមន៍ ឬតម្រូវការសេវាផ្លូវច្បាប់ទៅស្ថាប័នដៃគូ ខណៈបញ្ហាបញ្ជូនបន្ដឆ្នាំ២០២២ មានត្រឹម ២០ ករណី។លោកបានអះអាងថា៖ «ចំពោះករណីជនរងគ្រោះអាយុលើសពី ១៨ ឆ្នាំដែលមិនព្រមឱ្យយើងបញ្ជូនរឿងរបស់ពួកគេទៅកាន់អាជ្ញាធរ យើងនៅតែបញ្ជូន មានន័យថា យើងជាស្ថាប័នមួយដែលរំលោភសិទ្ធិមនុស្សខ្លួនឯង»។

ចំពោះករណីរំលោភបំពានលើក្មេងអាយុក្រោមអាយុ ១៥ឆ្នាំ ដែលខលមករកជំនួយ សំណុំរឿងរបស់ពួកគេត្រូវតែបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតបន្ដ ទោះកុមារនោះមិនស្ម័គ្រចិត្ដក៏ដោយ។ លោកនិយាយថា៖ «ទោះបីជាគាត់មិនឱ្យយើងបញ្ជូនសំណុំរឿងនេះទៅស្ថាប័នជំនាញយ៉ាងណាក៏ដោយក៏យើងត្រូវតែបញ្ជូន ដោយសារនៅក្នុងច្បាប់ក្រមព្រហ្មទណ្ឌតម្រូវឱ្យស្ថាប័នធ្វើការជាមួយក្មេង ត្រូវដឹងថា វាជារឿងពិត យើងត្រូវតែបញ្ជូន ដើម្បីឱ្យសមត្ថកិច្ចស៊ើបអង្កេតបន្ដ និងចាប់ខ្លួនជនបង្ក»។ លោកបន្ថែមថា៖ «ពាក់ព័ន្ធការរួមភេទចំពោះបុគ្គលអាយុលើស ១៥ឆ្នាំ យើងត្រូវពិភាក្សាជាមួយគាត់សិនថា តើករណីនេះជាការចាប់បង្ខំ ឬរំលោភឬក៏អត់ ?»។

ករណីបញ្ជូនបន្ដដ៏ស្មុគស្មាញ ស្ដ្រីជាម្ដាយ មានកូនស្រីតូចដែលបានអះអាងថា ត្រូវបានឪពុកធំចាប់រំលោភតាំងពីអាយុ ៣ ឆ្នាំ បាននិយាយដោយសុំមិនបញ្ចេញអត្ដសញ្ញាណថា កូនស្រីរបស់អ្នកស្រីតែងតែចង្អុលមុខជនបង្កជាអ៊ំបង្កើត នៅពេលម្ដាយដឹងថា ប្រដាប់ភេទកូនស្រីតូចមានបញ្ហា។ អ្នកស្រី បានឱ្យដឹងថា អ្នកស្រីបានប្រាប់ហេតុការណ៍នេះដល់ស្វាមី និងម្ដាយក្មេកដែលរួមរស់នៅផ្ទះជាមួយគ្នា។ ប៉ុន្ដែគ្មាននរណាជឿ និងបានចោទអ្នកស្រីថា បានធ្វើបាបកូនស្រីខ្លួនឯងដើម្បីចោទប្រកាន់បងថ្លៃ។ ស្ដ្រីដែលត្រូវបានស្វាមីនិងសាច់ញាតិខាងស្វាមីបណ្ដេញចេញពីផ្ទះរូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំបានប្ដឹងដល់អាជ្ញាធរ រួចបន្ដទូរស័ព្ទទៅលេខជំនួយ ១២៨០ និងអង្គការអាដហុកថែមទៀត។ ប៉ុន្ដែគិតមកដល់ពេលនេះ វាមានរយៈពេលជាង១ឆ្នាំហើយ ហើយខាងអង្គការដែលបានជួយជាមេធាវីក៏មិនមានចម្លើយអំពីករណីនេះដែរ ដោយសារពួកគេនិយាយថា វាធ្លាក់ទៅដល់ដៃតុលាការហើយ»។

អ្នកស្រី បានបន្ថែមថា អ្នកស្រីចង់បានយុត្ដិធម៌ និងមិនចង់ឱ្យកូនស្រីតូចមានដំបៅផ្លូវចិត្ដនៅពេលធំដឹងក្ដីនោះទេ។ ដូច្នេះ អ្នកស្រីចង់ឱ្យបណ្ដឹងនេះត្រូវបានដោះស្រាយឆាប់ចប់។ អំពើរំលោភបំពានផ្លូវភេទមានការកើនឡើងអំឡុងពេលបិទខ្ទប់រំឭកដល់កាលគ្រាបិទខ្ទប់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ចំនួនទូរស័ព្ទហៅចូលមានការកើនឡើងទាំងខ្សែបណ្ដាញរបស់រដ្ឋ និងសង្គមស៊ីវិល។ ដូចគ្នានេះ អង្គការ ទូរស័ព្ទជំនួយកុមារកម្ពុជា ១២៨០ ក៏មានការកើនឡើង ដោយទូរស័ព្ទតែងតែរោទ៍ជាប់ជានិច្ច ដែលភាគច្រើនសម្ដែងការបារម្ភ ភ័យខ្លាច និងអស់ស្បៀងជាដើម។

លោក សុខថៃ បាននិយាយថា៖ «ទាក់ទងបញ្ហានេះ អ្នកជំនាញពិគ្រោះយោបល់ព្យាយាមផ្ដល់ប្រឹក្សាឱ្យពួកគាត់រក្សាចិត្ដឱ្យស្ងប់ ហើយយើងបញ្ជូនពួកគាត់ទៅរកគណៈកម្មការស្បៀងនៅក្នុងពេលបិទខ្ទប់។ អ្នកហៅទូរស័ព្ទមកសុទ្ធតែទទួលបានការផ្ដល់ប្រឹក្សាផ្លូវចិត្ដ និងថែទាំសុខភាពអំឡុងពេលផ្ទុះជំងឺរាតត្បាត ក៏ដូចជាជំរុញឱ្យទៅចាក់វ៉ាក់សាំង»។ ក្រោយបញ្ចប់ការបិទខ្ទប់ និងបើកប្រទេសឡើងវិញ ចំនួនការហៅទូរស័ព្ទ Helpline ក៏នៅមានច្រើន គ្រាន់តែផ្លាស់ប្ដូរទិសដៅទៅរកបញ្ហាសុខភាពបន្ដពូជ វិបត្ដិផ្លូវចិត្ដ ដែលកើតចេញពីបញ្ហាហិរញ្ញវត្ថុគ្រួសារ អំពីហិង្សា និងការរំលោភបំពាន។ យ៉ាងណាមិញ បញ្ហារំលោភបំពានផ្លូវភេទអំឡុងឆ្នាំ២០២១ មាន ៣៨ករណី ខណៈអំឡុងពេលបិទខ្ទប់នៃឆ្នាំ២០២០ អំពើរំលោភបំពានផ្លូវមានរហូតដល់ ៤៨ករណី។

មិនខុសពីមុនកូវីដ ១៩ ចំនួនការហៅទូរស័ព្ទមានប្រមាណ ៣ ០០០ដងក្នុង១ខែដដែល តែមាននិន្នាការផ្លាស់ប្ដូរមួយគឺក្មេង និងយុវជន ចេះប្រើបណ្ដាញសង្គម ជាមួយសារជាសំឡេង និងការសរសេរជាអក្សរ។ ដូច្នេះ ពួកគាត់ប្រើប្រាស់ទាំងបណ្ដាញទូរស័ព្ទ និងបណ្ដាញសង្គម។ លោក សុខថៃ បានបន្ដថា៖ «បញ្ហាច្រើនជាងគេ គឺវិបត្ដិផ្លូវចិត្ដ ស្ដ្រេស ជាកត្ដាទទួលសម្ពាធពីគ្រួសារ ដោយសារគ្រួសាររងសម្ពាធបន្ដ ដូចជា ជំពាក់បំណុលធនាគារ។ អំពើហិង្សាលើកុមារ ជាពិសេស ក្មេងស្រី និងស្ដ្រី បញ្ហារឿងបំលោភបំពាន ហើយក្រៅពីនេះ ពួកគាត់សាកសួរព័ត៌មានសុខភាពផ្លូវចិត្ដ សុខភាពរាងកាយ ការសិក្សា និងការងារប្រចាំថ្ងៃ»៕

website_news/2022231203.txt · Last modified: 2022/12/23 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki